កីឡាអន្តរជាតិ
អន្តរជាតិ
Asian Games៖ កូរ៉េខាងត្បូង​ប្ដឹង​ចិន ក្រោយ​អត្ត​ព​លិ​ក​ធាក់​គ្នា​ទៅមក​
26, Aug 2018 , 9:19 pm        
រូបភាព
កីឡាការិនីកូរ៉េខាងត្បូង Kim Hye-jin (រូបភាព AFP)
កីឡាការិនីកូរ៉េខាងត្បូង Kim Hye-jin (រូបភាព AFP)
ដោយ: ថ្មីៗ
​កូរ៉េខាងត្បូង បានដាក់​បណ្ដឹងតវ៉ា​មួយ​ទៅកាន់​ក្រុមប្រឹក្សា​អូឡាំពិក (OCA) ប្រឆាំង​អត្ត​ព​លិ​ក​ចិន​ដែល​បាន​ធាក់​អត្ត​ព​លិ​ក​របស់ខ្លួន​ពេល​ហ្វឹកហាត់​កាលពី​ថ្ងៃទី​២៣ ខែសីហា អំឡុងពេល​ព្រឹត្តិការណ៍​កីឡា​អាស៊ី​នៅ​ឥណ្ឌូណេស៊ី​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​មជ្ឈមណ្ឌល​ហែល​ទឹក Gelora Bung Karno Aquatic Center ។



​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី (OCA) នៅ​ថ្ងៃទី​២៥ ខែសីហា និយាយថា ខ្លួន​បានទទួល​ពាក្យបណ្ដឹង​របស់​កូរ៉េខាងត្បូង​ជុំវិញ​ការ​ប៉ះពារ​គ្នា​រវាង​អត្ត​ព​លិ​ក​ហែល​ទឹក​ខ្លួន Kim Hye-jin ជាមួយ​អត្ត​ព​លិ​ក​ចិន​ក្នុងពេល​ហ្វឹកហាត់​នៅ​ថ្ងៃទី​២៣ ខែសីហា​។ គណៈកម្មាធិការ​អូឡាំពិក និង​កីឡា​កូរ៉េខាងត្បូង​បញ្ជាក់ថា កីឡាការិនី Kim បាន​ធាក់​កីឡាការិនី​ចិន​ដោយ​ចៃដន្យ​អំឡុងពេល​ហ្វឹកហាត់​នៅ​មជ្ឈមណ្ឌល​ហែល​ទឹក Gelora Bung Karno Aquatic Center ក្នុង​រដ្ឋធានី​ហ្សា​ការ​តា​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters គណៈកម្មាធិការ​អូឡាំពិក​កូរ៉េខាងត្បូង​បន្តថា កីឡាការិនី​របស់ខ្លួន​បាន​សុំទោស​ភ្លាម​ដែរ តែ​អត្ត​ព​លិ​ក​ចិន​មិន​យល់ រួច​ក៏​ទាត់​សង​វិញ​តែម្ដង​។ ឃើញ​ហេតុការណ៍​មិន​ស្រួល គ្រូបង្វឹក​មកពី​ប្រទេស​ទាំងពីរ​ក៏​ចូល​អន្តរាគមន៍ និង​បំបែក​អត្ត​ព​លិ​ក​ទាំងពីរ​ចេញពី​គ្នា​ទៅ​។ យោងតាម​របាយការណ៍​ដំបូង កីឡាការិនី​ចិន​មាន​ឈ្មោះថា Duo Shen ម្ចាស់​មេដាយមាសបួន​កាលពី​កីឡា​អាស៊ី​ឆ្នាំ​២០១៤ នៅ​កូរ៉េខាងត្បូង​។​

​ក្រោយ​ហេតុការណ៍​ខាងលើ មន្ត្រី​ចិន​ក៏បាន​សុំទោស​នៅ​កន្លែងកើតហេតុ​ដែរ ហើយ​បន្ត​សុំទោស​ដល់​ភូមិ​កីឡា​ដែលជា​កន្លែង​អត្ត​ព​លិ​ក​ស្នាក់នៅ​ផង ប៉ុន្តែ​កូរ៉េខាងត្បូង​នៅតែ​ដាក់ពាក្យ​តវ៉ា​ដដែល​។ នាយក​ផ្នែក​អន្តរជាតិ​របស់ OCA លោក Vinod Tiwari មិនបាន​និយាយ​អ្វី​ទេ​លើ​ករណីនេះ ប៉ុន្តែ​អ្នកនាំពាក្យ​អះអាងថា OCA បានទទួល​ពាក្យ​ប្ដឹង​របស់​កូរ៉េខាងត្បូង​ហើយ​។​

​នាយ​បេសកកម្ម​កូរ៉េខាងត្បូង​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​១៨ លោក Kim Seong-jo បាន​ប្រាប់​អ្នកសារព័ត៌មាន​មួយថ្ងៃ​ក្រោយ​កើត​រឿងរ៉ាវ​ប៉ះទង្គិច​ខាងលើ ថា សកម្មភាព​ប្រ​ទុ​ស្ត​រាយ​មិនគួរ​កើតមាន​ក្នុង​កីឡា​ឡើយ​។ លោក​បន្ថែមថា ទោះបីជា​ទទួលបាន​ការ​សុំទោស​ពី​អត្ត​ព​លិ​ក​ចិន​ក្ដី ហេតុការណ៍​គួរ​ត្រូវបាន​ស៊ើបអង្កេត ហើយ​ចំណាត់ការ​សមស្រប ត្រូវដាក់​ចេញ​ផង​៕


Tag:
 ចិន​
  កូរ៉េខាងជើង​
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com