ជាតិ
អាមេរិកមានមោទនភាព ដែលធ្វើជាដៃគូអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា
× ភ្នំពេញ៖ អាមេរិកមានមោទនភាព ដែលជាដៃគូអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ នេះជាការលើកឡើងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងឱកាសបង្ហាញសារតាំងរបស់លោក ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៧ កញ្ញា។
ក្នុងជំនួបបង្ហាញខ្លួន ជាទូតកម្ពុជាថ្មីប្រចាំអាមេរិក លោក ជុំ សុន្ទរី បានរៀបរាប់ពីការលូតលាស់នៃសេដ្ឋកិច្ច និងសង្គមក្នុងរយៈពេលពីរទសវត្សន៍ចុងក្រោយនេះ ប្រាប់ទៅលោក ដូណាល់ ត្រាំ ថា ជំនួយអភិវឌ្ឍរបស់អាមេរិក និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក បានរួមចំណែកយ៉ាងសំខាន់ក្នុងការរីកចម្រើនលូតលាស់របស់កម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានស្រង់សម្តីរបស់លោក ជុំ សុន្ទរី ក្នុងជំនួបនោះ ដូច្នេះថា៖«សុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាំព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក ដើម្បីផលប្រយោជន៍ទៅវិញទៅមរបស់ប្រជាជននៃប្រទេសទាំងពីរ»។
លោក ជុំ សុន្ទរី ក៏បានប្តេជ្ញាចំពោះមុខប្រធានាធិបតីអាមេរិកផងដែរថា ក្នុងនាមជាឯកអគ្គរាជទូតកម្ពុជាថ្មី លោកនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការធ្វើការងារជិតស្និទ្ធជាមួយភាគីអាមេរិកដើម្បីដើម្បីជាគុណប្រយោជន៍ដល់ទំនាក់ទំនងទ្វេរភាគី។
ឆ្លើយតបនឹងលោក ជុំ សុន្ទរី នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា វត្តមានរបស់ឯកអគ្គរាជទូតកម្ពុជាថ្មីមានសារសំខាន់ច្រើនកម្រិត ដែលបញ្ជាក់ពីភាពល្អប្រសើរនៃចំណងមិត្តភាពដែលត្រូវស្តារឡើងវិញរវាងកម្ពុជា និងអាមេរិក និងមានរយៈពេលលើស ២៥ឆ្នាំ រាប់ចាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ និយាយពីរឿងសេដ្ឋកិច្ចវិញលោក ដូណាល់ ត្រាំ មើលឃើញថា កម្ពុជាមានសន្ទុះសេដ្ឋកិច្ចខ្លាំងគួរឲ្យកត់សម្គាល់ ហើយអាមេរិកក៏មានមោទនភាព ដែលជាដៃគូអភិវឌ្ឍរបស់កម្ពុជាផងដែរ។
ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយដូច្នេះថា៖«ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាក្នុងពេលនេះជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ហើយយើងមានមោទនភាពដើម្បីធ្វើជាដៃគូក្នុងការរីកចម្រើនលូតលាស់នេះ។យើងដឹងថា កម្ពុជាមានសក្តានុពលសម្រាប់ការរីកចម្រើនលូតលាស់ខ្លាំងជាងនេះនៅពេលអនាគត ហើយយើងរីករាយដែលបានសហការគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនិងចាប់យកឱកាសដ៏ច្រើនសន្ធឹកសន្ធាប់នេះ។ យើងរំពឹងចាំមើលការលូតលាស់ក្នុងពាណិជ្ជកម្មសេរី និងយុត្តិធម៌ សន្តិសុខតំបន់ និងអភិបាលកិច្ចដែលពោលពេញដោយប្រជាធិបតេយ្យ និងគណនេយ្យភាព ហើយយើងស្វែងរកលទ្ធភាពដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខភិបាលសាកលផងដែរ»។
បន្ថែមពីនេះលោក ដូណាល់ ត្រាំ បាននិយាយពីជំហរសហការការងារជាមួយកម្ពុជាផងដែរ។ «ខ្ញុំរីករាយនឹងធ្វើការជាមួយឯកឧត្តម ដើម្បីជំរុញរបៀបវារៈរួមរបស់យើង ហើយនឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា ដែលបានស្រង់សម្តីលោក ដូណាល់ ត្រាំ៕
Tag:
ដូណាល់ ត្រាំ
ជុំ សន្ទរី
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com