ភ្នំពេញ៖ ដំណឹងមរណភាពរបស់លោកវេជ្ជបណ្ឌិត Beat Rachner បានធ្វើឲ្យពលរដ្ឋខ្មែរជាច្រើន មានការសោកស្ដាយ។ សោកស្ដាយ ដោយសារបាតបង់ ជនបរទេសម្នាក់ដែលមានលះបង់ជីវិតផ្ទាល់ខ្លួន ដើម្បីការសង្គ្រោះជីវិតកុមារនៅកម្ពុជា តាមរយៈការបង្កើតមូលនិធី ដើម្បីព្យាបាលកុមារ យ៉ាងយកចិត្តទុក្ខ និងមិនគិតថ្លៃ នៅមន្ទីរពេទ្យគន្ធបុប្ផា។ ហេតុនេះហើយ បានជាពលរដ្ឋខ្មែរជាច្រើន បានបង្ហោះនូវសារចូលរួមរំលែកទុក្ខ និងសោកស្ដាយតាមរយៈបណ្ដាញសង្គម ក៏ដូចជាចូលរួមផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា។
ដើម្បីជ្រាបកាន់តែច្បាស់អំពីទឹកចិត្តប្រជាពលរដ្ឋជុំវិញមរណៈភាពរបស់លោកវេជ្ជបណ្ឌិត Beat Racher សុំលោកអ្នកនាង ស្ដាប់នូវបទយកការណ៍ ដែលរៀបចំជូនដោយកញ្ញា ថាន រស្មី ដូចតទៅ៖
នេះគឺជាសំឡេង ដែលប្រជាពលរដ្ឋជាច្រើនកំពុងរង់ចាំការពិនិត្យព្យាបាលរបស់កូន ក្មួយ នៅមន្ទីរពេទ្យគន្ធបុប្ផា សាខាវត្តភ្នំ។ នៅទីនេះក្រៅពីការរង់ចាំការព្យាបាលកូន ក្មួយ ក៏មានពលរដ្ឋមួយចំនួនបាននិយាយអំពីការស្លាប់របស់ប្រធានមូលនិធិគន្ធបុប្ផាគឺលោកវេជ្ជបណ្ឌិត Beat Rachner ដែលបានលាចាកលោក កាលពីម៉ោង ២ និង៤៥នាទីព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងទីក្រុង ហ្សុយរិក ប្រទេសស្វីស ជាដែនកំណើតរបស់លោក ក្នុងវ័យ៧១ឆ្នាំ។
បុរសអ្នករត់ម៉ូតូឌុបមួយរូប ដែលមានសម្បុរខ្មៅ ពាក់ម៉ាសបាននិយាយទៅកាន់បុរសវ័យណាស់មួយរូបទៀតថា ប្រធានមន្ទីរជនជាតិបរទេសនៅទីនេះ បានស្លាប់ហើយកាលពីយប់ម៉ិញ។ ដែលជាហេតុធ្វើឲ្យអ្នកអង្គុយរង់ចាំការចាប់លេខនៅទីនោះ បែរសំដៅមើលទៅបុរសវ័យជាង៤០ឆ្នាំរូបនេះគ្រប់ៗ។ ពិតណាស់លោក សេង វុឌ្ឍា បានឲ្យដឹងថា លោកមានការសោកស្ដាយខ្លាំងចំពោះមរណៈភាពរបស់ប្រធានមូលនិធិគន្ធបុប្ផាខាងលើ ដោយអ្នកខេត្តកំពង់ស្ពឺរូបនេះ អះអាងថា លើលោកនេះគ្មាននរណាម្នាក់អាចលះបង់ដើម្បីកុមារកម្ពុជាដូចលោកវេជ្ជបណ្ឌិត Beat Rachner ឡើយ។
លោក សេង វុឌ្ឍា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសោកស្ដាយណាស់ចំពោះគាត់ ហើយជនជាតិគេទៀត បើទោះជាជនជាតិខ្មែរមានលុយវាល់លានក៏មិនអាចធ្វើបានដូចគាត់ដែរមើលទៅ។ ហើយគាត់ជួយក្មេងខ្មែរបានច្រើនណាស់។ កាលះបង់របស់គាត់ធំធេងណាស់មិនអាចប្រៀបបានទេ គាត់នៅដល់ណាដល់ណី ឆ្លងសមុទ្រមកដើម្បីតែជួយក្មេងខ្មែរ សណ្ដានចិត្តរបស់គាត់ ពិតជាមិនអាចរកបានទេមនុស្ស»។
