ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តំបន់​ព្រៃ​សឹក​រេច​រិល​គួរ​ឲ្យ​ខ្លាច​ក្នុង​ឃុំ​ពាម ប្រែជា​សហ​គន៍​មានការ​អភិវឌ្ឍ​ថ្មី​
01, Jul 2018 , 10:39 pm        
រូបភាព
ដោយ:
​កំពង់ឆ្នាំង​៖ តំបន់​ព្រៃ​សឹក​រេច​រិល​មួយកន្លែង​ក្នុង​ឃុំ​ពាម  ដែល​កន្លងទៅ​ប្រជាពលរដ្ឋ​តែងតែ​ខ្លាចរអា​មិន​ហ៊ាន​ចូលទៅ​ជិត​នោះ បច្ចុប្បន្ន​បានប្រែក្លាយ​ជា​ដី​សម្បទាន​សង្គមកិច្ច ដែលមាន​ការអភិវឌ្ឍ មាន​សាលារៀន ប៉ុស្តិ៍​សុខភាព ផ្លូវ ថ្នល់ និង​ប្រជាពលរដ្ឋ​រស់នៅ​យ៉ាង​សុខសាន្ត​។ បច្ចុប្បន្ន​តំបន់​នេះ បានប្រែក្លាយ​ជា​ភូមិ​ថ្មី​មួយ​ដែលមាន​ឈ្មោះថា ភូមិ​សុខ​សែន​ជ័យ ស្ថិតនៅក្នុង​ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ហើយ​មាន​ប្រជាពលរដ្ឋ​រស់នៅ ២៣៣​គ្រួសារ និង​មាន​ផ្ទៃដី​សរុប​ចំនួន  ៤៦៨,៧៨​ហិកតា​។​

 
​នៅ​ម៉ោង​ប្រមាណ​១០​ព្រឹក​សំឡេង​ជួង​បាន​បន្លឺឡើង កុមារា កុមារី ជាច្រើន​នាក់​បាន​ចេញពី​ថ្នាក់​ដោយ​ដៃ​មាន​កាន់ បង្គី ចប ប៉ែល ព្រមទាំង​ធុង ដើរ​សំដៅទៅ​ដី​ទួល​មួយកន្លែង ដែល​នៅ​ជិត​ថ្នាក់រៀន​។ សំណើច​ក្អាកក្អាយ​រួម​ជាមួយនិង​សកម្មភាព​ការងារ បាន​កើតមានឡើង​ចំពោះ​កុមារ​តូចៗ​ទាំងនោះ នេះ​គឺជា​ម៉ោង​ពលកម្ម ដែល​កុមារ​ថ្នាក់​ទី​៥ ទី​៦ ត្រូវ​កាប់​ដី យកទៅ​ចាក់​នៅក្នុង​សួន​ធ្វើ​ពី​ស៊ីម៉ង់ នៅមុខ​ថ្នាក់រៀន នៃ​សាលាបឋមសិក្សា «​សុខ​សែន​ជ័យ​»​។ កុមារ​ទាំងនោះ​សុទ្ធសឹងតែ​ជា​កូន​ពលរដ្ឋ​ដែល​មក​រស់នៅ​ក្នុងភូមិ​សម្បទាន​សង្គមកិច្ច​នេះ​តែម្ដង​។​
 
