ជាតិ
​​​ន​យោ​បាយ​ជាតិ​
CPP ថា​ខ្លួន​មាន​មិត្ត​ច្រើន​លើ​ពិភពលោក ក្រោយ​ក្លាយជា​អនុប្រធាន​នៃ​អង្គការ​អ្នកប្រជាធិបតេយ្យ​អន្តរជាតិ
06, Jul 2018 , 6:05 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក សួស យ៉ារ៉ា (រូបទី២) និងលោក សុខ ឥសាន (រូបទី៣)
ពីឆ្វេងទៅស្តាំ៖ លោក សួស យ៉ារ៉ា (រូបទី២) និងលោក សុខ ឥសាន (រូបទី៣)
​ប្រទេស​កម្ពុជា ក៏ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា (CPP ) មិន​ឯកោ​ឡើយ​។ នេះ​គឺជា​ការលើកឡើង​របស់​លោក សួស យ៉ា​រ៉ា អ្នកនាំពាក្យ​ម្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។


 
​ការ​ថ្លែង​របស់លោក សួស យ៉ា​រ៉ា ធ្វើឡើង​ក្នុង​សន្និសីទកាសែត​ស្តីពី​តួនាទី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​លើ​ឆាក​អន្តរជាតិ ដែល​រៀបចំ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន នារសៀល​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។ សន្និសីទកាសែត​នេះ រៀបចំឡើង បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​តំណែង​ជា​អនុប្រធាន​នៃ​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (IDC-CDI) ដែលមាន​អាណត្តិ​រយៈពេល​៣​ឆ្នាំ​។ 
 
​កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ កន្លងទៅ អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ បានរៀបចំ​កិច្ចប្រជុំ នៅ​ទីក្រុង​ប្រ៊ុ​យ​ស៊ែ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ក ហើយ​ក៏បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើជា​អនុប្រធាន​។ អង្គការ​អន្តរជាតិ​មួយ​នេះ ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៦១ មកម្ល៉េះ ដោយមាន​គណបក្ស អង្គការ និង​សមាគម​នយោបាយ​ជាង​៩០ ដែល​មកពី​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ជា​សមាជិក​។ 
 
​ក្នុង​សន្និសីទកាសែត លោក សួស យ៉ា​រ៉ា បាន​និយាយ​ទាំង​មាន​មោទនភាព យ៉ាង​ដូច្នេះ​ថា ៖«​គណបក្ស​ប្រជាជន​កម្ពុជា មាន​មិត្ត​នៅលើ​ពិភពលោក និង​មាន​មិត្ត​នៅក្នុង​តំបន់​អាស៊ី​ទាំងមូល ហើយ​បាន​ដើរតួនាទី​យ៉ាងសំខាន់ នៅក្នុង​ការតភ្ជាប់​នូវ​បណ្តា​ទស្សនៈ​នយោបាយ និង​មនោ​គម​វិទ្យា​នយោបាយ​ផ្សេងៗ​។ យើង​មាន​មិត្ត​មកពី​គ្រប់ទិសទី ដើម្បី​គាំទ្រ​នយោបាយ និង​សន្តិភាព​របស់​យើង​»​។ 
 
​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ បន្តថា ដោយសារតែ​ប្រកាន់យក​តួនាទី​កណ្តាល​និយម ប្រទេស​កម្ពុជា អាច​ប្រឆាំង​ទប់ទល់​ជាមួយ​ទស្សនៈ​ជ្រុលនិយម​។ លោក​បន្ថែមថា ការប្រកាន់យក​ទស្សនៈ​កណ្តាល​និយម​នេះ បានធ្វើ​ឲ្យ​កម្ពុជា ក្លាយជា​ប្រទេសមួយ ដែលមាន​តួនាទី ក្នុងការ​សម្របសម្រួល​គណបក្សនយោបាយ​តាម​បណ្តា​ប្រទេស​នានា ដែលមាន​និន្នាការ​ខុសៗ​គ្នា គឺ​ទាំង​និន្នាការ​ខាង​សេរីនិយម និង​សង្គមនិយម​។ 
 
​លោក សួស យ៉ា​រ៉ា បញ្ជាក់​ចុងក្រោយ​បែបនេះ​ថា ៖«​យើង​ជា​ចំណុចកណ្តាល​មួយ ដែល​អាច​ឲ្យ​យើង​ថ្លឹងថ្លែង​បានថា​ ចំណុច​ណា​ដែលមាន​ភាពល្អប្រសើរបម្រើ​ឲ្យ​ជាតិ ​និង​ប្រជាជនយើងទាំងមូល ហើយ​ជាពិសេសពង្រឹង​ឯករាជ្យភាព​របស់​កម្ពុ​ជា​»៕ 

Tag:
 CPP
  សួស យ៉ា​រ៉ា​
 
© រក្សាសិទ្ធិដោយ thmeythmey.com