ជាតិ
រដ្ឋមន្ត្រី​អប់រំ កំណត់​កម្មវិធី​អប់រំ​នៅ​កម្ពុជា ឲ្យ​ដូច​ប្រទេស​សិង្ហ​បុរី​
20, Aug 2018 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ រយៈពេល​៥​ឆ្នាំ​ហើយ ដែល​ការអប់រំ​នៅ​កម្ពុជា មាន​ភាពប្រសើរឡើង ក្រោម​ការដឹកនាំ​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន ។ រដ្ឋមន្ត្រី​រូបនេះ បាន​កែប្រែ​គុណភាព​អប់រំ តាមរយៈ​ការដាក់ចេញ​គោលនយោបាយ​រឹតបន្តឹង​ការប្រឡង ក្រោម​ពាក្យស្លោក​ថា​«​អ្នកចេះ គឺជា​ប់​»​។ ដ្បិត​រឹតបន្តឹង​ការប្រឡង​មែន ប៉ុន្តែ​ការដាក់ចេញ​កម្មវិធីសិក្សា ឲ្យ​មាន​គុណភាព​ខ្ពស់​នោះ ក៏​ជា​រឿង​ចាំបាច់​ផងដែរ​។ ក្រសួង​អប់រំ សម្រេចយក​ស្តង់​ដារ​អប់រំ​នៅ​ប្រទេស​សិង្ហ​បុរី មក​ពង្រឹង​ការអប់រំ​នៅ​កម្ពុជា​។​



«​ខ្ញុំ​មិន​នឹកស្មានថា ការ​កំណែទម្រង់​ការអប់រំ​នេះ បានទទួល​ជោគជ័យ​ដល់​កម្រិត​នេះ​ទេ ហើយ​វា​អាច​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ឥរិយាបទ ផ្លាស់ប្តូរ​ឲ្យ​បង្កើត​មាន​ចលនា​គាំទ្រ សូម្បីតែ​គ្រូ​ក៏មាន​កិត្តិយស​ជាង​មុន​ដែរ​»​។ នេះ​ជាមោទកភាព​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ ដែល​ឆ្លើយ​នឹង​សំនួរ​របស់​អ្នកសារព័ត៌មាន​ជុំវិញ​បញ្ហា​វិស័យ​អប់រំ​នៅ​កម្ពុជា​។​

​ស្ថិតនៅក្នុង​មណ្ឌល​ប្រឡង​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​លោក ហង់ ជួនណា​រ៉ុ​ន ដែល​ចោមរោម​ដោយ​ក្រុម​អ្នកសារព័ត៌មាន​នោះ បាន​វាយតម្លៃថា ការ​រឹតបន្តឹង​ការប្រឡង​៥​ឆ្នាំនេះ នឹង​ជួយ​ឲ្យ​សិស្ស​ដែល​ប្រឡង​ជាប់​ទាំងនោះ មានចំណេះដឹង​ពិតប្រាកដ ហើយ​អាច​ប្រកួតប្រជែង​សមត្ថភាព​ការងារ​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​លើ​សាកលលោក​ផង​។ ដ្បិត​ការ​រឹតបន្តឹង​ការប្រឡង ទទួលបាន​ការគាំទ្រ​មែ​ន ប៉ុន្តែ​វា​នៅតែមាន​ការខ្វះខាត​ខ្លះ ដែល​ក្រសួង​អប់រំ មើលឃើញ ហើយ​ត្រូវ​បំពេញបន្ថែម​។

«​ខ្ញុំ​នៅ​រង់ចាំ​ការបង្កើត​រាជរដ្ឋាភិបាល​ថ្មី ដែល​សម្ដេច ហ៊ុន សែន នឹង​ប្រកាស​នៅ​ថ្ងៃទី​៦ កញ្ញា​ខាងមុខនេះ ហើយ​និង​ការប្រជុំ​គណៈរដ្ឋមន្ត្រី​នៃ​នីតិកាល​ទី​៦ ដែល​សម្ដេច នឹងដាក់​ចេញ​វិធានការ​បន្ថែមទៀត នៃ​ការ​កំណែទម្រង់​។ ហើយ​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ពិចារណា​លើ​វិធានការ​បន្តទៀតថា​តើ​ក្រោយ​នីតិកាល​ទី​៥​ទៅ នៅមាន​អ្វី​ទៀត ដូច្នេះ​យើង​មិនទាន់​បើក​វាំងនន​នៅឡើយ​ទេ វាំងនន​នឹង​បើក​ក្រោយ​ថ្ងៃទី​៧ កញ្ញា​…»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហង់ ជួន ណា​រ៉ុ​ន​។​

