ជាតិ
សង្គមជាតិ
របាយការណ៍​៖ កំណើន​ប្រជាពលរដ្ឋ​កម្ពុជា​នឹង​កើនឡើង​ដល់​២២​លាន​នាក់​គិត​ត្រឹម​ឆ្នាំ​២០៥០
02, Sep 2018 , 11:50 am        
រូបភាព
ភ្នំពេញ​៖ របាយការណ៍​របស់​កា​រិ​យា​ល័យ​ប្រជាពលរដ្ឋ PRB បាន​ព្យាករណ៍​ថា នៅ​ពាក់កណ្តាល​ឆ្នាំ​២០៣០ ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា​សរុប​នឹង​កើនឡើង ដល់​១៨.៨​លាន​នាក់ និង​នៅ​ឆ្នាំ​២០៥០ នឹងមាន​ចំនួន​២២​លាន​នាក់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ AKP​។​

 
​តាម​ការប៉ាន់ស្មាន​នៅ​ឆ្នាំ​២០៥០ ប្រជា​ពល​កម្ពុជា​ដែលមាន​អាយុ​ក្រោម​អាយុ​១៥​ឆ្នាំ មាន​២២​ភាគរយ និង​ប្រជាជន​ដែលមាន​អាយុ​ចាប់ពី​៦៥​ឆ្នាំ មាន​ចំនួន​១២​ភាគរយ​។ លោកស្រី Charlotte Greenbaum អ្នកវិភាគ​គោលនយោបាយ​របស់ PRB បានផ្ដល់​បទ​សម្ភាស​ដ​ល់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP)​ថា ៖«​សម្រាប់​ប្រទេស​កម្ពុជា អត្រា​សមាមាត្រ​កុមារ​នៅ​ឆ្នាំ ២០៥០ មាន​ចំនួន ៣៣​ភាគរយ ហើយ​អត្រា សមាមាត្រ​មនុស្សពេញវ័យ មាន​ចំនួន​១៨​ភាគរយ​»​។​
 
​បច្ចុប្បន្ននេះ ប្រជា​ពល​កម្ពុជា​សរុប​មាន​ប្រមាណ ១៦​លាន​នាក់ ដែលមាន​អត្រាកំណើត​ថ្មី​ចំនួន​២៣​នាក់ និង​អត្រា​ស្លាប់​ចំនួន​៦​នាក់ ក្នុង ចំណោម​ប្រជាជន​១.០០០​នាក់​។ ចំណែក​អត្រា​មរណភាព​ទារក​មាន​ចំនួន​២៤ នាក់ និង​អត្រា​នៃ​ការ មានកូន​សរុប​មាន ២.៦​នាក់​។​
 
​ប្រជាពលរដ្ឋ​នៅលើ​ពិភពលោក​នឹង​កើនឡើង​ដល់ ៩.៩​ពាន់ លាន​នាក់ គិត​ត្រឹម​ឆ្នាំ ២០៥០ ពោលគឺ​កើនឡើង ២.៣​ពាន់​លាន​នាក់ ឬ​ស្មើនឹង​២៩​ភាគរយ នៃ ចំនួន​ប្រជាជន​ប្រមាណ​៧.៦​ពាន់​លាន​នាក់ នាពេល​បច្ចុប្បន្ននេះ​។​
 
​ក្នុង​របាយការណ៍​ដដែល​បាន​បន្ដទៀតថា ប្រទេស​ព្រុយ​ណេ នៅ​ពាក់កណ្តាល​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០ ប្រជាជន​នឹងមាន​អត្រា​ថេរ ០.៥​លាន​នាក់​។ ប្រទេស​ឥណ្ឌូណេស៊ី​មាន​ចំនួន​២៩៣.៩​លាន​នាក់ ទៅ​៣១៩.៧​លាន​នាក់​, ប្រទេស​ឡាវ មាន​ចំនួន​៨​លាន​នាក់ ទៅ​៩.២​លាន​នាក់​, ប្រទេស​ម៉ាឡេស៊ី​មាន​ចំនួន​៣៦.៨​លាន​នាក់ ទៅ​៤១.៧ លាន​នាក់ ,​ប្រទេស​មី​យ៉ាន់​ម៉ា​មាន​ចំនួន ៥៨.៩​លាន​នាក់ ទៅ​៦២.៤​លាន​នាក់ ,​ប្រទេស​ហ្វីលីពីន មាន​ចំនួន​១២៦​លាន​នាក់ ទៅ​១៥២​លាន​នាក់​, ប្រទេស​សិង្ហ​បុរី​មាន​ចំនួន ៦.១​លាន​នាក់ ឬ​៦​លាន​នាក់​, ប្រទេស​ថៃ មាន​ចំនួន​៦៦.៧​លាន​នាក់ ឬ​៦២.៦​លាន​នាក់ និង​ប្រទេស​វៀតណាម​មាន​ចំនួន ១០៣.២​លាន​នាក់ ទៅ​១០៨.២​លាន​នាក់​។ នេះ​បើតាម​AKP៕

Tag:
 កំណើនប្រជាជន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com