កីឡាជាតិ
ជាតិ
ជើងឯក​ពិភពលោក​នៅ​បេឡា​រុស​៖ កម្ពុជា​រំពឹង​វិញ្ញាសា​សម្តែង​មេគុន​ដណ្តើម​មេដាយ​ជូន​ជាតិ​
22, Aug 2018 , 2:08 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា បាន​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន​៧​រូប​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​យុវជន​ពិភពលោក ដែល​រៀបចំ​នៅ​ទីក្រុង​មីន​ស្កិ៍​ប្រទេស​បេឡា​រុស​។ កម្ពុជា​ហាក់​ដាក់​ក្តី​រំពឹង​ខ្ពស់​លើ​វិញ្ញាសា​សម្តែង​ក្នុងការ​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​នេះ​ជូន​ជាតិ​មាតុភូមិ​។ ថ្នាក់ដឹកនាំ​សហព័ន្ធ ផ្តាំ​កីឡាករ​ឲ្យ​ចេះ​ថែរក្សា​ភាពថ្លៃថ្នូរ សុខភាព និង​ចៀសវាង​ធ្វើ​អ្វីដែល​ប៉ះពាល់​ដល់​កិត្តិយស​។



​លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា ប្រាប់​មន្ត្រី គ្រូបង្វឹក និង​កីឡាករ​ឲ្យ​រក្សា​ភាពថ្លៃថ្នូរ គោរព​វិន័យ​និង​ច្បាប់​ការប្រកួត​ឲ្យ​បាន​ខ្ជាប់ខ្ជួន ហើយ​ចៀសវាង​ប្រើ​សារធាតុ​លើក​កម្លាំង ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិ​ត្ត​យស​ប្រទេសជាតិ​។ លើសពីនេះ ត្រូវ​គិតពី​ផលប្រយោជន៍​ជាតិ​ជាធំ ជាជាង​លទ្ធផល​នៃ​ការប្រកួត ពោលគឺ​កីឡាករ​ត្រូវ​ប្រកួត​ដោយ​ឈរលើ​គោលការណ៍​យុត្តិធម៌ និង​ចៀសវាង​ប្រើ​ល្បិចកល​ក្នុងការ​យកឈ្នះ​គូប្រកួត​។​

​ការ​ផ្តាំផ្ញើ​ខាងលើ​ធ្វើឡើង​ក្នុង​ថ្ងៃ​លោក កែវ រ៉េមី ជូន​ដំណើរ​កីឡាករ​ទៅ​ចូលរួម​ប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​យុវជន​ពិភពលោក​លើក​ទី​១៣ នៅ​ទីក្រុង​មីន​ស្កិ៍​ប្រទេស​បេឡា​រុស កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​។ បន្ថែម​លើ​នេះ លោក ផ្តាំ​ឲ្យ​ថែរក្សា​សុខភាព អនាម័យ​ក្នុងការ​ហូបចុក និង​មាន​ភាពទន់ភ្លន់ និង​ទំនាក់ទំនង​ជាមួយ​កីឡាករ​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​។    

​ទន្ទឹមនឹងនេះ​ប្រធាន​សហព័ន្ធ​ខាងលើ ជំរុញ​ឲ្យ​កីឡាករ​ទាំងអស់​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​ប្រកបដោយ​ភាព​វៃឆ្លាត​ក្នុងការ​ស្វែងរក​ជ័យជម្នះ​ជូន​ជាតិ​មាតុភូមិ​។ ជាមួយគ្នានេះ លោក​រំពឹងថា អត្ត​ព​លិ​ក​ខ្លួន​នឹង​ត្រឡប់មក​កម្ពុជា​វិញ​ជាមួយ​ជ័យជម្នះ ពិសេស​រំពឹង​លើ​វិញ្ញាសា​សម្តែង​មេគុន​។ ការមិន​ដាក់​ក្តី​រំពឹង​លើ​វិញ្ញាសា​ប្រយុទ្ធ ក៏​ព្រោះតែ​កីឡាករ​ក្មេងខ្ចី​ផ្នែក​បទពិសោធ​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​លើ​វិញ្ញាសា​នេះ​។
 
​នេះ​ជា​លើក​ទី​២ សម្រាប់​កម្ពុជា​ក្នុងការ​ចូលរួម ពោលគឺ​កម្ពុជា​ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ម្តង​កាលពី​ឆ្នាំ​២០០២ ដោយ​កាលនោះ​ទទួលបាន​ត្រឹម​មេដាយ​សំរឹទ្ធ​១​តែប៉ុណ្ណោះ​។ សម្រាប់​ការចូលរួម​នេះ អត្ត​ព​លិ​ក​កម្ពុជា​ប្រកួត​លើ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៤៥​គីឡូក្រាម​, ៥១​គីឡូក្រាម​, ៥៧​គីឡូក្រាម​, ៦៤​គីឡូក្រាម និង​វ័យចាស់​មួយរូប​។ វិញ្ញាសា​មេគុន​ឯកត្តជន​ខ្សែក្រវាត់​ខ្មៅ​១​ដាន់​, មេគុន​ខ្សែក្រវាត់​ខ្មៅ​៤​ដាន់​, មេគុន​ក្រុម​, បច្ចេកទេស​ពិសេស​ឯកត្តជន​, បច្ចេកទេស​ពិសេស​ក្រុម​, សម្តែង​ការពារ​ខ្លួន និង​វាយ​បំបែក​ក្ដារ​ឯកត្តជន​៕ 


Tag:
 តេ​ក្វាន់​ដូ ITF
  លោក កែវ រ៉េមី​
© រក្សាសិទ្ធិដោយ thmeythmey.com