ជាតិ
បាក់ឌុប
ថន រតនា កូនអ្នករត់ម៉ូតូឌុបដែលក្លាយជាជ័យលាភីបាក់ឌុបនិទ្ទេស A ឆ្នើមជាងគេ ថន រតនា និងលោក ម៉េង ចាន់ថន ដែលជាឪពុក
× ឪពុកជាអ្នករត់ម៉ូតូឌុប រីឯម្តាយជាស្ត្រីមេផ្ទះ ដូច្នេះ ថន រតនា ត្រូវរកលុយបន្ថែមដើម្បីផ្តត់ផ្គង់ការសិក្សាខ្លួនខ្លួន និងមានការអនុគ្រោះជាច្រើនពីសំណាក់លោកគ្រូ-អ្នកគ្រូរបស់ខ្លួន។ ការខិតខំប្រឹងប្រែងរៀនសូត្រ បានធ្វើយុវតីវ័យ១៨ឆ្នាំ ប្រឡប់ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រហូតដល់បាននិទ្ទេស A ដែលមានលំដាប់ពិន្ទុ ១០០ ខ្ពស់ជាងគេ។
«Wow អ្នកគ្រូ ថន រតនា ជាប់បាក់ឌុប បាននិទ្ទេស A ហើយមានលំដាប់ពិន្ទុ១០០!»។ ថន រតនា ជាប់ឈ្មោះថាជាអ្នកគ្រូ ដោយសារតែយុវតីរូបនេះ ឆ្លៀតពេលទៅបង្រៀនភាសាអង់គ្លេសថ្នាក់កូនក្មេងនៅអង្គការមួយ ដោយទទួលបានប្រាក់៣៥ដុល្លារអាមេរិកក្នុង១ខែ។
ចំណូលបន្ថែមនេះហើយ ដែលជួយឲ្យ រតនា មានឱកាសរៀនគួរបន្ថែមលើមុខវិជ្ជាគណិតវិទ្យា និងរូបវិទ្យា ជាដើម នាពេលត្រៀមខ្លួនសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ «វាមិនគ្រប់គ្រាន់ឡើយក្នុងការរៀនឲ្យបានពេញលេញ ប៉ុន្តែខ្ញុំមិនបំភ្លេចគុណលោកគ្រូ អ្នកគ្រូនោះឡើយ ដែលអនុគ្រោះច្រើនចំពោះរូបខ្ញុំ»។ នេះជាការបញ្ជាក់របស់ កញ្ញា ថន រតនា បន្ទាប់ពីការប្រកាសលទ្ធផលបាក់ឌុបលើកទីពីរ បានបង្ហាញថា សិស្សវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ផ្សារដើមថ្កូវ រាជធានីភ្នំពេញរូបនេះ ឡើងពីនិទ្ទេស C ទៅនិទ្ទេស A វីញ។
ក្រោយការដោះស្រាយបញ្ហាកុំព្យូទ័រ រតនា ស្ថិតក្នុងចំណោមបេក្ខជនថ្នាក់វិទ្យាសាស្ត្ររាប់សិបនាក់ផ្សេងទៀត ដែលទទួលបានពិន្ទុគណិតវិទ្យាឡើងវិញ ដោយការប្រកាសលទ្ធផលដំបូង នាងមានលំដាប់ពិន្ទុ ៩៧,២៨២ ក្នុងនិទ្ទេស C ។
រតនា បានរៀបរាប់ប្រាប់សារព័ត៌មាន ThmeyThmey បន្ថែមថា៖ «លោកគ្រូ-អ្នកគ្រូបន្ធូរបន្ថូយថ្លៃរៀនគួរលើមុខវិជ្ជាមួយចំនួន ឯមុខវិជ្ជាខ្លះទៀតរៀនមិនបង់ប្រាក់ ដោយអ្នកគ្រូ-លោកគ្រូ មើលឃើញស្ថានភាពគ្រួសារក្រលំបាក រួមជាមួយការសិក្សាល្អរបស់ខ្ញុំផងដែរ»។
ជាមួយគ្នានេះ លោក ម៉េង ចាន់ថន ដែលជាឪពុកបង្កើតរបស់យុវតី ថន រតនា បានបញ្ជាក់ផងដែរថា«ក្នុងការសិក្សារបស់កូននៅឆ្នាំទី១២នេះ លោកមិនចំណាយអ្វីច្រើនទេ ក្រៅពីជូន រតនា ទៅរៀន និងយកមកផ្ទះវិញ ចំពោះថ្លៃរៀនគួររតនា អាចដោះស្រោយខ្លួនឯងបាន»។
ឪពុក រតនា បានបន្តថាលោកគ្មានអ្វីជួយកូនច្រើនទេ ក្រៅពីការផ្តល់កម្លាំងចិត្ត និងទឹកចិត្តដល់កូន ឲ្យខិតខំរៀនសូត្រតែប៉ុណ្ណោះ។ ក្រៅពីហ្នឹង គឺការខិតខំប្រឹងរៀនសូត្រ និងស្វែងយល់ដោយខ្លួនឯង៕
Tag:
អប់រំ
បាក់ឌុប
ថន រតនា
© រក្សាសិទ្ធិដោយ thmeythmey.com