អន្តរជាតិ
លោក ម៉ា​ឌុយ​រ៉ូ ចង់​ពហិការ​កិច្ចប្រជុំ UN នៅ​អាមេរិក ដោយ​ខ្លាច​គេ​លួច​ធ្វើឃាត​
19, Sep 2018 , 5:11 pm        
រូបភាព
ដោយ:
​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ បាន​និយាយ​នៅ​ថ្ងៃទី​១៨ កញ្ញា​ថា លោក​ប្រហែលជា​ត្រូវ​លុបចោល​ទស្សនកិច្ច​ទៅកាន់​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក​ក្នុង​សប្ដាហ៍​នេះ​។ មេដឹកនាំ​រូបនេះ បានបង្ហាញ​ក្តីកង្វល់​ថា គូប្រជែង​របស់លោក នឹង​ព្យាយាម​ធ្វើឃាត​លោក ប្រសិនបើ​លោក ធ្វើដំណើរ​ទៅកាន់​បរទេស​។​

 
«​អ្នកដឹង​ទេ​ថា ពួកគេ​ត្រៀម​សម្លាប់​ខ្ញុំ​ជានិច្ច ប្រសិនបើ​មានឱកាស​នោះ​... ខ្ញុំ​ចង់ទៅ​កាន់​ទីក្រុង​ញូវយ៉ក តែ​ខ្ញុំ​ក៏​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់ខ្ញុំ​ផងដែរ​»​។ លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ បាន​និយាយ​នៅឯ​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ថ្ងៃទី​១៨ ខែកញ្ញា ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ ទន្ទឹមនឹងនេះ ប្រធានាធិបតី​រូបនេះ បាន​និយាយទៀតថា អតីតមន្ត្រី​យោធា​វ៉េ​ណេ​ស៊ុយ​អេ​ឡា បាន​ព្យាយាម​ផ្ដួលរំលំ​រដ្ឋាភិបាល​របស់​លោក ដោយមាន​សហរដ្ឋអាមេរិក​នៅ​ពីក្រោយ​។ 
 
​បើ​ពិ​តទៅ លោក​ម៉ា​ឌុយ​រ៉ូ ខកខាន​មិនបាន​ចូលរួម​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ តាំងពី​ឆ្នាំ​២០១៥​មកម្ល៉េះ​។ ក្នុងឆ្នាំនេះ មហាសន្និបាត​លើក​ទី​៧៣ បានចាប់ផ្ដើម កាលពី​ថ្ងៃទី ១៨ កញ្ញា​។ 
 
​កាលពី​ខែសីហា​កន្លងទៅ យន្តហោះ​ដ្រូ​ន​២​គ្រឿង បាន​ផ្ទុះ​នៅ​ទីប្រជុំជន​មួយកន្លែង​នា​រដ្ឋធានី​កា​រ៉ា​កាស់ ទី​ដែល​លោក​ម៉ា​ឌុយ​រ៉ូ បាន​ថ្លែង​សន្ទរកថា​។ ក្នុង​ហេតុការណ៍​នេះ ទាហាន​៧​រូប បាន​រងរបួស និង​ជនសង្ស័យ​ជាច្រើន​នាក់ ត្រូវបាន​គេ​ចាប់ខ្លួន ក្នុងនោះ​ក៏មាន​មន្ត្រី​យោធា​មួយចំនួន​ផងដែរ​។ លោក ម៉ា​ឌុយ​រ៉ូ បាន​អះអាងថា ហេតុការណ៍​នេះ ជា​អំពើ​ប៉ុនប៉ង​ធ្វើឃាត​លោក​តែម្ដង​។​
 
​កាសែត New York Times បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​០៨ កញ្ញា​ថា មន្ត្រី​អាមេរិក ធ្លាប់បាន​ទៅ​ជួប​ជាមួយនឹង​ក្រុម​បះបោរ​យោធា​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ ការណ៍​នេះហើយ​ដែល​នាំ​ឲ្យ​លោក​ម៉ា​ឌុយ​រ៉ូ ហ៊ាន​ចោទប្រកាន់​រដ្ឋបាល​រប​ស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ពាក់ព័ន្ធ​នឹង​ការធ្វើអន្តរាគមន៍ និង​គាំទ្រ​ការធ្វើ​រដ្ឋប្រហារ ក្នុងប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ 
 
​ទាក់ទិន​នឹង​រឿងនេះ ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អាមេរិក បាន​ឆ្លើយតប​វិញ​ថា គោលនយោបាយ​របស់​អា​មេ​រិ​ក​នៅពេលនេះ គឺ​ចង់ឃើញ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​មាន​សន្តិភាព និង​ត្រឡប់​ទៅកាន់​របប​ប្រជាធិបតេយ្យ​ដែលមាន​សណ្ដាប់ធ្នាប់​ដូច​មុន​វិញ​។​
 
​បច្ចុប្បន្ននេះ​សេដ្ឋកិច្ច​វ៉េ​ណេ​ស៊ុយ​អេ​ឡា បាន​ដាំ​ក្បាល​ចុះ​យ៉ាងខ្លាំង ក្រោម​ការដឹកនាំ​របស់​លោក ម៉ា​ឌុយ​រ៉ូ ជាមួយនឹង​អតិផរណា​ប្រមាណ ២០​ម៉ឺន​ភាគរយ​។ ការធ្លាក់​ដុនដាប​យ៉ាងធ្ងន់ធ្ងរ​នេះ បណ្ដាល​ឲ្យ​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ពិបាក​ក្នុង​ការទិញ​សម្ភារៈ ថ្នាំសង្កូវ និង​អាហារ​ជាដើម​៕
 

Tag:
 វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ​
  មហាសន្និបាត​អង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com