អន្តរជាតិ
ប្រជាជន​មី​យ៉ាន់​ម៉ា​រាប់ពាន់នាក់ ត្រូវ​ជម្លៀស​ចេញពី​លំនៅ​ព្រោះតែ​គ្រោះទឹកជំនន់​
28, Jul 2018 , 9:39 pm        
រូបភាព
ដោយ:
​មិន​ខុសពី​ប្រជាជន​នៃ​បណ្តា​ប្រទេស​មួយចំនួន​នៅ​តំបន់​អាស៊ាន​ដូចជា​កម្ពុជា ឡាវ និង​វៀតណាម​ឡើយ ប្រជាជន​មី​យ៉ាន់​ម៉ា​រាប់ពាន់​ក៏​កំពុងតែបន្ត​ស្វែងរក​ទីជម្រក​មាន​សុវត្ថិភាព បន្ទាប់ពី​ទីលំនៅ​របស់​ពួកគេ ត្រូវបាន​លិចលង់​ដោយសារតែ​គ្រោះទឹកជំនន់​។​



​អង្គភាព​គ្រប់គ្រង​គ្រោះមហន្តរាយ​មី​យ៉ាន់​ម៉ា បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​អះអាងថា មាន​ប្រជាជន​មី​យ៉ាន់​ម៉ា​ប្រមាណ​ជាង​១​ម៉ឺន​នាក់ កំពុងតែ​ភៀសខ្លួន​ចេញពី​ទីលំនៅ​របស់​ពួកគេ​នៅក្នុង​រដ្ឋ Kayin ខណៈ​ទឹកទន្លេ​ក្នុងប្រទេស​ឡើង​ខ្ពស់ និង​ទឹកភ្លៀង​នៅតែ​បន្ត​ធ្លាក់​ដែល​បង្ក​ឲ្យ​កើតជា​ទឹកជំនន់​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Myanmar Times​។​

​តាម​ប្រភពព័ត៌មាន​ដដែល ភូមិសាស្ត្រ​នេះ តែងតែ​រង​ការវាយប្រហារ​ពី​ទឹកជំនន់​ជា​រៀងរាល់ឆ្នាំ ក៏ប៉ុន្តែ​នៅក្នុង​ឆ្នាំនេះ ហាក់ដូច​ជាមាន​ស្ថានភាព​ធ្ងន់ធ្ងរ និង​អាក្រក់​ជាង​។ ជាមួយគ្នានេះ​តាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​នៃ​អង្គភាព​គ្រប់គ្រង​មហន្តរាយ ទឹកជំនន់​នេះ​នឹងមិន​អូសបន្លាយ​ពេល​យូរ​នោះទេ ក៏ប៉ុន្តែ​រដ្ឋាភិបាល ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​សម្រាប់​ការសង្គ្រោះ បើ​ទឹកជំនន់​មិន​ថមថយ​ដូច​ការរំពឹងទុក​។​

​គួរ​ជម្រាប​ផងដែរ​ថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ គ្រោះទឹកជំនន់ ក៏បាន​វាយប្រហារ​ទៅលើ​ប្រទេស​អាស៊ាន ដូចជា ឡាវ ដែល​បណ្តាល​ឲ្យ​បាក់​ទំនប់​វ៉ា​រី​អគ្គិសនី និង​ធ្វើ​ឲ្យ​លិចលង់​ផ្ទះសម្បែង​ប្រជាជន ដោយ​ថែមទាំង​មាន​អ្នក​បាត់​ខ្លួន និង​ស្លាប់​ទៀត​។ ចំណែក​គ្រួសារ​អាស៊ាន កម្ពុជា​វិញ ក៏មាន​ជួប​គ្រោះទឹកជំនន់​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ផងដែរ​។

​ហេតុការណ៍​នេះ ក៏​អាចជា​កត្តា​រួមផ្សំ​មួយ ដែល​បង្ហាញថា​ប្រទេស​តំបន់​អាស៊ាន​ក៏​កំពុងតែ​ទទួលរង​នូវ​ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ​សកល ដែលជា​បញ្ហា​ពិភពលោក​កំពុងតែ​ព្រួយបារម្ភ​។ នៅ​ប៉ុន្មាន​ឆ្នាំ​មុននេះ ប្រទេស​តំបន់​អាស៊ាន​តាម​បណ្តោយ​ទន្លេមេគង្គ បាន​ជួប​នូវ​គ្រោះរាំងស្ងួត​ខ្លាំង ដែល​បណ្តាល​ពី​រលកធាតុអាកាស​ក្តៅ​នៃ​បាតុភូត​សម្ពាធ​អាកាសធាតុ​ក្តៅ​ខ្លាំង​៕


Tag:
 មី​យ៉ាន់​ម៉ា​
  អាស៊ាន​
  ជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com