ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ​កោះហៅ​លោក វ៉ន ពៅ ឲ្យ​ចូល​បំភ្លឺ ក្នុងករណី​លោក កឹម សុខា​
03, Sep 2018 , 12:22 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក វ៉ន ពៅ
រូបពីហ្វេសប៊ុកលោក វ៉ន ពៅ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធិ កោះហៅ​លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ចូល​បំភ្លឺ​ជុំវិញ​ករណី​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស នៅ​ថ្ងៃទី​១០ កញ្ញា​ខាងមុខ​។ នេះ​បើតាម​ដីកា​កោះហៅ ចុះ​ថ្ងៃទី​២៨ សីហា​។​

 
​លោក វ៉ន ពៅ ដែល​ទទួលបាន​ព័ត៌មាន​នេះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក នឹង​ចូលទៅ​បំភ្លឺ​ចំពោះមុខ​ចៅក្រម​ស៊ើបសួរ​តាម​កាលកំណត់​។ «​យើង​នឹង​ចូល​បំភ្លឺ​។ ប៉ុន្តែ​យើង​យល់ឃើញថា ការកោះហៅ​យើង​ទៅ​បំភ្លឺ​នេះ វា​ជាការ​រំខាន​អារម្មណ៍ និង​ជាការ​ដាក់​សម្ពាធ​ផ្លូវចិត្ត​មួយ​ដល់​យើង ដែល​មិន​ចង់​ពាក់ព័ន្ធ​នឹង​ករណី​នយោបាយ​ទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក វ៉ន ពៅ​។​
 
​គិត​ត្រឹម​ថ្ងៃទី​៣ កញ្ញា​នេះ លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​ឃុំខ្លួន​រយៈពេល​១​ឆ្នាំ​ហើយ ពាក់ព័ន្ធ​នឹង​ករណី​ឃុបឃិត​ជាមួយ​បរទេស​។ បទ​ចោទ​លោក កឹម សុខា កំពុងស្ថិត​នៅក្នុង​នីតិវិធី​ស៊ើបអង្កេត​របស់​តុលាការ​។​
 
​កាលពីពេល​ថ្មីៗ​នេះ​ចៅក្រម​ស៊ើបសួរ ក៏បាន​សម្រេច​ពន្យា​ពេល​៦​ខែ​ទៀត​ជា​លើក​ទី​២ ដើម្បី​បន្ត​ការ​ស៊ើបសួរ​បន្ថែម​ពី​រឿងក្តី​របស់លោក កឹម សុខា មុននឹង​តុលាការ​អាចធ្វើ​សេចក្តីសម្រេច ឬ​ចេញ​ដីកា​ដំណោះស្រាយ​។ ជាទូទៅ ដីកា​ដំណោះស្រាយ តែងមាន​ការសម្រេច​ពីរ​យ៉ាង គឺ​បិទ​ការ​ស៊ើបសួរ ហើយ​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ ឬក៏​ដោះលែង​ជន​ត្រូវ​ចោទ (​លោក កឹម សុខា​)  ឲ្យ​នៅក្រៅ​ឃុំ​។ នេះ​បើតាម​មេធាវី​លោក កឹម សុខា​៕
 

Tag:
 ​វ៉ន ពៅ​
  កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com