កីឡាជាតិ
ជាតិ
កម្ពុជារំពឹងបានលទ្ធផលល្អ ពី ASEAN School Games នៅម៉ាឡេស៊ីឆ្នាំនេះ
× ការហ្វឹកហាត់ពង្រឹងសមត្ថភាពត្រៀមមុនការប្រកួតបានល្អ បានផ្តល់ទំនុកចិត្តដល់ថ្នាក់ដឹកនាំកីឡាកម្ពុជា សម្រាប់ការរំពឹងទទួលបានលទ្ធផលល្អពីព្រឹត្តិការណ៍ The 10th ASEAN School Games ប្រចាំឆ្នាំ២០១៨ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ សម្រាប់ការចូលរួមលើកទី៣នេះ កម្ពុជាបានបញ្ជូនអត្តពលិកលើ៤ប្រភេទកីឡាឲ្យចូលរួម។ គោលបំណងនៃការចូលរួម គឺដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស និងសមត្ថភាពកីឡាករថ្នាល សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។
លោក ព្រំ ប៊ុណ្ណយី នាយបេសកកម្មបានបង្ហាញក្តីសង្ឃឹមថា កម្ពុជានឹងទទួលបានលទ្ធផលល្អ សម្រាប់ការចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ ASEAN School Games នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនៅឆ្នាំនេះ។ លោកអះអាងថា ការបង្ហាញក្តីរំពឹងបែបនេះ ដោយសារអត្តពលិក ដែលបញ្ជូនឲ្យចូលរួមប្រកួតលើកនេះ សុទ្ធសឹងជាយុវជនថ្នាលប្រកបដោយសក្តានុពល ពិសេសពួកគេបានហ្វឹកហាត់ពង្រឹងសមត្ថភាពត្រៀមមុនការប្រកួតបានយ៉ាងល្អទៀតផង។
ក្នុងបទសម្ភាសជាអ្នកសារព័ត៌មានមុនចេញដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក ព្រំ ប៊ុណ្ណយី បានបង្ហាញការជឿជាក់យ៉ាងដូច្នេះថា៖«សហព័ន្ធនីមួយៗបានត្រៀមលក្ខណៈ និងកីឡាករថ្នាលរបស់ខ្លួនបានយ៉ាងល្អ សម្រាប់ការចូលរួមប្រកួតលើកនេះ។ យើងរំពឹងថា កម្ពុជានឹងទទួលបានលទ្ធផលល្អ ព្រោះសហព័ន្ធទាំងអស់សុទ្ធតែប្តេជ្ញារៀងៗខ្លួនក្នុងការបញ្ជូនកីឡាកររបស់ពួកគេលើកនេះ»។ លោកបន្ថែមថា៖«យើងរំពឹងទាំង៤ប្រភេទកីឡាតែម្តង ព្រោះសុទ្ធសឹងជាកីឡាករថ្នាលប្រកបដោយគុណភាព»។
ទីប្រឹក្សាក្រសួងអប់រំយុវជននិងកីឡារូបនេះ បានបន្ថែមទៀតថា គោលបំណងនៃការបញ្ជូនកីឡាករថ្នាលឲ្យចូលរួមលើកនេះ គឺដើម្បីវាស់ស្ទង់សមត្ថភាព។ ពិសេស គឺចង់ឲ្យពួកគេទទួលបានបទពិសោធប្រកួតលើឆាកអន្តរជាតិក្នុងការអភិវឌ្ឍភាពឲ្យកាន់តែប្រសើរឡើង សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទ។
ការប្រកួត ASEAN School Games លើកទី១០ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២៣ ខែកក្កដា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីដោយមាន១០ប្រទេសចូលរួម ហើយអត្តពលិកទាំងនេះប្រកួតប្រជែងលើ១០ប្រភេទកីឡា ខណៈកម្ពុជាបញ្ជូនអត្តពលិកតែ៤ប្រភេទកីឡាប៉ុណ្ណោះឲ្យចូលរួម។ កីឡាទាំងនោះរួមមានវាយកូនឃ្លីលើតុ, អត្តពលកម្ម, ហែលទឹក និងវាយសី។ សម្រាប់ការចូលរួមពីរលើកកន្លងមកកម្ពុជាទទួលបានមេដាយសំរឹទ្ធតែមួយប៉ុណ្ណោះ៕
Tag:
ASEAN School Games
ព្រំ ប៊ុណ្ណយី
© រក្សាសិទ្ធិដោយ thmeythmey.com