ជាតិ
សេដ្ឋកិច្ច
SME របស់កម្ពុជា នឹងអាចលក់ផលិតផលតាមអនឡាញទៅទីផ្សារអន្តរជាតិ
× ភ្នំពេញ៖ សម្ព័ន្ធសមាមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នឹងជួយជ្រោមជ្រែងសមាជិករបស់ខ្លួនឲ្យអាចដាក់លក់ផលិតផលរបស់ខ្លួននៅលើគេហទំព័រថ្មីមួយ បន្ទាប់ពី FASMEC បានប្រកាសពីកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនពហុផលិតផល Sram & Mram ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
អនុស្សារណៈនៃការយោគយល់គ្នា (MOU) ស្ដីពីការជំរុញផលិតផលខ្មែរចូលទៅក្នុងទីផ្សារពិភពលោក ត្រូវព្រមព្រៀងរវាង FASMEC របស់កម្ពុជា និងក្រុមហ៊ុន Sram & Mram Resources Limited នៅថ្ងៃទី១៣ខែមិថុនា។
លោក តែ តាំងប៉ ប្រធាន FASMEC មានប្រសាសន៍ថា កិច្ចសហការនេះមានគោលបំណងអភិវឌ្ឍន៍គេហទំព័រ«smexasean.com» ដើម្បីភ្ជាប់ផលិតផលខ្មែរទៅនឹងទីផ្សារក្នុងតំបន់។ លោក តែ តាំងប៉ ត្រូវបានស្រង់សំដីដោយកាសែតភ្នំពេញប៉ុស្តិ៍យ៉ាងដូច្នេះថា៖«សមាជិករបស់យើងឆាប់ៗនេះ នឹងមានគេហទំព័រមួយដើម្បីបង្ហាញ និងលក់ផលិតផលរបស់ពួកគេតាមនីតិវិធីកាន់តែងាយស្រួល និងចំណាយតិច ដើម្បីឲ្យទៅដល់អតិថិជនជាទិសដៅនៅទីផ្សារអន្តរជាតិ។
ក្រៅពីកម្ពុជា ក្រុមហ៊ុន Sram & Mram បានសហការជាមួយសមាគម SME នៅបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន។ ប្រធាន និងជាស្ថាបនិកក្រុមហ៊ុន Sram & Mram Resources លោក Sailesh Lachu Hiranandani បានឲ្យដឹងនៅលើសេចក្ដីប្រកាសព័ត៌របស់ខ្លួនថា៖«យើងមានគោលដៅប្រមូលផ្ដុំ SME ឲ្យស្ថិតក្រោមដំបូលតែមួយ តាមរយៈការផ្ដល់ភាពចាំបាច់ដល់សកម្មភាពអាជីវកម្មរបស់ពួកគេ ដោយពុំបាច់បារម្ភអំពីការស្វែងរកអ្នកទិញ ឬអ្នកលក់៕
© រក្សាសិទ្ធិដោយ thmeythmey.com