កីឡាជាតិ
ជាតិ
លោក Keisuke Honda ដឹកនាំគោព្រៃកម្ពុជាហ្វឹកហាត់នៅថ្ងៃអង្គារនេះ លោក ហុងដា ប្រជុំជាមួយក្រុមការងារ និងកីឡាករនាថ្ងៃទី៣ ខែកញ្ញា។ រូបថត FFC
× លោក Keisuke Honda នឹងដឹកនាំការបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នៅថ្ងៃអង្គារ ទី៤ ខែកញ្ញា ឆ្នាំ២០១៨ ហើយក៏ជាការចាប់ផ្តើមការងារលើកដំបូងផងដែររបស់កីឡាករជប៉ុនរូបនេះ ក្នុងនាមជាអ្នកចាត់ការទូទៅក្រុមកម្ពុជា។
ភ្លាមៗក្រោយមកដល់កម្ពុជានាថ្ងៃទី៣ ខែកញ្ញា លោក Honda បច្ចុប្បន្នជាកីឡាកររបស់ក្លិប Melbourne Victory របស់អូស្ត្រាលីផងដែរ បានដឹកកិច្ចប្រជុំជាមួយក្រុមការងារដែលមានគ្រូបង្វឹកអាហ្សង់ទីន លោក Felix Agustin Gonzalez Dalmas ជាតំណាង។ នេះបើតាមរូបភាពដែលបង្ហោះដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
កម្ពុជាត្រៀមខ្លួនដើម្បីទទួលក្រុមជម្រើសជាតិម៉ាឡេស៊ីសម្រាប់ជំនួបមិត្តភាពអន្តរជាតិនៅពហុកីឡដ្ឋានជាតិអូឡាំពិកនាល្ងាចថ្ងៃទី១០ ខែកញ្ញា ខាងមុខ។ ចំពោះជំនួបនេះ លោក ហុងដា និងក្រុមការងារជ្រើសរើសបានកីឡាករចំនួន២៣នាក់។
កីឡាករទាំងនោះរួមមាន អ្នកចាំទី (ស៊ូ យ៉ាទី, អ៊ុំ វិចិត្រ, សុខ សុខសិលា) ខ្សែការពារ (ហុង ផេង, លី វ៉ាហេទ, សេត រ៉ស៊ីប, ស ពិសិដ្ឋ, ឆេង ម៉េង, អ៊ុក សុវណ្ណ, នេន សុធារដ្ឋ, សឿយ វិសាល) ខ្សែបម្រើ (ជ័យ ចត្រា, ឈិន ឈឿន, សុះ ស៊ូហាណា, គួច សុគម្ភៈ, អ៊ិន សូដាវីដ, ប្រាក់ ធីវ៉ា, ប៊ិន ចន្ថាធារី, ទិត្យ ឌីណា) ខ្សែប្រយុទ្ធ (ប្រាក់ មុនីឧត្តម, កែវ សុខផេង, រ៉ឹង ប៊ុនហៀង និងស៊ិន កក្កដា)៕
Tag:
បាល់ទាត់
ជម្រើសជាតិកម្ពុជា
Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com