កីឡាអន្តរជាតិ
អន្តរជាតិ
បេក្ខភាព​គ្រូបង្វឹក និង​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ តែ​គ្មាន Neymar និង Mourinho
25, Jul 2018 , 7:39 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ បាន​បញ្ចេញ​ឈ្មោះ​សមាសភាព​កីឡាករ​១០​រូប រួមទាំង​គ្រូបង្វឹក​១១​រូប ដើម្បី​ប្រជែង​ពាន​កីឡាករ និង​គ្រូ​ល្អផ្តាច់គេ​ប្រចាំឆ្នាំ​២០១៨ FIFA's The Best award​។



​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​១០​រូប​របស់ FIFA មិនមាន​វត្តមាន​ខ្សែប្រយុទ្ធ​ថ្លៃ​ជាងគេ​លើ​លោក Neymar ទេ ដែល​ក្នុងនោះ​រួមមាន Cristiano Ronaldo (Juventus), Kevin de Bruyne (Man City), Antoine Griezmann (At-Madrid), Eden Hazard (Chelsea), Harry Kane (Spurs), Kylian Mbappe (PSG), Lionel Messi (Barcelona), Luka Modric (Real Madrid), Mohamed Salah (Liverpool) និង Raphael Varane (Real Madrid)​។​



​ក្នុងចំណោម​កីឡាករ​ទាំង​១០​រូប Lionel Messi, Kylian Mbappe, Cristiano Ronaldo និង Mohamed Salah ស្ថិត​ក្នុងចំណោម​បេក្ខភាព​ដែលមាន​ភាគរយ​ដើម្បី​ឈ្នះ​ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុត​លើ​លោក​ប្រចាំឆ្នាំ ២០១៨ របស់ FIFA នេះ​ច្រើនជាងគេ​។​

Ronaldo ដែល​ធ្លាប់​ឈ្នះ​ពានរង្វាន់​នេះ​ក្នុង​ឆ្នាំ ២០១៧ បាន​ជួយ​ក្លិប​ចាស់ Real Madrid លើក​ពាន Champions League ជា​លើក​ទី​៣​ជាប់ៗ​គ្នា ខណៈដែល Messi បាន​ស៊ុត​បញ្ចូល​ទី ៣៤ គ្រាប់​ក្នុង​លី​ក​ដើម្បី​នាំ Barcelona លើក​ពាន La Liga និង​ឈ្នះ​ស្បែក​មាស​សម្រាប់​រដូវ​កាល ២០១៧-២០១៨ ។​

​សមាជិក​ដែល​ជួយ​បារាំង​គ្រង​ជើងឯក FIFA World Cup នៅ​រុស្ស៊ី Kylian Mbappe បានបង្ហាញ​ទម្រង់​លេង​យ៉ាង​អស្ចារ្យ​នៅក្នុង​ព្រឹត្តិការណ៍​នោះ​ក្នុងនាម​ជា​កីឡាករ​វ័យក្មេង​ជាមួយនឹង​ការបង្កើត​ឱកាស និង​ល្បឿន​ដ៏​លឿន​របស់គេ​។ ខ្សែប្រយុទ្ធ​វ័យ ១៩​ឆ្នាំ​រូបនេះ ក៏បាន​ជួយ​ក្លិប PSG លើក​ពាន Ligue 1 នៅ​រដូវ​កាល​មុន​ផងដែរ​។​

Salah បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅ​រដូវ​កាល​ដំបូង បន្ទាប់ពី​ផ្លាស់​មក​ចួ​ល​រួមជាមួយ Liverpool ពី Roma ដោយ​ជួយ​ក្រុម​នៅ​អង់គ្លេស​មួយ​នេះ​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ជា​លើកដំបូង​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​។ ខ្សែប្រយុទ្ធ​វ័យ ២៦​ឆ្នាំ ក៏បាន​ជួយ​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​បាន​កៅអី​ទៅកាន់ World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​ផងដែរ បើ​ទោះ​មិនអាច​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​ក៏ដោយ​។​

​ដោយឡែក​គ្រូបង្វឹក​ទាំង​១១​រូប ដែល​ជាប់​ក្នុង​បញ្ជី​ដើម្បី​ប្រជែង​ពាន​ប្រចាំ​ឆ្នាំនេះ​មានដូចជា លោក Gareth Southgate (​អង់គ្លេស​), លោក Massimiliano Allegri (Juventus), លោក Stanislav Cherchesov (​រុស្ស៊ី​),  លោក Zlatko Dalic (​ក្រូ​អាស៊ី​), លោក Didier Deschamps គ្រូ​(​បារាំង​), លោក Pep Guardiola (Manchester City), លោក Roberto Martinez (​បែ​ល​ហ្សិ​ក​),  លោក Jurgen Klopp  (Liverpool), លោក Diego Simeone (Atletico Madrid), លោក Ernesto Valverde  (Barcelona) និង លោក Zinedine Zidane អតីត​អ្នកចាត់ការ Real Madrid​។ អ្វីដែល​សំខាន់​នោះ​ក្នុងចំណោម​គ្រូបង្វឹក​ទាំង​១១​រូប​ខាងលើ មិនមាន​វត្តមាន​អ្នកចាត់ការ​បិសាច​ក្រហម Manchester United លោក Jose Mourinho ដែល​តែ​តែមាន​ឈ្មោះ​ក្នុង​បញ្ជី​ពី​ឆ្នាំ​មុខៗ​នោះឡើយ​។



​បេក្ខភាព​ទាំង​គ្រូបង្វឹក និង​កីឡាករ​ខាងលើ ដែល​ត្រូវបាន​ជ្រើសរើស​មក​គឺ​ពឹង​ផ្អែកលើ​សម​ទ្ធ​ផល​ជារួម​គិត​ចាប់ពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៧​មក​។​
FIFA នឹង​ប្រកាស​ជ័យលាភី​ខាងលើ​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ ក្នុង​ទីក្រុង​ឡុង​ដ៏ ដោយមាន​ការចូលរួម​ពី​ជន​ល្បីៗ​ក្នុង​វិស័យ​កីឡាបាល់ទាត់​ដូចជា​វិ​រ​បុរស​ប្រេ​ស៊ី​ល Ronaldo និង​អតីត​គ្រូ​ជម្រើសជាតិ​អង់គ្លេស Fabio Capello ជាដើម​៕


Tag:
 បាល់ទាត់​
  FIFA
  FIFA\'s The Best award
© រក្សាសិទ្ធិដោយ thmeythmey.com