​កុមារា​សម្បុរ​ស្រអែម​ម្នាក់ ហាក់​មាន​ភាពក្លាហាន​ជាង​ក្មេង​ដទៃ នោះ​គឺ​កុមារា ណន ប៊ុន​ជីន​។ ក្មេង​ម្នាក់នេះ​បាន​ឲ្យ​ដឹងថា មុនពេល​ដែល​គេ​មក​រស់នៅ​ទីនេះ​ជាមួយ​ឪពុក ម្ដាយ គេ​មិនសូវ​បាន​ទៅ​រៀន​ជាប់លាប់​នោះទេ ហើយក៏​មិនសូវមាន​ប្រាក់​ទៅ​រៀន​ផងដែរ​។ បច្ចុប្បន្ន​កុមារា​វ័យ​១៤​ឆ្នាំ​រូបនេះ កំពុង​រៀន​ថ្នាក់​ទី​៦  បន្ទាប់ពី​ប្ដូរ​មក​រស់​នៅបាន​៣​ឆ្នាំ ។ រៀបរាប់​ទាំង​ភ័យ​ផង អៀន​ផង ប៊ុន​ជីន បាន​ឲ្យ​ដឹងថា ពេល​រៀន​ចប់​ថ្នាក់​ទី​៦ គេ​ចង់​បន្ត​ការសិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​ទៀត ហើយ​គេច​ង់​ក្លាយជា​អ្នកធ្វើការ​អង្គការ ដើម្បី​បង្រៀន​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​។​

 
​កុមារា ណន ប៊ុន​ជីន បញ្ជាក់ថា​៖ «​ពេល​ខ្ញុំ​មក​រស់នៅ​ទីនេះ សប្បាយ​ជាង​នៅផ្ទះ​ចាស់ ម៉ែ​ឲ្យ​លុយ​ខ្ញុំ​ចាយ​ច្រើនជាង​មុន ហើយ​សាលារៀន​ក៏​នៅ​ជិត​។ ខ្ញុំ​ចង់​រៀន​ត​ទៀត ចង់​ធ្វើការ​អង្គ​ការចុះ​បង្រៀន​ពលរដ្ឋ ដូច​ខ្ញុំ​បានឃើញ​បងៗ​អង្គការ​ធ្វើ​ដែរ​»​។​
 
​នេះ​គឺជា​លទ្ធផល​នៃ​សាលាបឋមសិក្សា​ដែលមាន​ទីតាំង​នៅក្បែរ​ជើងភ្នំ ដែលជា​ទីតាំង​មានតែ​ព្រៃ​សឹក​រេច​រិល​កន្លងមក​។ លោកគ្រូ អ៊ិន ចាន់​អេង មកពី​ទី​រួម​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា សាលារៀន​នេះ​កាលពី​៣​ឆ្នាំមុន គឺមាន​តែព្រៃ​រេច​រិល​នៅ​ជុំវិញ​ប៉ុណ្ណោះ​។ ពេលមកដល់​ដំបូង​លោកគ្រូ​សម្បុរ​ស វ័យ​ជាង​២០​ឆ្នាំ​រូបនេះ ចង់​ត្រឡប់ទៅផ្ទះ​របស់ខ្លួន​វិញ ព្រោះ​កាលពី ៣​ឆ្នាំមុន​នោះ​តំបន់​នេះ​មិនទាន់មាន​អ្វី​ឡើយ មានតែ​សាលារៀន​មួយ​ខ្នង ៥​បន្ទប់ និង​ពលរដ្ឋ​ដែល​កំពុង​ចាប់​ផ្ដើមកសាង​ជីវិត​ថ្មី​។​
 
​លោកគ្រូ អ៊ិន ចាន់​អេង បញ្ជាក់​៖ «​កាល​ខ្ញុំ​មកដល់​ដំបូង គឺ​ចង់​ត្រឡប់ទៅផ្ទះ​វិញ ព្រោះ​ឃើញ​សុទ្ធតែ​ព្រៃ​គួរ​ឲ្យ​ខ្លាច​។ តែ​ក្រោយមក​នៅ​មួយរយៈ​ចូលចិត្ត​ទីនេះ អាណិត​ក្មេងៗ​នៅទីនេះ ហើយ​ចង់​រស់នៅ​ទីនេះ​បន្តទៀត​។ ហើយ​សង្កេតឃើញថា​ពល​រដ្ឋ​មានការ​អភិវឌ្ឍ​ច្រើន​»​។​
 
