អន្តរជាតិ
ក្រោយអាប់អួរជាមួយណាតូ លោក ត្រាំ ទៅអង់គ្លេសដែលកំពុងរញ៉េរញ៉ៃព្រោះរឿងចេញពីសហភាពអឺរ៉ុប លោក ដូណាល់ ត្រាំ និងលោកស្រី ថេរ៉េសា ម៉េយ៍ នាជំនួបមេដឹកនាំណាតូ (រូបភាព AFP)
× បន្ទាប់ពីបញ្ចប់ជំនួបណាតូដ៏អាប់អួរមក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បន្តដំណើរទៅកាន់អង់គ្លេសដែលកំពុងវិលមុខនឹងបញ្ហាក្នុងស្រុកទាក់ទងការលែងលះជាមួយអឺរ៉ុប។ដើម្បីធ្វើទស្សនកិច្ចការងារនៅទីនោះ។ បាតុកម្មទ្រង់ទ្រាយធំ បានត្រៀមរួចហើយដើម្បីស្វាគមន៍លោក ត្រាំ ដែលធ្វើទស្សនកិច្ចលើកដំបូងនៅលើទឹកដីសម្ព័ន្ធមិត្តធំជាងគេរបស់អាមេរិកនៅតំបន់អឺរ៉ុប។ លោកនឹងមានជំនួបជាមួយម្ចាស់ក្សត្រីយ៍ Elizabeth II និងនាយករដ្ឋមន្ត្រី ថេរ៉េសា ម៉េយ៍ ។
ចក្រភពអង់គ្លេស គឺជាគោលដៅទីពីររបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតំបន់អឺរ៉ុប។ លោក ត្រាំ នឹងទៅដល់ទីក្រុងឡុងដ៏នៅរសៀលថ្ងៃទី១២ ខែកក្កដា ក្រោយពីចាកចេញពីកិច្ចជំនួបមេដឹកនាំណាតូនៅបែលហ្ស៊ិក ជាទីដែលលោកទាមទារឲ្យសមាជិកទាំងអស់បង្កើនការចំណាយឲ្យបាន៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ។ ៤ថ្ងៃនៅទឹកដីអង់គ្លេស លោក ត្រាំ អាចត្រូវឈឺក្បាលខ្លាំងបន្តិចហើយ។
ប្រជាជនអង់គ្លេសជាច្រើនមិនពេញចិត្តនឹងដំណើរទស្សនកិច្ចរបស់មេដឹកនាំអាមេរិករូបនេះឡើយ ព្រោះលោកធ្លាប់ទាស់សម្ដីច្រើនជាមួយមេដឹកនាំអង់គ្លេស រហូតមានការស្នើឲ្យលុបចោលទស្សនកិច្ចនេះនៅឆ្នាំ២០១៧ ផង។ យ៉ាងណាមិញ រដ្ឋាភិបាលក្រុងឡុងដ៏នៅតែបន្តផែនការស្វាគមន៍លោក ត្រាំ ប៉ុន្តែបានទម្លាក់កម្រិតទស្សនកិច្ចនេះពីទស្សនកិច្ចផ្លូវរដ្ឋមកត្រឹមទស្សនកិច្ចការងារវិញ។ បាតុកម្មជាច្រើនត្រូវគេរំពឹងថា នឹងរៀបចំឡើងដើម្បីស្វាគមន៍លោក ត្រាំ ។
ទស្សនកិច្ចរបស់លោក ត្រាំ លើកនេះ ត្រូវបានអ្នកខ្លះចាត់ទុកជាដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស់បំផុតរបស់ប្រធានាធិបតីអាមេរិកនៅទឹកដីអង់គ្លេស។ យោងតាមសារព័ត៌មាន BBC លោក ត្រាំ នឹងជួបចរចាជាមួយនាយករដ្ឋមន្ត្រី ថេរ៉េសា ម៉េយ៍ នៅថ្ងៃទី១៣ មុននឹងចូលគាល់មហាក្សត្រីយានី Elizabeth II ។ នៅថ្ងៃដដែល មេដឹកនាំអាមេរិកនឹងហោះទៅកាន់ស្កុតឡែនដែលជាដំណើរកំសាន្តលក្ខណៈឯកជន រួចទើបហោះទៅហ្វាំងឡង់ដើម្បីជួបលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃបន្ទាប់។
មុនការទៅដល់របស់លោក ត្រាំ លោកស្រីនាយករដ្ឋមន្ត្រី ម៉េយ៍ ដែលកំពុងក្រពុលមុខនឹងការចាកចេញរបស់មន្ត្រីបីរូបព្រោះមិនពេញចិត្តនយោបាយលោកស្រី បានបង្ហាញជំហរវិជ្ជមានចំពោះដំណើរទស្សនកិច្ចនេះ។ លោកស្រីនិយាយថា គ្មានសម្ព័ន្ធភាពណារឹងមាំជាងទំនាក់ទំនងពិសេសរវាងអង់គ្លេស និងអាមេរិកឡើយ ហើយក៏គ្មានសម្ព័ន្ធភាពណាដើរតួសំខាន់ជាងនេះដែរក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតដែរ។
សូមរំឭកបន្តិចថា នៅមុនដំណើរទស្សនកិច្ចនេះ លោក ត្រាំ បាននិយាយដៀមដាមផ្លែផ្កាឲ្យអង់គ្លេសជុំវិញការលាលែងមន្ត្រីជាន់ខ្ពស់។ ការលាលែងនេះកើតចេញពីការកើតទុក្ខមិនសុខចិត្តចំពោះជំហររបស់លោកស្រី ម៉េយ៍ ក្នុងការចរចាចាកចេញជាមួយសហភាពអឺរ៉ុប ដែលរងការរិះគន់ថា ទន់ភ្លន់ពេក។ ដោយចង់សំដៅករណីនេះ ប្រធានាធិបតីអាមេរិកនិយាយថា បញ្ហាជាច្រើនកំពុងកើតឡើងនៅក្នុងចក្រភពអង់គ្លេស៕
Tag:
អាមេរិក
អង់គ្លេស
អឺរ៉ុប
NATO
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com