​មតិ​ជាច្រើន​បាន​រិះគន់ថា ក្រសួង​អប់រំ រឹតបន្ដឹង​តែ​ការប្រឡង​បាក់​ឌុប​ទេ ប៉ុន្តែ​គុណភាព​អប់រំ​ចាប់តាំងពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២​នេះ មិនទាន់​រៀបចំ​បានល្អ​នោះទេ​? ឆ្លើយ​នឹង​សំនួរ​នេះ​លោក ហង់ ជួន ណា​រ៉ុ​ន បាន​និយាយថា ក្រសួង​បានរៀបចំ​កំណែទម្រង់​កម្មវិធី​អប់រំ ចាប់តាំងពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី​១២​នេះ ប៉ុន្តែ​ដោយសារ​ពួកគេ​ទាំងនោះ មិនឃើញ​ទិដ្ឋភាព​ជាក់ស្ដែង ទើប​ជាមាន​ការរិះគន់​បែបនេះ​។​

​បើតាម​រដ្ឋមន្ត្រី​រូបនេះ ក្រសួង​បានដាក់​ចេញ​គោលនយោបាយ​កំណែទម្រង់ ដូចជា​ការកែលម្អ​វិធីសាស្ត្រ​បង្រៀន​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី​១-៣ ,​ពង្រឹង​ការគ្រប់គ្រង​នៅតាម​សាលារៀន និង​ម​ត្តេ​យ្យ​សិក្សា​, វិធីសាស្ត្រ​បង្រៀន​អាន​នៅ​ថ្នាក់រៀន និង​បណ្ណាល័យ​, ការបង្រៀន​វិទ្យាសាស្ត្រ និង​គណិតវិទ្យា​នៅ​ថ្នាក់ដំបូង ,​ការពិនិត្យ​កម្មវិធីសិក្សា​គ្រប់​កម្រិត​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២ ,​ពិនិត្យឡើងវិញ​នូវ​សៀវភៅ​គោល​សិក្សា និង​វិធីសាស្ត្រ​បង្រៀន រួមទាំង​ការបណ្ដុះ​គ្រូ​គរុ​កោ​ស្យ​ជាដើម​។​

​ចំពោះ​គោលដៅ​របស់លោក ហង់ ជួន ណា​រ៉ុ​ន បានកំណត់​យក​កម្មវិធី​អប់រំ​ប្រទេស​សិង្ហ​បុរី ជា​អាទិភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​។ ថ្លែង​ចំពោះមុខ​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី​២០ សីហា នៃ​ការប្រឡង​សញ្ញាបត្រ​ទុតិយ​ស​ភូមិ (​បាក់​ឌុប​) រដ្ឋមន្ត្រី​អប់រំ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ការអនុវត្ត​បែប​អធិការកិច្ច​នៅតាម​សាលារៀន ដែល​ផ្ដោតលើ​សមាសភាព​៤​សំខាន់ គឺ​ការគ្រប់គ្រង​និង​ការដឹកនាំ​របស់​នាយក​សាលា​, ការរៀន​និង​ការបង្រៀន​, ការកែលម្អ​លទ្ធផល​សិក្សា​របស់​សិស្ស និង​ការចូលរួម​របស់​មាតា​បិតា និង​សហគមន៍​នៅតាម​សាលារៀន​។ ហើយ​ចំណុច​ទី​៣​ធំ​នៃ​កំណែទម្រង់ គឺ​ការពិនិត្យ​និង​វាយតម្លៃ​លើ​ការសិក្សា​របស់​សិស្ស ដែល​ផ្ដោតលើ​ចំណេះដឹង​សិស្ស​ខាង​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ និង​ផ្នែក​គណិតវិទ្យា ក៏​ដូច​វិទ្យាសាស្ត្រ​…​។ ហើយ​ក្រសួង​បាន​សម្រេចយក​កម្មវិធី​សិក្សា​ឲ្យ​ដូច​ប្រទេស​សិង្ហ​បុរី គឺ​យើង​បង្រៀន​សិស្ស​មិន​ឲ្យ​ចេះតែ​ទន្ទេញ​ចាំ​ទេ គឺ​ឲ្យ​សិស្ស​ចេះ​ត្រិះរិះ​ពិចារណា ចេះ​ដោះស្រាយ​បញ្ហា ចេះ​ធ្វើ​ការងារ​ជា​ក្រុម​»​។​

​បើតាម​លោក ជួន ណា​រ៉ុ​ន ក្រសួង​នឹង​បន្ត​កំណែទម្រង់​គុណភាព​អប់រំ នៅ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ផងដែរ​។​

​នេះ​ជា​ឆ្នាំ​ទី​៥​ហើយ នៃ​ការ​រឹតបន្តឹង​ការប្រឡង​ក្រោម​ការដឹកនាំ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន ។ រដ្ឋមន្ត្រី​រូបនេះ បាន​កែប្រែ​គុណភាព​អប់រំ តាមរយៈ​ការដាក់ចេញ​គោលនយោបាយ​រឹតបន្តឹង​ការប្រឡង ក្រោម​ពាក្យស្លោក​ថា​«​អ្នកចេះ គឺជា​ប់​»៕


Tag:
 ហង់ ជួនណា​រ៉ុ​ន​
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com