កីឡាអន្តរជាតិ
អន្តរជាតិ
សហព័ន្ធ​កីឡាបាល់ទាត់​អាល្លឺម៉ង់ ថា​មិនបាន​រើសអើង​ពូជសាសន៍​ដូច​ Ozil ​ចោទ​ឡើយ​
24, Jul 2018 , 1:46 pm        
រូបភាព
សហព័ន្ធ​​កីឡាបាល់ទាត់​អាល្លឺម៉ង់ (DFB) បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​ពី​ការរើសអើង​ជាតិ​សាសន៍​ទៅលើ Mesut Ozil ដោយ​អះអាង​ខ្លួន​បានធ្វើ​អ្វីៗ​ជាច្រើន​ដើម្បី​ការពារ​ខ្សែបម្រើ​របស់ Arsenal រូបនេះ ពី​ការរំលោភបំពាន​ទៅវិញ​ទេ​។ នេះ​បើតាម​ការផ្សាយ​របស់ Independent​។​


 
Ozil បានប្រកាស​ឈប់​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​តទៅទៀត ព្រោះ​ទ្រាំ​មិនបាន​នឹង ការរើសអើង​ជាតិ​សាសន៍ និង​ការមិន​គោរព​មកលើ​ខ្លួន ពី​សំណាក់​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាល្លឺម៉ង់​។​

ខ្សែបម្រើ វ័យ​២៩​ឆ្នាំ​រូបនេះ​បាន​អះអាង​ទៀតថា រូបគេ​ត្រូវបាន​អ្នកគាំទ្រ​របស់​ក្រុម​ឥន្ទ្រី​ដែក​គំរាមកំហែង និង​ស្តីបន្ទោស​ពី​ទម្រង់​លេង បន្ទាប់ពី​មិនអាច​ជួយ​ក្រុម​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​ក្នុង​ការប្រកួត​ពានរង្វាន់ FIFA World Cup នៅ​រុស្ស៊ី​ទៀតផង​។ ក្រោយ​ការរិះគន់​នេះ Ozil បាន​សរសេរ​បែប​ឌឺដង​វិញ​ថា​៖ «​ខ្ញុំ​ជា​ជនជាតិ​អាល្លឺម៉ង់ នៅពេលដែល​យើង​ឈ្នះ ហើយ​ជា​ជនអន្តោប្រវេសន៍ នៅពេល​យើង​ចាញ់​»​។​

​ជុំវិញ​ការលើកឡើង​របស់​ខ្សែបម្រើ​ក្រុម​រហស្សនាម​កាំភ្លើង​ធំ​អំពី​ការរើសអើង​ជាតិ​សាសន៍ DFB បាន​ឆ្លើយតប​វិញ​ថា​៖«​ស្ថាប័ន​យើង​ពិតជា​សោកស្តាយ​ចំពោះ​ការចាកចេញ​របស់ Mesut Ozil ពី​ក្រុម​ជម្រើសជាតិ​។ យើង​ប​ដិ​សេ​ដោយ​ចំហ​ចំពោះ​ការចោទប្រកាន់ DFB ដែល​ពាក់ព័ន្ធ​នឹង​ការប្រកាន់​ពូជសាសន៍​។ DFB បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ការប្រឆាំង​ទៅនឹង​សកម្មភាព​រើសអើង​ច្រើនលើកច្រើនសារ​ក្នុងប្រទេស​អាល្លឺម៉ង់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​»​។​

​អតីត​សមាជិក Real Madrid រូបនេះ ទទួល​ការរិះគន់​ខ្លាំងៗ​ពី សំណាក់​លោក Reinhard Grindel ប្រធាន DFB បន្ទាប់​រូបគេ​បាន​ជួប​ជាមួយ​លោក Recep Tayyip Erdogan ក្នុង​ទីក្រុង​ឡុង​ដ៏ កាលពី​ថ្ងៃទី​១៣ ខែឧសភា និង​បាន​ថតរូប​ជាមួយគ្នា​ផង ស្របពេល​ប្រធានាធិបតី​តួ​ក​គី​រូបនេះ​កំពុង​ធ្វើ​យុទ្ធនា​ឃោសនាការ​បោះឆ្នោត​។​

Ozil មាន​សាច់ឈាម​តួ​ក​គី តែ​កើត​លើ​ទឹកដី​អាល្លឺម៉ង់​។ បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ជាច្រើន Özil ក៏​ធ្លាប់បាន​ជួប​ប្រធានាធិបតី​តួ​ក​គី​លោក Erdoğan ម្តង​ដែរ​នៅ​ឆ្នាំ​២០១១ កាល​នៅ​ជា​សមាជិក​ក្រុម​ស្តេច​ស​។​

​សមាគម​កីឡាបាល់ទាត់​អាល្លឺម៉ង់​បន្ថែមថា ពួកគេ​ទទួលស្គាល់ថា​មិនបាន​ដោះស្រាយ​បញ្ហា​ឲ្យ​បានល្អ​ប្រសើរ​ពិតមែន​ជុំវិញ​ការរិះគន់​របស់​អ្នកគាំទ្រ ប៉ុន្តែ​ស្ថាប័ន​មួយ​នេះ «​ពិតជា​សោកស្តាយ​ដែល Mesut Ozil មាន​អារម្មណ៍​ថា​គាត់​មិនត្រូវ​បានការ​ការពារ​គ្រប់គ្រាន់ ហើយ​ព្រមទាំង​ប្រើពាក្យ​ប្រកាន់​ជាតិ​សាសន៍​ថែមទៀត​»៕
 
 

Tag:
 បាល់ទាត់​
  Mesut Ozil
  Arsenal
  Recep Tayyip Erdogan
© រក្សាសិទ្ធិដោយ thmeythmey.com