អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង ចង់ឲ្យអាស៊ានបញ្ចូលកូរ៉េខាងជើងក្នុងគ្រប់ការប្រជុំតំបន់
× កាលពីថ្ងៃទី១៣ ខែកក្កដា ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅបានលើកឡើងពីតួនាទីដ៏សំខាន់របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន ក្នុងការជួយដោះស្រាយបញ្ហាកូរ៉េខាងជើង។ ថ្លែងពីសិង្ហបុរី ដែលកំពុងកាន់តំណែងប្រធានប្ដូរវេនរបស់អាស៊ាន លោក មូន បានស្នើឲ្យអាស៊ានបញ្ចូលកូរ៉េខាងជើងទៅក្នុងគ្រប់ការប្រជុំរបស់ខ្លួន ព្រោះវាជួយឲ្យកូរ៉េខាងជើងអាចបំពេញតួនាទីក្នុងនាមជាសមាជិកមួយរបស់សហគមន៍អន្តរជាតិ។
មុនបញ្ចបដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន បានឆ្លៀតផ្ដល់បាឋកថាមួយ ដែលក្នុងនោះលោកបានគូសបញ្ជាក់ពីតួនាទីរបស់តំបន់អាស៊ានក្នុងការស្វែងរកច្រកចេញនៃវិបត្តិនៅឧបទ្វីបកូរ៉េ។ សម្រាប់លោក មូន អាស៊ានដើរតួសំខាន់ ព្រោះអាស៊ានមានទំនាក់ទំនងល្អជាមួយកូរ៉េខាងជើង ដោយសមាជិកអាស៊ានទាំង១០ សុទ្ធតែមានចំណងការទូតជាមួយកូរ៉េខាងជើង ហើយភាគច្រើនមានស្ថានទូតនៅរដ្ឋធានីព្យុងយ៉ាងផង។
អាស៊ាន គឺជាដៃគូសំខាន់មួយរបស់កូរ៉េខាងជើងជាច្រើនឆ្នាំមកហើយ។ កូរ៉េខាងជើង គឺជាសមាជិកនៃវេទិកាតំបន់អាស៊ាន ដែលមានប្រទេសអាស៊ានទាំង១០ ជាសមាជិក បូករួមនឹងប្រទេសដៃគូទាំង១៦ របស់ខ្លួន។ យ៉ាងណាមិញ វេទិកានេះជាតុចរចាតែមួយគត់ក្នុងទំនាក់ទំនងអាស៊ាន និងកូរ៉េខាងជើង ខុសពីប្រទេសដៃគូផ្សេងដូចជាកូរ៉េខាងត្បូង ចិន ជប៉ុន និងឥណ្ឌា ដែលមានជំនួបកំពូលជាមួយអាស៊ានជាច្រើននៅរៀងរាល់ឆ្នាំ។
ចំពោះមុខអ្នកចូលរួមជាច្រើនក្នុងបាឋកថានៅឯវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍នៅថ្ងៃទី១៣ ខែកក្កដា លោក មូន និយាយថា ការវិលត្រឡប់ចូលរួមជីវភាពជាមួយសហគមន៍អន្តរជាតិ នឹងជួយឲ្យកូរ៉េខាងជើងមានទំនាក់ទំនងល្អជាមួយប្រទេសនានា។ យោងតាមទីភ្នាក់ងារព័ត៌មាន Yonhap លោកសង្ឃឹមថា អាស៊ាននឹងបន្ថែមកូរ៉េខាងជើងទៅក្នុងជំនួបទាំងអស់ និងពង្រឹងទំនាក់ទំនាជាមួយកូរ៉េខាងជើងផង នៅពេលរដ្ឋមួយនេះអនុវត្តពេញលេញការរំសាយនុយក្លេអ៊ែរ។
ជុំវិញរឿងនេះ មេដឹកនាំកូរ៉េខាងត្បូងរូបនេះបានពន្យល់ថា យើងត្រូវបង្កើតឱកាសឲ្យកូរ៉េខាងជើងដើម្បីពេញតួនាទីជាសមាជិកសហគមន៍អន្តរជាតិដែលមានការទទួលខុសត្រូវ។ ជាថ្នូរមកវិញ កូរ៉េខាងជើងនឹងបង្កើតឱកាសឲ្យកូរ៉េខាងត្បូង អាស៊ាន ក៏ដូចជាតំបន់អាស៊ីទាំងមូល ព្រោះនៅពេលទណ្ឌកម្មលើកូរ៉េខាងជើងត្រូវបានដកចេញក្រោយការរំសាយនុយក្លេអ៊ែរ ទំនាក់ទំនងសេដ្ឋកិច្ចរវាអាស៊ាន និងកូរ៉េខាងជើងដែលធ្លាប់តែរស់រវើក នឹងត្រូវបានបង្កើនជាថ្មី។
យ៉ាងណាមិញ ខណៈដែលការចរចាអាមេរិក និងកូរ៉េខាងជើងមិនទៅមុខអ្វីសោះ លោក មូន ក៏បានស្នើឲ្យភាគីនេះបង្កើតការចរចាដោយស្មោះត្រង់ និងបានអះអាងថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក៏មានឆន្ទៈប្រែក្លាយប្រទេសធម្មតាដូចគេឯងដែរ។ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះបានព្រមានអាមេរិក និងកូរ៉េខាងជើងទុកមុនថា បើមិនអាចរក្សាពាក្យសន្យារបស់ខ្លួនទេនោះ សហគមន៍អន្តរជាតិនឹងថ្កោលទោសពួកគេមិនខាន៕
Tag:
កូរ៉េខាងត្បូង
កូរ៉េខាងជើង
សិង្ហបុរី
មូន ចេអ៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com