អ្នកអ្នកធ្លាប់នាំកូន ក្មួយមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាលោក វុឌ្ឍា អះអាងថា លោកមិនគិតថាមានពេទ្យណាដែលលោកអាចជឿទុក្ខចិត្ត បានក្នុងការព្យាបាលកូនក្មួយរបស់លោក ក្រៅពីមន្ទីរពេទ្យគន្ធបុប្ផានេះឡើយ។ ហើយមរណៈភាពរបស់ប្រធានមូលនិធិខាងលើក៏ជាការព្រួយបារម្ភរបស់អ្នករត់ម៉ូតូឌុបរូបនេះ។
លោក សេង វុឌ្ឍា បញ្ជាក់៖ «កាលកូនខ្ញុំឈឺរបេងកូនកណ្ដុរ ខ្ញុំបាននាំគាត់មកហ្នឹង។ ខ្ញុំមិនបានយកគាត់ទៅពេទ្យណាសិនទេ គឺយកមកហ្នឹងតែម្ដង ព្រោះខ្ញុំមិនទុក្ខចិត្តពេទ្យណា ជាងពេទ្យនេះទៀត។ ខ្ញុំព្រួយបារម្ភច្រើន ព្រោះគិតថាគ្មានបុគ្គលផ្សេងអាចធ្វើដូចគាត់បាន។ ខ្លាចថ្ងៃក្រោយពេទ្យនេះមិនមែនជាពេទ្យអង្គការដូចឥលូវ ខ្លាចគ្រប់គ្រងដោយអ្នកផ្សេងទៅដូចពេទ្យរដ្ឋ ឬបុគ្គល ក៏វាពិបាកដែរ។ តែប្រហែលជាមិនអាចរកមនុស្សបានដូចគាត់ទេ»។
មិនត្រឹមតែ សេង វុឌ្ឍា នោះទេ ដែលគិតមុនគេក្នុងការជូនកូន ក្មួយ មកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា សូម្បីតែសន្តិសុខ មួយរូបដែលធ្វើនៅមន្ទីរពេទ្យនេះ ដែលសូមមិនបញ្ចេញឈ្មោះ ក៏មិនដែលគិតថា លោកនឹងយកកូនទៅព្យាបាលនៅឯណាក្រៅពីមន្ទីរពេទ្យគន្ធបុប្ផាឡើយ។ បុរសវ័យជាង៤០រូបនេះ បានឲ្យដឹងថា គ្រាន់តែដឹងដំណឹងមរណៈភាពនេះភ្លាម គឺលោកយំទាំងយប់តែម្ដង ក៏ព្រោះតែសោកស្ដាយចំពោះថ្នាក់ដឹកនាំល្អ និងជាបុគ្គល មានគុណសម្រាប់កូនខ្មែររាប់លាននាក់។
សន្តិសុខនៅមន្ទីរពេទ្យ គន្ធបុប្ផា មួយរូបបញ្ជាក់ថា៖ «មិនស្ដាយគាត់យ៉ាងមិច បើគាត់បានជួយកូនខ្មែរតាំងពីអើយមក មកដល់ឥលូវពូនៅតែក្ដុកក្ដួល។ ពូហួសពីសោកស្ដាយហើយឥលូវនេះ ព្រោះគាត់ជាអ្នកមានគុណ គិតទៅតាំងពីឆ្នាំ១៩៩២ ដល់២០១៨នេះ គាត់លឺគាត់មរណៈក្ដុកក្ដួលយំតាំងពីយប់។ ឲ្យតែឈឺដឹងតែមកហ្នឹងទាំងអស់ កូនពូ៣នាក់ ឥលូវកម្លោះ ក្រមុំ អស់ហើយ»។
នេះគ្រាន់តែជាផ្នែកមួយនៃការលើកឡើងអំពីសេចក្ដីសោកស្ដាយសម្រាប់ ពលរដ្ឋខ្មែរក្រោយមរណៈភាព របស់លោកវេជ្ជបណ្ឌិត និងជាសិល្បៈក៏ដ៏ល្បីឈ្មោះដែលគេស្គាល់ថា Beatocello។ ងាកចេញពីទិដ្ឋភាពផ្ទាល់នៅក្នុងមន្ទីរពេទ្យ នៅក្នុងបណ្ដាញសង្គមជាពិសេស ទំព័រហ្វេសប៊ុកឯណោះវិញ មានពលរដ្ឋជាច្រើនបានបង្ហាញការសោកស្ដាយ រៀងៗខ្លួន។
