ជាតិ
៣​ថ្ងៃ​ទៀត ទឹកជំនន់​ទន្លេមេគង្គ​លើ នឹង​ហក់​ឡើង​ខ្លាំង ដែល​ត្រូវ​ប្រុងប្រយ័ត្ន​
30, Jul 2018 , 9:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក
រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក
ដោយ:

​ភ្នំពេញ​៖ ដោយសារ​មានការ​ធ្លាក់ភ្លៀង​ជា​បន្តបន្ទាប់ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន នៅក្នុង​តំបន់​អាង​ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ និង​ឡាវ បាន​បង្ក​ឱ្យ​ទន្លេមេគង្គ​ក្នុងប្រទេស​កម្ពុជា បន្ត​កើតឡើង ៣​ថ្ងៃ​បន្ថែមទៀត​។ នេះ​បើតាម​ការ​ព្យាករ​លើ​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​



​សេចក្ដីជូនដំណឹង​នៃ​ក្រសួង​ខាងលើ​ចុះ​ថ្ង​ទី​៣០ ខែកក្កដា បន្តថា កម្ពស់​ទឹកទន្លេ​មេគង្គ​លើ​កម្ពុជា នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៨ ទន្លេមេគង្គ​ខេត្តស្ទឹងត្រែង ទឹក​អាច​នឹង​កើន​ឡើងដល់​កម្ពស់​១១,៤០​ម៉ែត្រ ហើយ​កម្ពស់​ទឹក​ដែល​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​១០,៧០​ម៉ែត្រ​។

​ក្រសួង​ធនធានទឹក​បន្តថា នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៨ ទន្លេមេគង្គ​ខេត្តក្រចេះ ទឹក​អាច​នឹង​កើន​ឡើងដល់​កម្ពស់​២២,១៥​ម៉ែត្រ សម្រាប់​កម្ពស់​ទឹក​ដែល​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​២២,០០​ម៉ែត្រ​។ ចំណែក​ទន្លេមេគង្គ​ខេត្តកំពង់ចាម នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៨ ទឹក​អាច​នឹង​កើន​ឡើងដល់​កម្ពស់​១៥,២៥​ម៉ែត្រ ចំពោះ​កម្ពស់​ទឹក​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​១៥,២០​ម៉ែត្រ​។ នេះ​តាម​ក្រសួង​ដដែល និង​បាន​ប្រាប់​ទៅ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី ព្រមទាំង​សាធារណជន ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមាន​ជាយថាហេតុ​៕


Tag:
 ជំនន់​ទន្លេមេគង្គ​
© រក្សាសិទ្ធិដោយ thmeythmey.com