ពីនេះ ពីនោះ
អ្នកនេសាទ​ជនជាតិ​ចាម​ចំណាយពេល​ស្ទើរ ៩០​ភាគរយ រស់​នៅលើ​ទូក​
19, Jun 2018 , 8:19 pm        
រូបភាព
រូបភាព​៖ ឈុត ឈា​ណា​
រូបភាព​៖ ឈុត ឈា​ណា​
ដោយ:
​ភ្នំពេញ៖ជា​រៀងរាល់ថ្ងៃ វេលា​ម៉ោង​៤​ល្ងាច អ្នកនេសាទ​នាំគ្នា​ចេញ​ទូក​នេសាទ​របស់​ពួកគេ ទៅ​បណ្តែតមង​នៅក្នុង​ទន្លេមេគង្គ​។ ពួកគេ​ប្រើ​មង​ពីរ​ប្រភេទ​ដែលមាន​ក្រឡា​ចាប់ពី ៣ ស​.​ម ឬ ៣.៥ ស​.​ម​។ ប្រភេទ​ទីមួយ គឺ «​មង​កាំ​ង​» ដែលជា​ប្រភេទ​មង​ដាក់​នៅ​នឹង​មួយកន្លែង និង​ប្រភេទ​ទី​ពីរ គឺ «​មង​បណ្តែត​» គឺ​ដាក់​បណ្តែត​តាម​ទឹក​ហូរ​។​



​នៅ​តំបន់​នេះ ក្នុង​រដូវ​ត្រី​សម្បូរ ចាប់ពី​ខែតុលា ដល់​ខែកុម្ភៈ អ្នកនេសាទ​បានមកពី​គ្រប់ទិសទី រកតែ​កន្លែង​រាយ​មង​សើ្ទ​រ​ពេញ​ទន្លេចតុមុខ​។ ពួក​ឈ្មួញកណ្តាល​បានមក​រង់ចាំ​ទិញ​នឹង​កន្លែង​តែម្តង ក្នុងតម្លៃ ៦០០០ រៀល​ក្នុង​មួយ​គីឡូក្រាម ចំពោះ​ពពួក​ត្រី​រៀល​តុ​ប (Gymnostomus siamensis) និង​ត្រី​ឈ្វៀត​ឆ្នូត (Pangasius macronema)​។ ចំណែកឯ​ប្រភេទ​ត្រី​ធំ​ផ្សេងៗ (Pangasius spp.) ដូចជា​ត្រី​ពោ (Pangasius larnaudii) ត្រី​ប្រា​កែ (Pangasius conchophilus) ឬ ត្រី​ឆ្ពិន (Hypsibarbus spp.) ៨០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​»​។

​អ្នកនេសាទ​ជនជាតិ​ចាម​ទាំងនេះ ចំណាយពេល​ស្ទើរ ៩០​ភាគរយ រស់​នៅលើ​ទូក ដោយ​ពុំ​សូវ​បាន​ទៅណា​ឆ្ងាយ​ពី​ទូក​ឡើយ​។ ប៉ុន្តែ ពួកគេ​បាន​បញ្ជូន​កូនៗ​ទៅ​រៀន​នៅ​សាលា​ឥស្លាម និង​ស្នាក់នៅ​ទីនោះ យូរៗ​ទើប​មកលេង​នឹង​ពួកគេ​ម្តង​។

​ទូក​មាន​សារសំខាន់​ណាស់ សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​របស់​ក្រុម​អ្នកនេសាទ​ទាំងនោះ​។ ក្នុង​មួយឆ្នាំ ពួកគេ​ត្រូវ​អូស​ទូក​ឡើងគោក​ដើម្បី​ធ្វើការ​ជួសជុល និង​លាបថ្នាំ​ម្តង​។ ឆ្នាំ​ណា​ចំណូល​បានមកពី​ការនេសាទ​ត្រី​ច្រើន ពួកគេ​ក៏​ហ៊ាន​ចំណាយ​ប្រាក់​ច្រើន ដើម្បី​ជួសជុល​ទូក ឬ​ទិញ​មង​ដែល​មានគុណ​ភាពល្អ និង​របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ​ផ្សេងៗ និង​ការសិក្សារ​របស់​កូនៗ ផងដែរ​។ ទាំងនេះ សបញ្ជាក់​ឲ្យ​ឃើញ​ពី​សារសំខាន់​របស់​ទន្លេ​មេគង្គ ដែលជា​កត្តា​កំណត់​កម្រិតជីវភាពរ​បស់​គ្រួសារ​អ្នកនេសាទ និង​ប្រជាជន​ដែល​ពឹង​អាស្រ័យ​លើទឹក​ទន្លេ​ផងដែរ​។​

​ទោះយ៉ាងណា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការប្រែប្រួល​អាកាសធាតុ ការនេសាទ​ហួស​កម្រិត ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដោយ​ប្រើ​ចរន្តអគ្គិសនី​ឆក់ ដែល​គេ​និយម​ហៅថា ឆក់​ក្តៅ ឆក់​ត្រជាក់ ដែលជា​ឧបករណ៍​នេសាទ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​មច្ឆជាតិ និង​ការសាងសង់​ទំនប់​វារិ​អគ្គីសនី សុទ្ធតែជា​បញ្ហា​ប្រឈម​ដល់​កំណើត​ពួកវា​។ ទៅ​ថ្ងៃ​អនាគត ប្រភេទ​ត្រី​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា អាច​នឹង​ឈានទៅ​ផុត​ពូជ បើ​ពុំមាន​ការចូលរួម​ពី​មជ្ឈដ្ឋាន​ទូទៅ ដើម្បី​ថែរក្សា​ការពារ​ធនធាន​មច្ឆជាតិ​ស្រុក​យើងទាំងអស់គ្នា​ទេនោះ​។


© រក្សាសិទ្ធិដោយ thmeythmey.com