កីឡាអន្តរជាតិ
អន្តរជាតិ
ឥណ្ឌូណេស៊ី​អញ្ជើញលោក គីម ជុង​អ៊ុន ទៅ​ចូលរួម​បើក​ព្រឹត្តិការណ៍​កីឡា Asian Games
04, Aug 2018 , 9:30 pm        
រូបភាព
រូបភាពពី REUTERS
រូបភាពពី REUTERS
 ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) នឹង​អញ្ជើញ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដើម្បី​ចូលរួម​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា Asian Games ដែល​ធ្វើឡើង​នៅ​ទីក្រុង​ហ្សា​កាតា​នា​ខែក្រោយ​។ លោក វី​ដូ​ដូ លើកឡើង​ដូច្នេះ​បន្ទាប់ពី​បាន​បញ្ជូន​មន្ត្រី​របស់ខ្លួន​ជាច្រើន​នាក់​ទៅ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​នៅ​សប្តាហ៍​នេះ​។​

 
​ប៉ូលីស​ជាតិ​ឥណ្ឌូណេស៊ី​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​៣០ ខែកក្កដា ថា​រដ្ឋមន្ត្រី​សម្របសម្រួល​ធនធានមនុស្ស និង​វប្បធម៌​អ្នកស្រី Puan Maharani រួមទាំង​អ្នកតំណាង​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ជាច្រើន​នាក់​ទៀត បានធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េខាងជើង​។​
 
«​មូលហេតុ​ចម្បង​សម្រាប់​យើង ទៅកាន់​ក្រុង​ព្យុងយ៉ាង គឺ​ដើម្បី​បង្ហាញ​ការអញ្ជើញ​ជា​ផ្លូវការ​ដល់​ប្រធានាធិបតី​កូរ៉េខាងជើង​ដើម្បី​ទៅ​ចូលរួម​ក្នុង​ពិធី​បើក​កីឡា​អាស៊ី​នៅ​ថ្ងៃទី ១៨ ខែសីហា ខាងមុខនេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី Maharani​។​
 
​អ្នកស្រី Maharani និង​ប្រតិភូ​ឥណ្ឌូណេស៊ី​បាន​ជួប​លោក គីម យ៉ុង​ណាំ ដែលជា​ប្រមុខរដ្ឋ​កូរ៉េខាងជើង​នៅ​ថ្ងៃទី​៣០ ខែកក្កដា​។ អ្នកស្រី​ក៏បាន​ពិភាក្សា​អំពី​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​អំឡុងពេល​ទស្សនកិច្ច​នេះ ក៏ដូចជា​បញ្ហា​ក្នុង​តំបន់​និង​ការបំពេញ​ការងារ​រប​ស់​ប៉ូលីស​ឥណ្ឌូណេស៊ី​ក្នុងការ​ប្រឆាំង​នឹង​ក្រុម​ប្រយុទ្ធ​។​
 
​កាលពី​ខែមេសា​កន្លងទៅ រដ្ឋមន្ត្រី​មកពី​កូរ៉េ​ទាំង​ពីរបាន​យល់ព្រម​ឲ្យ​ប្រតិភូ​បង្រួបបង្រួម​កូរ៉េ​ដើរ​ក្បួន​រួមគ្នា​នៅក្នុង​ពិធី​បើក​កីឡា Asian Games ដែល​ត្រូវបាន​រៀបចំឡើង​ចាប់ពី​ថ្ងៃទី​១៨ ខែសីហា ដល់​ថ្ងៃទី​២ ខែកញ្ញា ដើម្បី​ជាស​ញ្ញា​នៃ​ការបន្ធូរបន្ថយ​ភាព​តានតឹង​ជុំវិញ​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុងយ៉ាង​។​
 
​ក្រៅពី គីម ជុង​អ៊ុន ឥណ្ឌូណេស៊ី​ក៏បាន​អញ្ជើញ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចេ​អ៊ី​ន​ទៅ​ចូលរួម​ក្នុង​ពិធី​បើក​កីឡា​អាស៊ី​នេះដែរ​​ក្នុងការ​អញ្ជើញ​មេដឹកនាំ​កំពូលៗ​ទៅកាន់​ឥណ្ឌូណេស៊ី​នេះ លោក Syafruddin មេ​ប៉ូលិស​រង​ជាតិ​ឥណ្ឌូនេស៊ី​បាន​អះអាងថា នឹង​ធានា​សន្តិសុខ​ដល់​មេដឹកនាំ​កូរ៉េ​ទាំងពីរ និង​អ្នកចូលរួម​ទាំងអស់​ដែលមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វីបអាស៊ី​នេះ​។​
 
​ឥណ្ឌូណេស៊ី នឹងដាក់​ពង្រាយ​កងក​ម្លាំ​ង​ប្រមាណ​១០០ ០០០​នាក់ ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ដល់​អត្ត​ព​លិ​ក ១១០០០​នាក់​មកពី​៤៥​ប្រទេស ដោយ Asian Games ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ធំ​លំដាប់​ទី​ពីរ​បន្ទាប់ពី​កីឡា​អូឡាំពិក​៕

Tag:
 Asian Games
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com