ជាតិ
នយោបាយអន្តរជាតិ
អ្នកជំនាញ៖ ជម្លោះកោះតៃវ៉ាន់ អាចបង្កជាសង្គ្រាមខ្នាតធំ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រូបពី VOA
× ភ្នំពេញ៖ បញ្ហាកោះតៃវ៉ាន់ អាចបង្កជាសង្គ្រាមខ្នាតធំ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នាពេលអនាគត។ នោះក៏ព្រោះ កោះតៃវ៉ាន់ នៅតែមានមហិច្ចតាធំ ក្នុងការទាមទារឯករាជ្យពីចិន ខណៈដែលចិន រឹតបន្តឹងការរើបម្រាសរបស់តៃវ៉ាន់។
ជម្លោះកោះតៃវ៉ាន់ និងចិន ដែលបានអូសបន្លាយអស់រយៈពេល៧០ឆ្នាំមកហើយ នៅតែជាបញ្ហាស្មុគស្មាញនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ទីប្រឹក្សាវិទ្យាស្ថានជាតិ ការទូតទំនាក់ទំនងអន្តរជាតិ និងអ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព លោក ឈាង វណ្ណារិទ្ធិ បាននិយាយថា ជម្លោះកោះតៃវ៉ាន់ អាចក្លាយទៅជាសង្គ្រាមខ្នាតធំ នៅពេលខាងមុខ ដោយសារបំណងទាមទារឯករាជ្យពីចិននេះ។
សម្រាប់លោក ឈាង វណ្ណារិទ្ធិ ការប្រើនយោបាយជាតិនិយមរបស់រដ្ឋាភិបាលតៃវ៉ាន់ថ្មី ដែលមាននិន្នាការទៅលោកខាងលិច ហើយប្រឆាំងជាមួយចិន គឺជាសញ្ញាណមិនល្អសម្រាប់តៃវ៉ាន់ឡើយ ខណៈដែលរដ្ឋាភិបាលចិន បានព្រមានខ្លាំងៗនៅប៉ុន្មានថ្ងៃចុងក្រោយនេះថា ចិនមិនឲ្យបាត់បង់ទឹកដីខ្លួន សូម្បីតែមួយចំអាម។
សូមស្ដាប់សំឡេង៖
ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីគំនិតផ្ដួចផ្ដើមផ្លូវមួយ ខ្សែក្រវាត់មួយ និងការអភិវឌ្ឍប្រទេសកម្ពុជា កាលថ្ងៃទី២ កក្កដា ទីប្រឹក្សាវិទ្យាស្ថានជាតិ ការទូតទំនាក់ទំនងអន្តរជាតិរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺមានភាពក្តៅគគុកជាងគេ ដោយមានជម្លោះជាច្រើន ជាពិសេសជម្លោះទាក់ទងសមុទ្រចិនខាងត្បូង ក៏ដូចជាជម្លោះនៅឧបទ្វីបកូរ៉េ និងកោះតៃវ៉ាន់។ ហើយកោះតៃវ៉ាន់ខ្ញុំគិតថា ជាចំណុចរសើបមួយ ដែលអាចឈានដល់សង្គ្រាមខ្នាតធំនៅក្នុងតំបន់ ព្រោះតៃវ៉ាន់ គឺមានចលនាមួយ ទាមទារឯករាជ្យពីប្រទេសចិន ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មី ហើយគណបក្សមួយ ដែលមាននិន្នាការងាកទៅលោកខាងលិច ហើយចង់ឲ្យតៃវ៉ាន់ មានស្វ័យភាពជាងរដ្ឋាភិបាលមុន ដែលវាជារបត់មួយដ៏ស្មុគស្មាញ»។
កាលពីថ្ងៃទី២៧ មិថុនា ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បាននិយាយប្រាប់លោក ម៉ាធីស រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកថា ចិនមិនអាចបាត់បង់ដី ដែលបន្សល់ទុកមកពីដូនតា សូម្បីតែមួយអ៊ីញឡើយ។ ហើយអ្វីដែលជារបស់អ្នកដទៃ ក៏ចិនមិនចង់បានដូចគ្នា។ បន្ថែមពីនេះលោក ស៊ី ជីនភីង បានប្រាប់លោក ម៉ាធីស ទៀតថា រឿងបញ្ហាទឹកដីជារឿងដោយឡែក ហើយចិននឹងមិនធ្វើសម្បទានណាមួយជុំវិញបញ្ហាទឹកដីឡើយ។
ក្នុងពាក្យសម្ដីរបស់ប្រធានាធិបតីចិនរូបនេះ មិនបានបញ្ជាក់ឲ្យច្បាស់ថា លោកចង់សំដៅលើទឹកដីណាមួយឡើយ ប៉ុន្តែគេអាចយល់បានថា លោកចង់សំដៅលើដែនជម្លោះសមុទ្រចិនខាងត្បូងដ៏រ៉ាំរ៉ៃនិងបញ្ហាកោះតៃវ៉ាន់ដែលចិនចាត់ទុកជាអាណាខេត្តខ្លួនដែរ។
គួរបញ្ជាក់ថា បញ្ហាជម្លោះកោះតៃវ៉ាន់ ប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មានភាពតានតឹងខ្លាំង ចាប់តាំងពីរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោកស្រី Tsai Ing-wen កាលពីឆ្នាំ២០១៦មក។ ទម្រង់ដឹកនាំរបស់លោកស្រី Tsai Ing-wen ត្រូវបានគេមើលឃើញថា លោកស្រីហាក់មានជាតិនិយមខ្លាំង ក្នុងការប្រឆាំងទាមទារឯករាជ្យពីចិន ខុសពីរដ្ឋាភិបាលចាស់ ដែលដឹកនាំដោយ Ma Ying-jeou ដែលមិនសូវមានបញ្ហាជាមួយចិន។ តាមរយៈការដឹកនាំរបស់លោកស្រី Tsai Ing-wen ជាង២ឆ្នាំនេះ ដែលមានទំនោរទៅរកការប្រកាសឯករាជ្យ និងបដិសេធគោលនយោបាយចិនតែមួយនោះ ត្រូវបានគេមើលឃើញថា ចិនបានធ្វើសកម្មភាពជាច្រើន ទាំងផ្នែកយោធា និងការទូត ដើម្បីដាក់សម្ពាធទៅលើតៃវ៉ាន់ ។ ជាក់ស្តែងប្រទេសមួយចំនួន ដែលមានទំនាក់ទំនងល្អជាមួយតៃវ៉ាន់ជាច្រើនឆ្នាំហើយនោះ បានកាត់ផ្ដាច់ការទូតជាបន្តបន្ទាប់ ដោយសារប្រទេសទាំងនោះរងសម្ពាធពីរដ្ឋាភិបាលចិន ៕
Tag:
ឈាង វណ្ណារិទ្ធិ
កោះតៃវ៉ាន់
ចិន
អាស៊ីប៉ាស៊ីហ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com