​បើទោះជា​តំបន់​នេះ​កាលពីមុន​មានតែ​គល់ឈើ និង​ព្រៃ​តិចតួច​ក៏ដោយ តែ​ពលរដ្ឋ​មក​រស់នៅ​ទីនេះ​គឺ​សុទ្ធតែ​ពេញចិត្ត​នឹង​ការទទួលបាន​ដី​ថ្មី ដែល​ដី​ភូមិ​ក្នុង​មួយ​គ្រួ​សារបាន​ចំនួន ៣០​គុណ​៤០​ម៉ែត្រ និង​ដី​បង្កបង្កើនផល​ចំនួន​១​ហិកតា​។ រៀបរាប់​ទាំង​អួលដើមក ស្ត្រី​ដែលមាន​ស្បែក​មុខ​ជ្រៀវ​ជ្រួញ សក់ស្កូវ​ដុំៗ បាន​មានប្រសាសន៍ថា ទីនេះ​គឺជា​ពន្លឺ​នៃ​ជីវិត​ថ្មី​សម្រាប់​អ្នកស្រី​។ ពន្លឺ​ថ្មី​របស់​អ្នកស្រី សំ សា​រិ ព្រោះ​កាលពី​នៅ​ទីតាំង​ចាស់​ស្ត្រី​មានកូន​៧​នាក់ និង​ប្ដី​ជា​កសិករ​រូបនេះ មានតែ​បំណុល ជំងឺ សូម្បីតែ​សម្លៀកបំពាក់​ក៏​សឹងតែ​មិនមាន​ពាក់​គ្រប់គ្រាន់​។​
 
​អ្នកស្រី សំ សា​រិ បញ្ជាក់​៖ «​បាន​រដ្ឋាភិបាល​ផ្ដល់​ដី ផ្ដល់​កម្លាំងចិត្ត ជួយ​ដល់​ខ្ញុំ​នេះ គឺ​ខ្ញុំ​ត្រេកអរ ខ្លាំង​មែនទែន​។  មិន​ដូចជា​នៅផ្ទះ​ចាស់​ដែល​សូម្បីតែ​ស​ម្លៀ​បំពាក់​គឺ​ខ្ញុំ​លំបាក​មែនទែន មក​នៅទីនេះ​ខ្ញុំ​បាន​សុខ​ហើយ បានកូនៗ​ខ្ញុំ​មាន​ដី មានផ្ទះ​នៅ​ហើយ ខ្ញុំ​សប្បាយ​មែនទែន​រក​អ្វី​ប្រៀបធៀប​មិនបាន​»​។​
 
​វា​ជា​ជីវិត​ថ្មី​មួយ​សម្រាប់​ស្ត្រី​វ័យ​៦៧​ឆ្នាំ​រូបនេះ បន្ទាប់ពី​មានការ​យកចិត្ត​ទុក​ពី​រដ្ឋាភិបាល និង​អង្គការ​ជីវិត​ថ្លៃថ្នូរ​ដែល​ជួយ​ជ្រោមជ្រែង​គ្រួសារ​អ្នកស្រី និង​ពលរដ្ឋ​ផ្សេងទៀត​ឲ្យ​មានផ្ទះ​នៅ មានមុខ​របរ​ចិញ្ចឹមជីវិត​បាន​។ 
(photo 03)
 
