ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណាង​បក្ស​មិន​ជាប់ឆ្នោត នឹងមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី ហើយបានប្រាក់ខែ ពេល​ចូល​ជា​សមាជិក​ក្រុមប្រឹក្សា​ថ្មី​
21, Aug 2018 , 1:25 pm        
រូបភាព
ជំនួបដំបូងរវាងសម្តេច ហ៊ុន សែន និងតំណាងគណបក្សនយោបាយ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨
ជំនួបដំបូងរវាងសម្តេច ហ៊ុន សែន និងតំណាងគណបក្សនយោបាយ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨
ប្រធាននិងអនុប្រធាន នៃគណបក្សនានា​ ដែលមិនបានទទួលអាសនៈក្នុងរដ្ឋសភាសម្រាប់ការបោះឆ្នោតនៅនីតិកាលទី៦នេះ នឹងមានឋានៈស្មើទេសរដ្ឋមន្ត្រី និងឋានៈស្មើរដ្ឋមន្រ្តី ហើយថែមទាំងបានប្រាក់ខែផងដែរ បើពួកគេ ស្ម័គ្រចិត្តចូលជា «សមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់» ដែលរដ្ឋាភិបាលទើបនឹងបង្កើតឡើង។



ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន យន្តការ​ថ្មី​មួយ ដែល​ហៅថា «​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​» ត្រូវបាន​បង្កើតឡើង​។ ការបង្កើត​ក្រុមប្រឹក្សា​នេះ គឺ​ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​សម្តេច ហ៊ុន សែន ជាមួយ​ប្រធាន​និង​តំណាង​នៃ​គណបក្ស​នានា នៅ​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨​។
​លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​ម្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​អ្នកកាសែត​ក្រោយ​បញ្ចប់​ជំនួប​នោះ​ថា ​សមាសភាព​នៃ​ឧ​ត្ត​ម​ក្រុម​ប្រ​ក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ គឺ​បានមក​គណបក្សនយោបាយ​។ លោក បន្តថា គណបក្ស​នីមួយៗ ត្រូវបញ្ជូន​តំណាង​ពីរ​នាក់ ឲ្យ​ទៅធ្វើជា​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​។ លោក បន្ថែមថា តំណាងពីររូប ដែលមកគណបក្សនីមួយៗ ដើម្បីចូលជាសមាជិកនៃក្រុមប្រឹក្សានេះ ហៅថាប្រធានប្រតិភូ និងអនុប្រធានប្រតិភូ។ 
 
​អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បញ្ជាក់ថា ប្រធាន​គណបក្សនីមួយៗ (ប្រធានប្រតិភូ) នឹងមាន​ឋានៈស្មើ​ទេសរដ្ឋមន្ត្រី ហើយ​អនុប្រធាន​គណបក្ស (អនុប្រធានប្រតិភូ) នឹងមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ហើយក៏មានប្រាក់ខែផងដែរ ពេល​ពួកគេ ចូល​ជា​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះនិងផ្តល់​យោបល់​។ លោក អះអាងទៀតថា ចំពោះប្រធានប្រតិភូ មិនត្រឹមតែមានឋានៈស្មើទេសរដ្ឋមន្រ្តីទេ តែថែមទាំងក្លាយជាទីប្រឹក្សារបស់រដ្ឋាភិបាល ទៀតផង។  

យ៉ាងណាក៏ដោយ លោក ឈឹម ផលវរុណ មិនទាន់អាចបញ្ចាក់បានទេថា សមាជិកនៃក្រុមប្រឹក្សានេះ នឹងទទួលបានប្រាក់ខែប៉ុន្មាន ក្នុងម្នាក់ៗ។ 

មិនមែនទាល់តែប្រធានឬអនុប្រធានគណប្សនោះទេ ដែលអាចចូលជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។ ទោះអ្នកណាផ្សេងក្នុងគណបក្សក្រៅពីប្រធាននិងអនុប្រធាន ក៏អាចចូលបានដែរ។

បើប្រធានឬអនុប្រធានគណបក្សណាមួយ មិនចង់ចូលរួម ហើយឲ្យអ្នកផ្សេងចូលជំនួសវិញ ដូចជា អគ្គលេខាធិការគណបក្ស ជាដើម ក៏អគ្គលេខាធិការគណបក្សនោះ អាចក្លាយជាសមាជិកនៃក្រុមប្រឹក្សានេះដែរ ហើយនឹងមានឋានៈស្មើទេសរដ្ឋមន្ត្រីឬរដ្ឋមន្ត្រី។ 

ក្រៅពីនេះគណបក្សនយោបាយទាំងនោះ ក៏ជ្រើសរើសមន្រ្តីខ្លួន១នាក់ បម្រើការងារក្នុងលេខាធិការដ្ឋាន របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ផងដែរ។ មន្រ្តីម្នាក់នោះ អាចមានតួនាទីឋានៈស្មើអនុរដ្ឋលេខាធិការ។ នេះបើតាមលោក ឈឹម ផលវរុណ។
 
​គ្រប់​តំណាង​គណបក្ស អាច​ធ្វើជា​ប្រធាន​នៃ​ក្រុមប្រឹក្សា​នេះ​ម្តងម្នាក់ ក្នុង​រយៈពេល​មួយ​ខែ។ ក្រុមប្រឹក្សា​ខាងលើ ត្រូវ​បើក​កិច្ចប្រជុំ​ម្តង​ក្នុង​រយៈពេលមួយខែ និង​ក្នុង​រយៈពេល​៦​ខែ ត្រូវ​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី (​សម្តេច ហ៊ុន សែន) ម្តង​។ វិមាន​សន្តិភាព ជា​កន្លែងសម្រាប់​ប្រជុំ​របស់​ក្រុមប្រឹក្សា​នេះ​។

គេមិននិយាយពីគណបក្សនយោបាយទាំងអស់ក្នុងប្រទេសកម្ពុជានោះទេ គឺសំដៅតែទៅលើគណបក្សទាំង២០ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតអាណត្តិទី៦នេះប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាត ឲ្យចូលជាសមាជិកនៃក្រុមប្រឹក្សាខាងលើ៕ 
 

Tag:
 បក្ស
  ​ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com