ដោយមានពលរដ្ឋខ្លះបានប្ដូររូបភាពProfile fb ឬ Cover fb ដោយអមជាមួយពាក្យពេជន៍ សោកស្ដាយ និងភាពក្ដុកក្ដួល ក្នុងការបាត់បង់បុគ្គលភាព នៃការចងចាំរបស់កុមារ។ ទំព័រហ្វេសប៊ុកមួយ បានលើកឡើងថា «ក្នុងនាមខ្ញុំជាក្មេងស្រីម្នាក់ ដែលរួចផុតពីពិការភាព ដោយសារជំងឺគ្រុនស្វិតដៃជើង សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ដែលលោកវេជ្ជបណ្ឌិត Beat Rachner បានទទួលមរណៈភាព។ ខ្ញុំអាចមានធ្វើការងារ អាចដើរបាន ក៏ព្រោះតែខ្ញុំទទួលបានការព្យាបាលយ៉ាងយកចិត្តពីមន្ទីរពេទ្យគន្ធបុប្ផា»។
ចំណែក ព្រះតេជគុណ គូ សុភាព ដែលមនុស្សជាច្រើនបានស្គាល់ព្រះអង្គថា ជាសង្ឃដែលបង្រៀនពលរដ្ឋអំពីព្រះធម៌ និងសមាធិនោះ បានជម្រុញឲ្យពលរដ្ឋខ្មែរ ធ្វើសមាធិ ឬរាប់បាត្រ ដើម្បីឧទ្ទិសកុសល្យជូនដល់លោកវេជ្ជណ្ឌិត តាមបែបព្រះពុទ្ធសាសនា។ ការធ្វើបែបនេះ ត្រូវបានព្រះតេជគុណបញ្ជាក់ថា ធ្វើដើម្បីបង្ហាញពីកតាញ្ញូ និងដឹងគុណដល់លោកវេជ្ជបណ្ឌិត។ ហើយនៅព្រឹកថ្ងៃទី១០ ព្រះតេជគុណបានធ្វើពិធីសមាធិ ជាមួយនិស្សិតប្រមាណ៣០នាក់ ដើម្បីឧទ្ទិសគុណដល់ លោកវេជ្ជបណ្ឌិត Beat Rachner។
លោកវេជ្ជបណ្ឌិត Beat Rachner កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៤៧ លោកបានទទួលមរណៈភាព នៅម៉ោង២ និង៤៥នាទីព្រឹក ម៉ោងនៅទីក្រុងហ្សុយរិក ប្រទេសស្វីស ថ្ងៃទី៩ ខែកញ្ញា។ លោក គឺជាស្ថាបនិកមូលនិធិគន្ធបុប្ផា បន្ទាប់ពីលោកបានមកប្រទេសកម្ពុជា តាមការអញ្ជើញរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ កាលពីឆ្នាំ២៩៩២។ ដោយព្រះអង្គបានស្នើឲ្យលោក មកជួយជួសជុល សាងសងឡើងវិញ នូវមន្ទីរពេទ្យកុមារក្រុងភ្នំពេញ ដែលត្រូវបានបំផ្លាញដោយរបបប៉ុលពត។
ក្រោយទទួលការស្នើសុំពីព្រះបរមរតនកោដ្ឋ អស់រយៈពេល២៥ហើយ ដែលលោកវេជ្ជបណ្ឌិត បានចំណាយពេល ថវិការ របស់លោកទាំងស្រុង ដើម្បីបំពេញនូវពាក្យសន្យារ និងក្ដីអាណិត ស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះកុមារកម្ពុជា។ រយៈពេល២៥ឆ្នាំមកនេះ លោកបានធ្វើឲ្យមន្ទីរពេទ្យគន្ធបុប្ផា ជាពេទ្យគំរូទាំងសេវាកម្ម និងក្រមសីលធម៌ ក៏ដូចជាតម្លៃ ដែលធ្វើឲ្យកូនអ្នកក្រីក្រ ឬអ្នកមានក្ដី អាចទទួលបានការព្យាបាលដោយឥតគិតថ្លៃ។
ដើម្បីជាការដឹងគុណដល់លោកវេជ្ជបណ្ឌិត Beat Rachner ក្រសួងសុខាភិបាល ក៏បានចូលរួមកាន់ទុក្ខ ដែលធ្វើឡើងនៅក្រសួងសុខាភិបាល និងមន្ទីរពេទ្យបុប្ផាក្បែរវត្តភ្នំ។ ដែលបើកឲ្យប្រជាពលរដ្ឋ បានចូលរួមសម្ដែងនូវការសោកស្ដាយ និងចែករំលែកទុក្ខ ដល់ក្រុមគ្រួសារលោកវេជ្ជបណ្ឌិត និងមន្ទីរពេទ្យគន្ធបុប្ផាផ្ទាល់។ ហើយក៏ដើម្បីបង្ហាញពីការដឹងគុណ លើវីរភាព របស់លោកវេជ្ជបណ្ឌិត Beat Rachner៕