ជាតិ
បទសម្ភាសន៍
ស្គរ​ដៃ​របស់​អ្នកភូមិ​រហាល​កំពុង​ខ្វះ​ទីផ្សារ​
15, Jul 2018 , 6:59 pm        
រូបភាព
​សៀមរាប​៖ ស្គរ​ដៃ ជា​ឧបករណ៍​ភ្លេង​មួយបែប​របស់​ខ្មែរ ដែល​អាច​ប្រគំក្នុង​ហ្វូង​តន្ដ្រី​មួយចំនួន មាន​ភ្លេង​ការ មហោរី ឆៃ​យ៉ាំ ។​ល​។ នៅ​ខេត្តសៀមរាប ស្គរ​ដៃ​មាន​ដាក់លក់​ជា​ហូរហែរ​នៅតាម​ទីផ្សារ ពិសេស​នៅតាម​ប្រាសាទ​នានា ហើយ​ភ្ញៀវទេសចរ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ឧបករណ៍​មួយ​នេះ ព្រោះ​វា​ស្រាល និង​អាចដាក់​តាម​ខ្លួន ដែល​ភាគច្រើន​ពួកគេ​បាន​ទិញ​សម្រាប់​ជា​វត្ថុ​អនុស្សាវរីយ៍​ផង​ក៏មាន​។

 
​តើ​គេ​មាន​ចាប់អារម្មណ៍​ចំពោះ​វត្តមាន​ស្គរ​ដៃ​តូចៗ ដែល​អ្នកលក់​ស្ពាយ​លក់​នៅតាម​ប្រាសាទ​ក្នុង​ខេត្តសៀមរាប​ដែរឬទេ​? តើ​ឧបករណ៍​ទាំង​នោះគេ​យកមក​ពី​ទីណា​? ប្រហែល​មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​ដឹង​ពី​ប្រភព​ស្គរ​ដៃ​ទាំងនេះ​។ ភូមិ​រហាល ដែលមាន​ភូមិសាស្ដ្រ​នៅ​ប៉ែក​ខាងជើង​ស្រះស្រង់ និង​ប្រាសាទបន្ទាយក្ដី មួយផ្នែកធំ​នៃ​អ្នកភូមិ​នេះ មាន​ជំនាញ​ធ្វើ​ស្គរ​ដៃ​។ 
 


លោក ញឹម សីហា ជា​អ្នកធ្វើ​ស្គរ​មួយរូប​នៅ​ភូមិ​រហាល បាន​ចាប់​មុខរបរ​នេះ​ប្រមាណ​៥​ឆ្នាំ​មកហើយ​។ លោក​ថា មុខរបរ​នេះ​បាន​ជួយ​សម្រាល​បន្ទុកគ្រួសារ​លោក​បាន​ច្រើន ហើយ​វា​ជា​របរ​ប្រចាំថ្ងៃ​សម្រាប់​គ្រួសារ​លោក និង​ប្រើ​ទុន​តិច​។ ត្បិត​ស្គរ​ដៃ មាន​រាង​តូច ស្រាល និង​រលោង​ក៏ពិតមែន តែ​មិន​ប្រាកដថា របរ​នេះ​ងាយស្រួល​នោះឡើយ​។ លោក សីហា លើកឡើងថា របរ​ធ្វើ​ស្គរ​ដៃ ជា​របរ​ដែល​នឿយ​បំផុត ហើយ​ត្រូវ​ប្រើពេល​យូរ​ទើប​អាច​ផលិត​ស្គរ​មួយ​ដែលមាន​រូបរាង​ពេញលេញ និង​ឮ​សំឡេង​ល្អ​។​
 

 
​ឈើ​ដែល​អាច​យកមក​ធ្វើ​ស្គរ​ដៃ​បាន ជា​ប្រភេទ​ឈើ​ស្រាល មាន​ឈើ​ត្រ​សេក អាកាស្យា ឈ្លីក ត្នោត និង​ខ្នុរ​ជាដើម​។ 
 
​របរ​ធ្វើ​ស្គរ​ដៃ បាន​ជួយ​អ្នកភូមិ​រហាល​ជាច្រើន​មាន​ចំណូល​ប្រចាំថ្ងៃ​។ រយៈពេល​កន្លងមក របរ​នេះ​ហាក់​កាប់​កប​ច្រើន ពេលខ្លះ​ជាង​មិនអាច​ធ្វើ​គ្រប់​តាម​ការបញ្ជាទិញ​ពី​ឈ្មួញ​ក៏មាន​។ ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នៅ​ឆ្នាំ​២០១៨​នេះ អ្នក​ប្រក​បរបរ​នេះ​បាន​ត្អួ​ញ​ត្អែ​រ ដោយ​ខ្លះ​ចង់​បោះបង់​របរ​ប្រចាំ​គ្រួសារ​នេះ​ក៏មាន ដោយសារ​កង្វះ​ទីផ្សារ ហើយ​មិនសូវមាន​អ្នកទិញ​ដូច​មុន​។ 
 

 
​តើ​មាន​មូលហេតុ​អ្វីខ្លះ ទើប​ធ្វើឱ្យ​របរ​ធ្វើ​ស្គរ​របស់​អ្នកភូមិ​រហាល​គ្មាន​ទីផ្សារ​ដូចពេលមុន​? សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ញឹម សីហា ជាង​ធ្វើ​ស្គរ​ដៃ​មួយរូប​នៅ​ភូមិ​រហាល សង្កាត់​នគរធំ ក្រុង​សៀមរាប ដូចតទៅ​

 

 

Tag:
 ស្គរ​ដៃ​
  ភូមិ​រហាល
© រក្សាសិទ្ធិដោយ thmeythmey.com