កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន៖ មេដាយមាស១ អួត១ ២អួត២ ព្រោះនេះជាតម្លៃរបស់យើង
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វាគមន៍ដំណើរមកដល់របស់ជ័យលាភីមេដាយមាសកីឡាអាស៊ី (Asian Games) ខាន់ ចេសា និងសាលី អ៊ូមើត ដែលដណ្តើមបានពីប្រទេសឥណ្ឌូណេស៊ី។
ខាន់ ចេសា ដែលទទួលបានមេដាយមាស១ពីកីឡាជឺជិតស៊ូ និងសាលី អ៊ូមើត ដែលឈ្នះមេដាយមាស១ និងសំរឹទ្ធ១ ពីកីឡាម៉ូតូលើទឹក រួមជាមួយក្រុមគ្រូបង្វឹក និងប្រតិភូ ត្រូវបានអមដំណើរដោយម៉ូតូសចំនួន៦ ចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឆ្ពោះទៅវិមានសន្តិភាព។
សម្តេច ហ៊ុន សែន បានចាត់ទុកថា នេះជាប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ដែលដណ្តើមមេដាយមាសរហូតដល់ទៅ២ជាលើកដំបូង បើគិតចាប់តាំងពីឆ្នាំ១៩៥៤មក។
រំលឹកពីការអបអរកាលពី៤ឆ្នាំមុន នៅពេលដែលកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ឈ្នះមេដាយមាសលើកដំបូង សម្តេច ហ៊ុន សែន បានលើកឡើងថា កម្ពុជាអបអររាល់ជ័យលាភីមេដាយមាស ដែលចាប់ផ្តើមចេញពីមួយ រហូតដល់ពីរ និងឈានទៅដណ្តើមបានបន្តទៀត។
សម្តេចបានប្រៀបធៀបទៅនឹងចិន ជប៉ុន និងប្រទេសផ្សេងទៀត ដែលឈ្នះមេដាយច្រើន ដូច្នេះពួកគេមិនចាំបាច់អួតនោះឡើយ ប៉ុន្តែសម្រាប់កម្ពុជា រាល់ការទទួលបានមេដាយគឺសុទ្ធតែមានតម្លៃ៕ © រក្សាសិទ្ធិដោយ thmeythmey.com