ភ្នំពេញ៖ គណបក្សធម្មាធិបតេយ្យ នឹងមិនមានការហែក្បួនឃោសនាទ្រង់ទ្រាយធំឡើយ។ ការមិនហែក្បួនធំនេះ ដោយសារតែអ្នកស្រី ពោធិតី សាវត្ថី ប្រធានគណបក្ស មានហេតុផល៤ចំណុច ក្នុងនោះអ្វីដែលសំខាន់ជាងគេបំផុតគឺ មិនចង់ឲ្យពលរដ្ឋឈឺចាប់។
ប្រធានគណបក្សធម្មាធិបតេយ្យ លោកស្រី ពោធិតី សាវត្ថី បានផ្ដាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការឃោសនាបោះឆ្នោត។ ការផ្លាស់ប្តូរនេះ គឺប្ដូរពីមានគម្រោងឃោសនាទ្រង់ទ្រាយធំ ទៅការហែក្បួនតូចៗធម្មតាតាមតំបន់។ មូលហេតុដែលប្រធានគណបក្សដែលមានលេខ១៦ជាសម្គាល់នេះ ព្រោះតែអ្នកស្រីមិនចង់ឲ្យប្រជាពលរដ្ឋឈឺចាប់។ ឈឺចាប់គឺត្រង់ន័យថា ពលរដ្ឋមើលឃើញពីការចំណាយលុយច្រើនសន្ធឹកសន្ធាប់ក្នុងការដង្ហែបក្ស ខណៈខ្លួនគ្មានផ្ទះសម្បែង និងអាហារគ្រប់គ្រាន់។
លោកស្រី ពោធិតី សាវត្ថី បញ្ជាក់យ៉ាងដូច្នេះ «ពលរដ្ឋខ្លះប្រាប់ខ្ញុំថា គណបក្សជាច្រើនគាត់បានស្គាល់ហើយ ហើយបើគាត់យកលុយរាប់លានដុល្លារនោះទៅសង់ផ្ទះឲ្យអ្នកក្រីក្រស្នាក់នៅគឺត្រឹមត្រូវជាង។ ពលរដ្ឋគាត់ស្ដាយលុយទាំងនោះណាស់»។
ក្រៅពីការមិនចង់ឲ្យពលរដ្ឋឈឺចាប់ ការមិនហែក្បួនទ្រង់ទ្រាយធំនេះ ក៏ដើម្បីមិនចង់ឲ្យប៉ះពាល់ជាមួយបក្សដទៃ នៅក្នុងក្បួនដង្ហែ មិនចង់រំខានជីវភាពរស់នៅរបស់សមាជិកបក្ស ហើយគប្សមួយនេះ ក៏មិនមានប្រាក់ទៅជួលគេឲ្យមកជួយឃោសនាដែរ។ នេះជាការបញ្ជាក់បន្ថែមទៀតពីលោកស្រី ពោធិតី សាវត្ថី។ យ៉ាងណាការហែក្បួនតូចៗនៅតាមមូលដ្ឋាននេះ ប្រធានគណបក្សខាងលើ យល់ឃើញថាមានប្រសិទ្ធភាពច្រើនជាងការឃោសនាក្បួនធំ។
គណបក្សធម្មាធិបតេយ្យ មានលេខរៀងលំដាប់ទី១៦ ក្នុងតារាងសន្លឹកឆ្នោតរបស់ គ.ជ.ប។ គណបក្សដែលមានប្រធានជាស្ត្រីនេះ បានឈរឈ្មោះបោះឆ្នោតចំនួន១០មណ្ឌល ស្មើនិង៨៤អាសនៈ។ មណ្ឌលទាំង១០ របស់គណបក្សធម្មាធិបតេយ្យមាន មណ្ឌលខេត្តសៀមរាប កំពង់ចាម កំពង់ធំ កំពង់ស្ពឺ ព្រៃវែង កណ្ដាល បាត់ដំបង កំពត តាកែវ និង ភ្នំពេញ។
នៅក្នុងគោលនយោបាយរបស់ខ្លួន ប្រធានគណបក្សធម្មាធិបតេយ្យ បានដាក់គោលនយោបាយចំនួន ៣ចំណុច ដើម្បីចូលប្រកូតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦។ ភ្ជាប់ជាមួយគោលនយោបាយនេះ ស្ត្រីប្រធានគណបក្សខាងលើ បានបង្ហាញពីការលះបង់សេចក្ដីសុខរបស់ខ្លួន នៅក្នុងប្រទេសហូឡង់ ដើម្បីស្រោចស្រង់នយោបាយនៅកម្ពុជា ដល់អ្នកគាំទ្រផងដែរ ក្រោមបាវចនា «មេត្តា ករុណា មុទិតា និងឧបេក្ខា»។
គោលនយោបាយទាំង ៣នោះរួមមាន ស្រោចស្រង់លទ្ធិប្រជាធិបតេយ្យ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ រក្សាឆ្នាំងបាយកម្មករ និងកសិករ ពីជម្លោះរវាងគណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សសង្គ្រោះជាតិ។ ពន្លត់កម្ដៅនយោបាយ និងទប់ស្កាត់មិនឲ្យមានមិនឲ្យមានការបង្ហូរឈាមរវាងខ្មែរនិងខ្មែរ។
ក្រៅពីគោលនយោបាយទាំង ៣នេះ លោកស្រី ពោធិតី សាវត្ថី ក៏សន្យារថាមិនរត់ទៅណាចោលប្រទេសកម្ពុជាឡើយ បើទោះជាមានរឿងអ្វីកើតឡើងក៏ដោយ។ សារខ្លីចុងក្រោយដែលគណបក្សមានលេខរៀងទី១៦ ក្នុងតារាងសន្លឹកឆ្នោតនេះ ផ្ញើទៅកាន់អ្នកគាំទ្រគឺ «ទូកមួយត្រូវបានគេពន្លិចទៅហើយ យើងត្រូវយកទូកថ្មីមួយទៀតបន្តដំណើរឲ្យដល់គោលដៅដែលយើងចង់បាន»៕