ជាតិ
CATA រៀបចំ​ពិ​ព័រ​ណ៌​ទេសចរណ៍​ជាតិ​លើកដំបូង​ជំរុញ​ការផ្សព្វផ្សាយ និង​លក់​ផលិតផល​ក្នុងស្រុក​
16, Jul 2018 , 12:06 pm        
រូបភាព
​សៀមរាប​៖ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ហៅ​កាត់​ថា CATA នឹង​រៀបចំ​ពិ​ព័រ​ណ៌​ទេសចរណ៍​ជាតិ​ជា​លើកទីមួយ​របស់ខ្លួនរ​យៈ​ពេល​៣​ថ្ងៃ ក្នុង​បំណង​ជំរុញ​ការផ្សព្វផ្សាយ​សេវាកម្ម​ទេសចរណ៍ និង​ម្ហូបអាហារ​។ ប្រធាន​សមាគម​រំពឹង​ថា ពិ​ព័រ​ណ៌​នេះ​នឹង​ទាក់ទាញ​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន ដែល​ចង់​ស្វែងយល់​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ពី​សេវាកម្ម​ទេសចរណ៍ និង​ផលិតផល​ក្នុងស្រុក​។​



​ពិ​ព័រ​ណ៌​ទេសចរណ៍​ជាតិ​លើក​ទី​១ ធ្វើឡើង​ក្រោម​ប្រធានបទ «​កំណប់ទ្រព្យ​ទេសចរណ៍​កម្ពុជា​» មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២០-២២ កក្កដា នៅ​សាល​មហោស្រព និង​ពិ​ព័រ​ណ៌​កោះ​ពេជ្រ​។ ពិ​ព័រ​ណ៌​នេះ​មានការ​ចូលរួម​ពី​បណ្តា​ក្រុមហ៊ុន​សរុប​ចំនួន ១៦០​ក្រុមហ៊ុន​។

​លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ក្នុង​ពិធី​សំណេះសំណាល និង​ផ្សព្វផ្សាយ​ពិ​ព័រ​ណ៌​ទេសចរណ៍​ជាតិ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​នៅ​ខេត្តសៀមរាប នៅ​ថ្ងៃទី​១៤ កក្កដា បាន​ពន្យល់ថា បណ្តា​ក្រុមហ៊ុន​ដែល​ចូលរួម​នោះ រួមមាន ទីភ្នាក់ងារ​ទេសចរណ៍ សហគមន៍​ទេសចរណ៍ ភោជនីយដ្ឋាន សមាគម​ចុងភៅ ក្រុមហ៊ុន​អាកាសចរណ៍ ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្លូវទឹក​-​គោក និង​ក្រុមហ៊ុន​ផលិតផល​ក្នុងស្រុក​។​ល​។ លោកស្រី​បន្ថែមថា ពិ​ព័រ​ណ៌​នេះ​នឹង​រៀបចំ​ឱ្យមាន​ការជួបជុំ​រវាង​អ្នក​ផលិត និង​អ្នកទទួល​ទិញ ពិសេស​ការ​រចនា​កញ្ចប់​ទស្សនៈកិច្ច​ទេសចរណ៍​របស់​ភ្ញៀវ បំណង​ដើម្បី​ពន្យា​ការ​ស្នាក់នៅ​របស់​ភ្ញៀវ​។



​លោកស្រី ឆាយ ស៊ីវ​លីន បន្ថែមថា ក្រៅពី​ផ្សព្វផ្សាយ​ពី​កញ្ចប់​សេវាកម្ម​ទេសចរណ៍​ក្នុងស្រុក​ហើយ​នោះ ពិ​ព័រ​ណ៌​ខាងលើ និង​រៀបចំ​ផ្សព្វផ្សាយ​មុខម្ហូប​អាហារ​ខ្មែរ ព្រោះថា​កន្លងមក​ការផ្សព្វផ្សាយ​នៅមានកម្រិត ជាហេតុ​ធ្វើឱ្យ​ម្ហូប​ទាំងនោះ​មិនសូវ​ល្បីល្បាញ​ក្នុង​វិស័យ​ម្ហូបអាហារ​។ «​តាមពិតទៅ អាហារ​ខ្មែរ​ឆ្ងាញ់ មាន​ភាព​ទាក់ទាញ និង​ជួយ​ដល់​សុខភាព​ទៀតផង តែ​កង្វះ​ការផ្សព្វផ្សាយ​ទើប​មិនសូវ​ល្បី​ដល់​ឆាក​អន្ដរជាតិ ដូច្នេះ​ពិ​ព័រ​ណ៌​នេះ កញែក​ម្ហូបអាហារ ក្នុង​បំណង​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​។​

​លោកស្រី​ប្រធាន​សមាគម​ទទួលស្គាល់ថា ម្ហូបអាហារ បានរួម​ចំណែក​ខ្លាំង​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ធ្វើឱ្យ​ភ្ញៀវ​ចង់​មក​ម្ដង​ហើយ​ម្ដងទៀត ខុសពី​ការ​ទស្សនា​ប្រាសាទ ឆ្នេរ​ខ្សាច់ និង​ទឹកជ្រោះ​។​ល​។ លោកស្រី​ថា សមាគម បាននិងកំពុង​ជំរុញ​ឱ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់​យកចិត្តទុកដាក់​ពី​បញ្ហា​នេះ ហើយ​ប្រើប្រាស់​ផលិត​ខ្មែរ និង​សេវាកម្ម​ទេសចរណ៍​សហ​គម​ន៍ ដើម្បីឱ្យ​ពួកគេ​បាន​ប្រយោជន៍​ខ្លះ​ពី​វិស័យ​ទេសចរណ៍​។​



​ទាក់ទង​នឹង​ពិ​ព័រ​ណ៌​ទេសចរណ៍​ជាតិ លោកស្រី ឆាយ ស៊ីវ​លីន សុំឱ្យ​ប្រតិបត្តិការ​ទាំងអស់ ចូលរួម​ឱ្យបាន​ច្រើន​កុះករ ព្រោះថា​ព្រឹត្តិការណ៍​នេះ​អាចឱ្យ​ពួកគេ​ស្វែងយល់​កាន់តែ​ជ្រៅ​ពីអ្វី​ទៅជា​សេវាកម្ម​ទេសចរណ៍ អ្វី​ជា​គុណភាព​នៃ​សេវាកម្ម​ទេសចរណ៍ និង​អ្វី​ទៅជា​ការពង្រីក​កញ្ចប់​ទ​ស្សនៈ​កិច្ច​បន្ថែម​។​ល​។ ក្នុង​ពិ​ព័រ​ណ៌​នេះដែរ នឹងមាន​ការចូលរួម​ពី​វាគ្មិន​មកពី​បណ្តា​ប្រទេស​ផ្សេងៗ ដែល​ពួកគេ​នឹង​ចែករំលែក​ពីបទ​ពិសោធន៍​ជោគជ័យ​នានា​ក្នុង​វិស័យ​ទេសចរណ៍​៕


© រក្សាសិទ្ធិដោយ thmeythmey.com