អន្តរជាតិ
អេ​ស្ប៉ា​ញ​ជួយសង្គ្រោះ​ជន​ចំណាកស្រុក​ជាង​៩០០​នាក់​នៅក្នុង​សមុទ្រ​មី​ឌី​ទែ​រ៉ា​ណេ​
17, Jun 2018 , 7:59 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ដោយ: VOA
​ឆ្មាំ​ការពារ​ដែនសមុទ្រ​ប្រទេស​អេ​ស្ប៉ា​ញ​បាន​និយាយថា ខ្លួន​បាន​ជួយសង្គ្រោះ​ជន​ចំណាកស្រុក​ជាង​៩៣០​នាក់ ហើយ​បាន​រកឃើញ​សាកសព​មនុស្ស​ស្លាប់​៤​នាក់​ទៀត​កាលពី​ថ្ងៃ​សុក្រ​និង​សៅរ៍​នៅក្នុង​សមុទ្រ​មី​ឌី​ទែ​រ៉ា​ណេ​។​



​អេ​ស្ប៉ា​ញ​ជា​ប្រទេស​ដែល​ត្រៀមខ្លួន​សម្រាប់​ការមកដល់​របស់​កប៉ាល់​ជួយសង្គ្រោះ Aquarius ហើយ​ការជួយ​សង្គ្រោះ​ជន​ចំណាក់ស្រុក​នេះ​បាន​ក្លាយជា​ជម្លោះ​ដ៏​ខ្លាំង​មួយ​នៅក្នុង​សហភាព​អឺរ៉ុប ថា​តើ​ត្រូវ​ដោះស្រាយ​វិបត្តិ​ជន​ចំណាកស្រុក​នេះ​យ៉ាងដូចម្តេច​។​

​ឆ្មាំ​ការពារ​ដែនសមុទ្រ​ក៏បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ខ្លួន​បាន​ជួយសង្គ្រោះ​មនុស្ស​៥០៧​នាក់​មកពី​ទូក​ខ្យល់​តូចៗ​ចំនួន​៥៩​នៅ​ច្រក​សមុទ្រ Gibraltar ដែល​នៅ​ទីនោះ​ឆ្មាំ​ការពារ​ដែនសមុទ្រ​ក៏បាន​រកឃើញ​សាកសព​មនុស្ស​៤​នាក់​ដែរ​។​

​ក្នុងខណៈ​នោះដែរ ប្រទេស​បារាំង​បាន​សុខចិត្ត​ទទួលយក​ការស្នើសុំ​មកពី​ប្រទេស​អេ​ស្ប៉ា​ញ​ដើម្បី​យក​ជន​ចំណាកស្រុក​ខ្លះ​ដែលមាន​ចំនួន​រាប់រយ​នាក់​នៅលើ​កប៉ាល់​ជួយសង្គ្រោះ Aquarius ដែល​នៅពេល​បច្ចុប្បន្ននេះ​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អេ​ស្ប៉ា​ញ​បន្ទាប់ពី​រដ្ឋាភិបាល​ប្រជា​និយម​ថ្មី​របស់​អ៊ីតាលី​និង​ប្រទេស​ម៉ា​ល់ត៍ បានប្រកែក​ពុំ​អនុញ្ញាត​ឲ្យ​កប៉ាល់​នោះ​ចត​នៅ​កំពង់ផែ​របស់ខ្លួន​ទៀត​ទេ​។​

​បន្ទាប់ពី​ប្រទេស​ម៉ា​ល់ត៍​បានប្រកែក អេ​ស្ប៉ា​ញ​បានស្នើ​ឲ្យ​មានការ​ទទួលយក​ជន​ចំណាកស្រុក​នេះ​។​

​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​សៅរ៍​ថា ប្រទេស​បារាំង​បាន​សុខចិត្ត​ទទួលយក​សំណើ​មកពី​រដ្ឋាភិបាល​ក្រុង​ម៉ា​ឌ្រី​ដ​ដើម្បី​ទទួលយក​ជន​ចំណាកស្រុក​ដែល​ប៉ងប្រាថ្នា​ទៅ​ប្រទេស​បារាំង ហើយ​និង​ជន​ណា​ដែលមាន​លក្ខណៈសម្បត្តិ​ទៅតាម​ការតម្រូវ​សុំ​សិទ្ធិ​ជ្រកកោន​របស់​បារាំង​។​

​នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​លោក Pedro Sanchez បាន​និយាយថា លោក​សូម​ថ្លែង​អំ ណរ​គុណ​ការជួយ​របស់​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ដែល​លោក​ជឿជាក់ថា នឹង​ក្លាយជា​គំរូ​មួយ​នៃ​គម្រោង​ការងារ​នៃ​កិច្ចសហប្រតិបត្តិការ​ដែល​ប្រទេស​នានា​នៅ​អឺរ៉ុប​ត្រូវតែ​ឱបក្រសោប​យក​ដើម្បី​ដោះស្រាយ​បញ្ហា​ជន​ចំណាកស្រុក​នេះ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com