ជាតិ
សម្ដេច ហ៊ុន សែន ប្រកាស​ដាក់បញ្ចូល​អតីត​អភិបាលខេត្ត​ទាំងអស់ ធ្វើការ​នៅ​រដ្ឋសភា
09, Aug 2018 , 2:18 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បើ​គ្មានអ្វី​ប្រែប្រួល​ទេ អតីត​អភិបាលខេត្ត ដែល​កំពុង​ឈរជើង​នៅតាម​ក្រសួង​នានា នឹង​ទៅ​បម្រើ​ការងារ​នៅក្នុង​រដ្ឋសភា ។ ព័ត៌មាន​នេះ បាន​បង្ហើប​ដោយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​



​ថ្លែង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ ខេត្តកំពង់ស្ពឺ សម្ដេច ហ៊ុន សែន បាន​និយាយ​ចំឈ្មោះ​លោក អ៊ូ សំ​អ៊ួ​ន ដែលជា​អតីត​អភិបាលខេត្ត​កំពង់ស្ពឺ ហើយ​បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​អភិវឌ្ឍ​ន៍​ជនបទ ដែល​នឹងត្រូវ​បម្រើ​ការងារ​នៅក្នុង​រដ្ឋសភា សម្រាប់​នីតិកាល​ទី​៦​នេះ​។ តាមរយៈ​វេទិការ​សាធារណៈ​នេះ ប្រមុខ​រដ្ឋាភិបាល បានប្រកាសថា គណបក្ស​នឹង​ប្រមូល​អតីត​អភិបាលខេត្ត​ទាំងអស់ បញ្ចូនទៅ​បំពេញភារកិច្ច​ក្នុង​រដ្ឋសភា ។

​បើសិនជា​គណបក្ស​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​មួយ​នេះ ដាក់បញ្ចូល​សមាសភាព​អតីត​អភិបាលខេត្ត ក្នុង​រដ្ឋសភា​មែន​នោះ ទំនង​ជាមាន​វត្តមាន​លោក ផៃ ប៊ុន​ឈឿន អតីត​អភិបាល​ខេត្តកណ្ដាល ដែល​បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។ អតីត​អភិបាលខេត្ត​បន្ទាយមានជ័យ លោក គោ ស៊ុំ​សារឿ​ត បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​អតីត​អភិបាល​ខេត្តកំពត លោក ខូ​យ ឃុន​ហ៊ួ​រ បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ជាដើម​។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ នៅ​ថ្ងៃទី​១៥ សីហា ។ បើ​លទ្ធផល​នេះ ដូចនឹង​ការ​គណនា​របស់​មជ្ឈដ្ឋាន​ទូទៅ ដែលថា គណបក្ស​ប្រជាជន នឹង​ឈ្នះ​កៅអី​រដ្ឋសភា​ទាំងអស់​មែន​នោះ ដូច្នេះ​សមាជិក​តំណាងរាស្ត្រ​ពី​គណបក្សកាន់អំណាច មាន​១២៥​អាសនៈ​។​

​ដ្បិត​មិនទាន់​ចេញ​លទ្ធផល​ក្តី ប៉ុន្តែ​ប្រមុខ​គណបក្ស​ប្រជាជន ដែល​នឹង​បន្ត​ដឹកនាំ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ បានប្រកាស​រួចហើយ ពី​កាលបរិច្ឆេទ​ប្រជុំ​រដ្ឋសភា និង​ការស្បថ​ចូលកាន់​តំណែង ដែល​កំណត់​យក​ថ្ងៃទី​៥​កញ្ញា និង​ការបង្កើត​គណៈរដ្ឋមន្ត្រី រួមទាំង​ការស្បថ​ចូលកាន់​តំណែង នៅ​ថ្ងៃទី​៦ កញ្ញា​។ គណរដ្ឋមន្ត្រី នឹង​បើក​សម័យប្រជុំ​លើកដំបូង​នៅ​ថ្ងៃទី​៧ កញ្ញា​៕


Tag:
 ហ៊ុន សែន​
  អភិបាលខេត្ត​
  រដ្ឋសភា​
  នីតិកាល​ទី​៦
© រក្សាសិទ្ធិដោយ thmeythmey.com