អន្តរជាតិ
បក្សប្រឆាំងហ្វីលីពីន៖ រដ្ឋបាលឌូទើតេ ធ្វើឲ្យស្ថានភាពហ្វីលីពីនកាន់តែអាក្រក់ ប្រជាជនកាន់តែក្រីក្រ
× សមាជិកសភាបក្សប្រឆាំងហ្វីលីពីន បានរិះគន់រដ្ឋបាលលោកប្រធានាធិបតីរ៉ូឌ្រីហ្គោ ឌូទើតេ ថាបានធ្វើឲ្យស្ថានភាពរបស់ប្រទេសកាន់តែអាក្រក់ទាំងផ្នែកសន្តិសុខ ប្រព័ន្ធរដ្ឋបាល និងនីតិរដ្ឋ។ សមាជិកសភារូបនេះ ចង់ឃើញលោកប្រធានាធិបតី ដោះស្រាយបញ្ហាភាពក្រីក្ររបស់ប្រជាជន និងធានាឲ្យបាននូវការគោរពច្បាប់ឡើងវិញ។
សមាជិកសភាបក្សប្រឆាំងហ្វីលីពីន លោក Gary Alejano នៅថ្ងៃ២០ កក្កដា បានលើកឡើងថា រយៈពេលពីរឆ្នាំនៃការដឹកនាំរបស់លោកឌូទើតេ សម្រេចបានសមិទ្ធផលខ្លះ ក៏ប៉ុន្តែភាពដឹកនាំរបស់លោក បានធ្វើឲ្យស្ថានភាព នៃភាពក្រីក្រកាន់តែអាក្រក់ទៅៗ, បង្កើនអសន្តិសុខ និងធ្វើឲ្យប្រទេសជួបបញ្ហាអធិបតេយ្យទៀតផង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Philstar ហ្វីលីពីន។
អ្នកតំណាងរាស្ត្ររូបនេះ បានរិះគន់លោកឌូទើតេ ដែលកន្លងមក អះអាងខ្លួនថា ជាអ្នកស្រលាញ់សន្តិភាព និងសណ្តាប់ធ្នាប់ ក៏ប៉ុន្តែគោលនយោបាយដឹកនាំរបស់លោក បែរជាបង្កើតជាភាពភាពភ័យខ្លាចទៅវិញ។ ពាក់ព័ន្ធសង្គម-សេដ្ឋកិច្ចវិញ អ្នកតំណាងរាស្ត្រ បានបន្ទោសលោកឌូទើតេ ដែលមិនជួយប្រជាជនក្រីក្រ និងជាពិសេសបណ្តែតបណ្តោយឲ្យមានកម្រិតអតិផរណាខ្ពស់ទៀតផង។
អ្វីដែលគួរកត់សម្គាល់នោះ សេចក្តីថ្លែងការណ៍របស់អ្នកតំណាងរូបនេះ ធ្វើឡើងមុនប៉ុន្មានថ្ងៃប៉ុណ្ណោះនៃការថ្លែងសុន្ទរកថាថ្នាក់ជាតិប្រចាំឆ្នាំរបស់លោកប្រធានាធិបតី ឌូទើតេ។ លោកប្រធានាធិបតី នៅថ្ងៃ២៣ កក្កដា នឹងថ្លែងសុន្ទរកថាប្រចាំឆ្នាំរបស់លោកស្តីពីសមិទ្ធផលពីរឆ្នាំនៃការដឹកនាំប្រទេសរបស់លោក ក៏ដូចជាការប្តេជ្ញាចិត្តបន្ទាប់រហូតដល់ចប់អាណត្តិដឹកនាំរបស់លោក។
សូមរម្លឹកបន្តិចថា បន្ទាប់ពីជាប់ជាប្រធានាធិបតីហ្វីលីពីន លោក ឌូទើតេ បានប្រកាសដោះស្រាយបញ្ហាអាទិភាពមួយចំនួនដូចជាកាត់បន្ថយភាពក្រីក្រ និងបោសសម្អាតឲ្យអស់នូវបញ្ហាគ្រឿងញៀន។ ហើយកន្លងមកដោយសារតែការអនុវត្តគោលនយោបាយបោសសម្អាតគ្រឿងញៀននេះហើយ ធ្វើឲ្យលោក ស្ទើរតែស្ថិតនៅក្នុងទំព័រមុខនៃសារព័ត៌មានជាតិ និងអន្តរជាតិរៀងរាល់ថ្ងៃ។
នោះក៏ព្រោះតែ ដោយសារតែគោលនយោបាយសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកធ្វើឲ្យជនពាក់ព័ន្ធគ្រឿងញៀនរាប់ពាន់នាក់ បានស្លាប់ និងត្រូវបានសម្លាប់ ដែលរាប់បញ្ចូលទាំងការអនុវត្តក្រៅប្រព័ន្ធតុលាការ។ រដ្ឋបាលរបស់លោក បានរងការរិះគន់ពីសហគមន៍អន្តរជាតិរឿងបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរច្រើនជាងការសរសើរ៕
© រក្សាសិទ្ធិដោយ thmeythmey.com