អន្តរជាតិ
ចូ​កូ​វី​៖​ភាពចាស់ទុំ​នៃ​ប្រជាធិបតេយ្យ​ឥណ្ឌូណេស៊ី នឹងធ្វើ​ឲ្យ​ការបោះឆ្នោត​ឆ្នាំក្រោយ​ប្រព្រឹត្ត​ដោយ​រលូន​
18, Aug 2018 , 6:59 pm        
រូបភាព
ដោយ:
ប្រមុខរដ្ឋ​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ បាន​សម្តែង​ពី​សុទិដ្ឋិនិយម​របស់លោក​ចំពោះ​ដំណើរការ​បោះឆ្នោត​សភា និង​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំក្រោយ​។ ដោយ​ជឿជាក់​ពី​ភាពចាស់ទុំ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស ប្រមុខ​រូប​រដ្ឋ​រូបនេះ អះអាងថា ការបោះឆ្នោត​នឹង​ប្រព្រឹត្ត​ដោយ​រលូន និង​សន្តិវិធី​។​



​តាមរយៈ​ការ​ថ្លែង​សុន្ទរកថា​ជាតិ​លើក​ទី​បួន​ក្នុងនាម​ជា​ប្រមុខរដ្ឋ លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ នៅ​ថ្ងៃ​១៦ សីហា បាន​លើកឡើងថា ឥណ្ឌូណេស៊ី បាន​ចាក​ចេញពី​ភាពភ័យខ្លាច នៃ​អស្ថិរភាព​នយោបាយ និង​ហិង្សា​ផ្សេងៗ ទាំង​កម្រិត​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់ ហើយ​បន្ត​ជំហរ​ជា​អ្នក​ចាស់ទុំ​ប្រជាធិបតេយ្យ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី Jakarta Globe​។ 
 
​តាមរយៈ​វេទិកា​ជាតិ​ដដែល​នោះ លោក ចូ​កូ​វី ដែល​ឈរ​ជា​បេក្ខភាព​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទី​ពីរ​របស់ខ្លួន​ផងដែរ​នោះ បានបង្ហាញ​ពី​ទំនុកចិត្ត និង​ភាពជឿជាក់​នៃ​ដំណើរ​ទៅមុខ​របស់​ប្រជាធិបតេយ្យ​ឥណ្ឌូណេស៊ី​យ៉ាង​ដូច្នេះ​ថា​៖« តាមរយៈ​ការឆ្លងកាត់​បទពិសោធ​នៃ​លទ្ធិ​ប្រយោជន៍​ជា​យូរ​មកហើយ​នោះ ខ្ញុំ ធានាថា ការបោះឆ្នោត​សភា​និង​ប្រធានាធិបតី​ពេល​តែមួយ​ក្នុង​ឆ្នាំ​២០១៩ នឹង​ប្រព្រឹត្ត​ដោយ​សុវត្ថិភាព សន្តិវិធី និង​ប្រកបដោយ​ប្រជាធិបតេយ្យ​ពិតប្រាកដ​»​។​
 
​ជាមួយគ្នា​នោះ​ផងដែរ លោក​ប្រធានាធិបតី ក៏បាន​សន្យា​បន្ត​ខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្រោម​ការដឹកនាំ​របស់​រដ្ឋ​បាល​លោក ដែល​សល់​ពេល​ប្រហែល​មួយឆ្នាំ​ទៅមុខ​នេះ រួមមាន​ការរំលោភ​សិទ្ធិ​មនុស្ស ការកាត់បន្ថយ​អំពើពុករលួយ និង​ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម ដែលជា​ការគំរាមកំហែង​ខ្លាំង​មួយ​មកលើ​រដ្ឋ​ដែលមាន​ប្រជាជន​ឥស្លាម​ច្រើន​បំផុត​របស់​ពិភពលោក​មួយ​នេះ​។ 
 
​សូម​ជម្រាប​ផងដែរ​ថា ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ឥណ្ឌូណេស៊ី មិនសូវមាន​បញ្ហា​ក្នុងការ​ផ្លាស់ប្តូរ​មេដឹកនាំ​ប្រទេស ដូច​បណ្តា​ប្រទេស​តំបន់​អាស៊ាន​មួយចំនួន​ឡើយ ពោលគឺ​ទាំង​មេដឹកនាំ​នយោបាយ និង​អ្នកគាំទ្រ​នយោបាយ​ឥណ្ឌូណេស៊ី គោរព​តាម​អាណត្តិ​ដឹកនាំ​រៀងៗ​ខ្លួន​។ រហូតដល់​មាន​អ្នកវិភាគ និង​អ្នកស្រាវជ្រាវ​មួយចំនួន ហៅ​ឥណ្ឌូណេស៊ី ថា​ជា​ប្រទេស​ដែលមាន​ភាពចាស់ទុំ​ជាងគេ​ផ្នែក​លទ្ធិប្រជាធិបតេយ្យនៅ​តំបន់​ផង​៕ 

Tag:
 ឥណ្ឌូណេស៊ី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com