អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កាតា នឹង​បោះទុន​១៥​ពាន់​លាន​ដុល្លារ​នៅ​តួ​ក​គី​ដែល​ជួប​វិបត្តិ​ដោយសារ​អាមេរិក​
16, Aug 2018 , 1:00 pm        
រូបភាព
ប្រធានាធិបតីតួកគី Recep Tayyip Erdogan (ឆ្វេង) ស្វាគមន៍មេដឹកនាំកាតា Sheikh Tamim bin Hamad al-Thani (ស្ដាំ) (រូបភាព Anadolu Agency)
ប្រធានាធិបតីតួកគី Recep Tayyip Erdogan (ឆ្វេង) ស្វាគមន៍មេដឹកនាំកាតា Sheikh Tamim bin Hamad al-Thani (ស្ដាំ) (រូបភាព Anadolu Agency)
​រដ្ឋ​កាតា នៅ​ថ្ងៃទី​១៥ ខែសីហា បាន​សន្យា​បណ្ដាក់ទុន​ចំនួន​១៥​ពាន់​លាន​ដុល្លារ​នៅ​តួ​ក​គី ដែល​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដោយសារ​ទណ្ឌកម្ម​របស់​អាមេរិក​។ តួ​ក​គី រីករាយ​ជាខ្លាំង​ចំពោះ​ការសន្យា​របស់​កាតា និង​ចាត់ទុកជា​មិត្តភក្តិ​ល្អ​ទៀតផង​។ ដោយសារ​រង​ទណ្ឌកម្ម​របស់​ក្រុង​វ៉ាស៊ីនតោន​បែបនេះ ក្រុង​អង់កា​រ៉ា​ក៏បាន​ឆ្លើយតប​វិញ​តាមរយៈ​ការដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​អាមេរិក និង​ចង់​ពហិការ​ទំនិញ​អាមេរិក​ច្រើន​មុខ​ទៀត​។

 
​ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan បាន​ស្វាគមន៍​មេដឹកនាំ​កាតា Sheikh Tamim bin Hamad Al-Thani ក្នុង​រដ្ឋធានី​អង់កា​រ៉ា ស្របពេល​ដែល​តួ​ក​គី​កំពុង​ជួប​វិបត្តិ​តម្លៃ​លុយ​ក្នុងស្រុក​ធ្លាក់​ថ្លៃ​មិន​ធ្លាប់មាន​។ រូបិយវត្ថុ​ជាតិ​តួ​ក​គី Lira បាន​ធ្លាក់​ថ្លៃ​ខ្លាំង​បើ​ប្រៀបធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក ក្រោយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ប្រកាស​ដំឡើង​ពន្ធ​ទ្វេដង​លើ​ដែកថែប និង​អាលុយមីញ៉ូម​ដែល​ត្រូវ​នាំ​ចេញទៅ​ទីផ្សារ​អាមេរិក​។ 
 
​នៅក្រោយ​ជំនួប​ថ្ងៃទី​១៥ ខែសីហា រដ្ឋ​កាតា​ក៏​សន្យា​វិនិយោគ​ដោយផ្ទាល់​នៅ​តួ​ក​គី​ក្នុង​ទំហំ​ទឹកប្រាក់​ដល់​ទៅ​១៥​ពាន់​លាន​ដុល្លារ​តែម្ដង​។ នេះ​បើតាម​ការប្រកាស​របស់​អ្នកនាំពាក្យ​ប្រធានាធិបតី​តួ​ក​គី ដែល​បាន​បន្តថា ទំនាក់ទំនង​តួ​ក​គី​-​កាតា គឺ​ពឹងផ្អែក​មូលដ្ឋាន​រឹងមាំ​នៃ​មិត្តភាព និង​សាមគ្គីភាព​ពិតប្រាកដ​។  
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​តួ​ក​គី Anadolu លោក Erdogan ផ្ទាល់​ក៏បាន​អរគុណ​ប្រមុខ​ដឹកនាំ​កាតា​ដោយផ្ទាល់ ដែល​ជួយ​តួ​ក​គី និង​ឈរ​នៅ​ជាមួយ​តួ​ក​គី​ក្នុង​គ្រា​លំបាក​នេះ​។ ជាមួយនឹង​ការចាត់ទុក​ចំណង​ការទូត​ទ្វេភាគី​ជា​ទំនាក់ទំនង​មិត្តភាព និង​បងប្អូន ប្រធានាធិបតី​តួ​ក​គី​រូបនេះ​និយាយថា ទំនាក់ទំនង​នេះ​នឹង​ត្រូវបាន​បង្កើន​នៅ​វិស័យ​ជាច្រើន​ទៀត​។   
 
​ស្ថានភាព​នៅ​តួ​ក​គី រង្គោះរង្គើ​យ៉ាងខ្លាំង​ក្រោយ​ទាស់​គ្នា​ជាមួយ​អាមេរិក ដោយសារ​ករណី​អាចារ្យ​គ្រិស្តសាសនា​ម្នាក់​ដែល​តួ​ក​គី​ចាប់ខ្លួន ហើយ​អាមេរិក​ទាមទារ​ឲ្យ​ដោះលែង​ជាបន្ទាន់​។ ដោយសារ​តួ​ក​គី​មិន​ធ្វើតាម​ខ្លួន រដ្ឋបាល​លោក ត្រាំ ក៏​យកពន្ធ​សន្ធឹកសន្ធាប់​ពី​តួ​ក​គី ដែល​ធ្វើ​ឲ្យ​លុយ​តួ​ក​គី​ធ្លាក់​ថ្លៃ​ខ្លាំង​។ លោក Erdogan បាន​អំពាវនាវ​ឲ្យ​ប្រជាជន​តួ​ក​គី​រួបរួម ឈប់​ប្រើ​ទំនិញ​អេឡិចត្រូនិក​អាមេរិក ហើយក៏​ដាក់​ពន្ធ​លើ​ផលិតផល​អាមេរិក​វិញ​។​
 
​វិបត្តិ​តួ​ក​គី ធ្វើ​ឲ្យ​វិនិយោគិន​បរទេស​ជាច្រើន​ជ្រួលច្របល់​ខ្លាំង ហើយ​ចង់​ដកខ្លួន​ពី​តួ​ក​គី​ផង ដោយសារ​បារម្ភ​ពី​ផលប៉ះពាល់​។ ការសន្យា​បណ្ដាក់ទុន​របស់​កាតា ធ្វើ​ឲ្យ​អ្នកជំនួញ​ប្រទេស​នេះ​បារម្ភ​ដែរ ព្រោះ​ប្រឈមមុខ​នឹង​ការខាតបង់​ក៏​ថា​បាន​។ តួ​ក​គី និង​កាតា បាន​ក្លាយជា​សម្ព័ន្ធមិត្ត​ជិតដិត​នៅពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ និង​បាន​ប្រកៀក​ស្មា​គ្នា​មិន​ដាច់​នៅពេល​កាតា​ត្រូវបាន​ការហ៊ុមព័ទ្ធ​ដោយសារ​ប្រទេស​នៅ​តំបន់​សមុទ្រ​ពែ​រ្ស​៕
 

Tag:
 កាតា​
  តួ​ក​គី​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com