​ចំណែក​លោក យី ផេង មេឃុំ​ពាម បាន​ឲ្យ​ដឹង​ពលរដ្ឋ​ដែល​មក​ភូមិ​ថ្មី​មាន​ចំងាយ ៩០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកំពង់ឆ្នាំង នៃ​ឃុំ​ពាម​នេះ ។ ដំបូង​ពួកគាត់​មិនមាន​សាច់ឈាម​ស្រស់ថ្លា​សោះឡើយ ដែល​អាច​បញ្ជាក់បាន​ថា កាល​នៅ​តំបន់​ចាស់​ប្រហែល​មាន​ជីវភាព​ខ្វះខាត​ខ្លាំង​។ តែ​ក្រោយពេល​មក​រស់នៅ​ទីនេះ​មួយរយៈ លោក​សង្កេតឃើញថា​ពល​រដ្ឋ​ហាក់​មាន​ភាព​ស្រស់ស្រាយ ហើយ​សាច់ឈាម​ក៏​ស្រស់ថ្លា​ជាង​មុន​។  បើតាម​លោក យី ផេង ភូមិ​សម្បទាន​សង្គមកិច្ច​ថ្មី មានការ​អភិវឌ្ឍ​បែបនេះ គឺ​ត្រូវ​ចំណាយពេល​អស់​ជិត​៥​ឆ្នាំ​ហើយ​។​
​លោក​មេឃុំ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ទីនេះ​ជា​តំបន់​ព្រៃ​រេច​រិល ហើយ​ការរៀបចំ​ឲ្យ​មាន​ស្ថានភាព​បែបនេះ គឺ​អស់​ពេល​៥​ឆ្នាំ​ហើយ​។ ដោយ​ពីមុនមក​មិនមាន​អ្នក​ហ៊ាន​មក​នៅទីនេះ​ទេ តែ​ពេលនេះ​សប្បាយចិត្ត​ណាស់ ដែល​បាន​ជួយ​ពលរដ្ឋ​ដែល​ខ្វះ​ដី​ឲ្យ​មាន​ដី និង​មាន​ជីវភាព​ល្អប្រសើរ​ជាង​មុន​ឆ្ងាយ​»​។​
 
 
​បន្ទាប់ពី​បានផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ដ​ល់​ប្រជាពលរដ្ឋនៅក្នុង​ជំហាន​ទី​១ អនុវត្ត​ដោយ​របស់​គម្រោង LASED  ដែលមាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​រួចមក នៅក្នុង​គម្រោង LASED II នេះ​គឺជា​ជំហាន​នៃ​ការជួយ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ដោយមាន​ការបង្រៀន​ពី​ការដាំដុះ ការចិញ្ចឹម​សត្វ បង្រៀន​អំពី​ការប្រើប្រាស់​លុយ​ឲ្យ​មាន​ប្រសិទ្ធិភាព និង​បង្រៀន​អំពី​ការគិត​ផងដែរ​។ កិច្ចការ​ទាំងអស់នេះ គឺ​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​រស់នៅ​ដោយ​ខ្លួនឯងបាន នៅពេលដែល​គម្រោង​ដក​ដៃ​ចេញពី​តំបន់​ដី​សម្បទាន​សង្គមកិច្ច​នេះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក  អម សុភា អភិបាលរង​ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​គ្រប់គ្រង​គម្រោង LASED II ថ្នាក់​ខេត្ត​។​
 
 
​បច្ចុប្បន្ន​ភូមិ​សម្បទាន​សង្គមកិច្ច សុខ​សែន​ជ័យ​មាន​សាលារៀន​មួយ​ខ្នង​៥​បន្ទប់ ផ្ទះ​ស្នាក់​គ្រូបង្រៀន​មួយ​ខ្នង​មាន​២​បន្ទប់ ប៉ុស្តិ៍​សុខភាព ដែលមាន​គ្រូពេទ្យ​មក​ពិនិត្យ​មួយ​សប្ដាហ៍​ម្ដង និង​មាន​អណ្ដូងទឹក​រួម​ចំនួន​១០​គ្រួសារ​មួយកន្លែង​។ តាម​គម្រោង​ក្នុង​ឆ្នាំ​២០១៨​នេះ គម្រោង LASED II  នឹង​កែប្រែ​ហេដ្ឋារចនាសម្ព័ន្ធ​ពី​ផ្លូវ​ដីស ទៅជា​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម ទាំង​១២​ខ្សែរ​ដែលមាន​ប្រវែង​ប្រមាណ​៤០​គីឡូ​ម៉េ​ត្រ​៕
 






Tag:
 ដី​សម្បទាន​សង្គមកិច្ច​
 ​ ខេត្តកំពង់ឆ្នាំង​
 ​ ក្រសួង​ដែនដី
© រក្សាសិទ្ធិដោយ thmeythmey.com