មុខរបរ​តូចតាច តែ​អាច​ផ្ដល់​ចំណូល​ដល់​អាជីវករ ៣០០​ដុល្លារ​ក្នុង​មួយខែ​

ជាតិ
សេដ្ឋកិច្ច
មុខរបរ​តូចតាច តែ​អាច​ផ្ដល់​ចំណូល​ដល់​អាជីវករ ៣០០​ដុល្លារ​ក្នុង​មួយខែ​
09, Jul 2018 , 8:59 am         1113
រូបភាព
​មុខរបរ​លក់ដូរ​តូចតាច​មួយចំនួន​តាម​ផ្លូវ​ក្នុង​ក្រុងភ្នំពេញ  បានធ្វើ​ឲ្យ​ជីវភាព​របស់​អ្នកលក់​ទាំងនេះ មាន​ភាពប្រសើរ​មួយកម្រិត​ដែរ​។ អាជីវករ​ទាំងនោះ អាច​រកប្រាក់​ចំណេញ​បាន​ជាង ៣០០​ដុល្លារ ក្នុង​មួយខែ​។

 
​មាន​ដើមកំណើត​នៅ​ខេត្តព្រៃវែង លោក ពេជ្រ នី បាន​ប្រកប​របរ​លក់​ដូង​លើ​រទេះរុញ​តាមផ្លូវ ក្នុង​ក្រុងភ្នំពេញ អស់​ជាង​១០​ឆ្នាំ​មកហើយ​។ ក្នុង​មួយថ្ងៃ​លោក នី លក់​ដូង​បាន​យ៉ាងតិច ១០​ឡូ​ដែល​លក់​បោះ​ដុំ​នៅតាម​ភោជនីយដ្ឋាន​ខ្លះ និង​លក់រាយ​តាមផ្លូវ​ខ្លះ​។ ផ្លែ​ដូង​ដែល​លោក យកមក​លក់ និង​ចែកចាយ​បន្ត​នេះ គឺ​យក​ពី​ខេត្តកំពត​ដែលមាន​ឡាន ដឹក​មកដល់​កន្លែង នៅក្បែរ​ផ្សារ​ប៉េសេ ជា​រៀងរាល់ថ្ងៃ​។ បើតាម​លោក ពេជ្រ នី ក្រោយ​ទូទាត់​ថ្លៃ​ចំណាយ​រួចហើយ លោក​នៅសល់​ប្រាក់ចំណេញ ៥០,០០០​រៀល​ដែរ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ពេជ្រ នី បាន​អះអាងថា​៖ «​មុខរបរ​នេះ ដ្បិតអី​វា​មិន​អាចជួយ​ខ្ញុំ​ឲ្យ​ក្លាយជា​អ្នកមាន​ក៏ពិតមែន ប៉ុន្តែ​វា​ជួយ​សម្រួល​ដល់​កម្រិតជីវភាព​រស់នៅ​ប្រចាំថ្ងៃ​បាន​ច្រើន ហើយ​មុខរបរ​នេះ ក៏​ជា​ជម្រើស​ល្អ​សម្រាប់​ខ្ញុំ ដែលជា​អ្នក​គ្មាន​ជំនាញ​អ្វី​ក្រៅពី​ធ្វើស្រែ »​។​
 
​ដោយឡែក មុខរបរ​លក់​ផ្លែ​ម្នាស់ ក៏​អាច​រកប្រាក់​ចំណេញ​បាន មិន​ចាញ់​ពី​ការលក់​ដូង​ប៉ុន្មាន​ដែរ​។ កញ្ញា ស្រី​នាង វ័យ​២០​ឆ្នាំ ជា​អ្នកលក់​ផ្លែ​ម្នា​ស់មុខ​ផ្សារ​ទួល​ទំពូង បាន​ប្រាប់​ឲ្យ​ដឹងថា  កញ្ញា​អាច​រកប្រាក់​ចំណេញ​ពី​៣០០ ទៅ​៤០០​ដុល្លារ ពី​ការលក់​ម្នាស់​ក្នុង​មួយខែ​។ កញ្ញា​វ័យក្មេង​រូបនេះ បានធ្វើ​ដំណើរ​មក​លក់​ម្នាស់​នៅមុខ​ផ្សារ​ទួល​ទំពូង​រាល់ថ្ងៃ ពី​ម៉ោង​១០​ព្រឹក ដល់​ម៉ោង​៤​ល្ងាច ហើយ​អាច​លក់​ម្នាស់​បានជា​មធ្យ​ម​៦០​ផ្លែ​ក្នុង​មួយថ្ងៃ​។  ម្នាស់​មួយ​ផ្លែ​តម្លៃ​២,០០០​រៀល​។  កញ្ញា បាន​បន្តថា ម្នាស់​យកមក​លក់​នេះ មាន​ប្រភព​មកពី​ខេត្តបាត់ដំបង  មាន​ឡាន​ដឹក​យកមក​ឲ្យ​នៅ​ផ្សារ​អូរឫស្សី​។ 
 
​ស្រី​នាង បាន​បញ្ជាក់ថា​៖ « មួយថ្ងៃ​ខ្ញុំ​លក់​ម្នាស់​បាន​ប្រាក់​១២០,០០០​រៀល​។ ដក​ថ្លៃដើម​ទិញ​ម្នាស់​១០០​ផ្លែ​យកមក​លក់​អស់​៦០,០០០​រៀល ដក​ថ្លៃ​អាហារ​ថ្ងៃត្រង់​អស់ ៥,០០០​រៀល និង​ថ្លៃ​ចំណាយ​តិចតួច ទិញ​ថង់ ទិញ​ទឹក​ហូប​អស់ ៥,០០០​រៀល​ទៀត​ក្នុង​មួយថ្ងៃ​។ ដូច្នេះ​ខ្ញុំ​នៅសល់​ប្រាក់ចំណេញ  ៥០,០០០​រៀល​ក្នុង​មួយថ្ងៃ​»​។ 
 
​លោក ខន នី ដែលជា​អ្នករត់​ម៉ូតូ​ផង និង​អ្នកលក់​ពោត​អាំង​ផង ក៏​អា​ចរក​ចំណូល​មិនតិចជាង​៣០០​ដុល្លារ​ឡើយ​។ លោក នី បាន​និយាយថា គាត់​មាន​ពេលទំនេរ​ច្រើន​នៅពេល​ព្រឹក ដូច្នេះ​គាត់​អាច​ឆ្លៀតពេល​ទៅ​រត់​ម៉ូតូឌុប​នៅ​ផ្សារ​នាគ​មាស ដើម្បី​រក​ចំណូល​បន្ថែមទៀត​។ ក្រោយ​អាហារ​ថ្ងៃត្រង់​រួច លោក នី ចាប់ផ្តើម​រៀបចំ ពោត ធ្យូង និង​ទឹកជ្រលក់​ដាក់​លើរ​ទះ​ជិះ​លក់ រហូតដល់​ម៉ោង​៩​យប់​ជា​រៀងរាល់ថ្ងៃ​។ 
 
​ដ្បិតតែ​វា​ជា​មុខរបរ​លក់ដូរ​តូចតាច​ពិតមែន ប៉ុន្តែ​របរ​ទាំងនេះ បានធ្វើ​ឲ្យ​ជីវភាព​របស់​ពួកគេ មាន​ភាពប្រសើរ និង​អាចជួយ​ដោះស្រាយ​បញ្ហា​គ្រួ​សារបាន​មួយកម្រិត​៕















Tag:
 ដូង​
  ពោត​
  ម្នាស់​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next