កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Mourinho យក​គំរូ​តាម Federer ដោយ​មិន​ដោះសា​របើ Man Utd ចាញ់​នៅ​ទីលាន​សិប្បនិម្មិត​
19, Sep 2018 , 5:51 pm        
រូបភាព
​លោក Jose Mourinho អ្នកចាត់ការ​ទូទៅ Manchester United បាន​និយាយ​នៅ​ថ្ងៃទី​១៨ ខែកញ្ញា​ថា​ក្រុម​របស់លោក​នឹងមិន​យក​លេស​លេង​លើ​ទីលាន​សិប្បនិម្មិត​ជាការ​ដោះសារ​ឡើយ​ប្រសិនបើ​បរាជ័យ​នា​ជំនួប​ទល់នឹង​ម្ចាស់ផ្ទះ Young Boys នៃ​ការប្រកួត​ពានរង្វាន់ UEFA Champions League នៅ​ទីក្រុង Bern ប្រទេស​ស្វី​ស​។​


 
​ក្រុម​រហស្សនាម​បិ​សា​ក្រហម​នឹងត្រូវ​ធ្វើដំណើរ​ទៅ​ជួប​ក្រុម Young Boys នៅ​យប់​ថ្ងៃទី​១៩ ខែកញ្ញា វេលា​ម៉ោង​២:០០​រំលង​អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​] សម្រាប់​ជំនួប​ដំបូង​នៃ​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល H​។​
 
​នេះ​ក៏​ជាការ​ចាប់ផ្តើម​យុទ្ធនាការ​ការប្រកួត​ពា​ន​លំដាប់​កំពូល​អឺរ៉ុប​ជា​លើកដំបូង​របស់ Man Utd នៅលើ​ទីលាន​ស្មៅ​ជ័រ​ផងដែរ​។ ប៉ុន្តែ​យ៉ាងណា​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​មិន​ត្អូញត្អែ​ពី​បញ្ហា​ទីលាន​នេះឡើយ ដោយ​សំអាង​ពី​ភាព​អស្ចារ្យ​របស់​កំពូល​កីឡាករ​វាយ​កូន​បាល់ Roger Federer ក្នុងនាម​កីឡាករ​ម្នាក់​ដែល​អាច​ប្រកួត​យកជ័យ​ជម្នះ​បាន​គ្រប់​កាលៈទេសៈ​ទាំងអស់​។​
 
Federer ដែលជា​ម្ចាស់​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ Grand Slam ២០​សម័យកាល បានឈ្នះ​ការប្រកួត​នៅ​គ្រប់​ទីលាន​ទាំងអស់​ក្នុង​អាជីព​កីឡា​របស់គេ ហើយ Mourinho បាន​កោតសរសើរ​ពី​ការ​សម្រប​ខ្លួន​របស់​កីឡាករ​ស្វី​សរូប​នេះ​។​


 
«​ខ្ញុំ​មិន​ចង់​ប្រើ​លេស​ថា​លេង​លើ​ស្មៅ​សិប្បនិម្មិត ... ដើម្បី​ដោះសារ​សម្រាប់​ការបង្ហាញ​ខ្លួន​មិនបាន​ល្អ​របស់​ក្រុម​ខ្ញុំ​នោះទេ​»​។ អ្នក​ទាំងអស់គ្នា​ដឹងថា​វា​ខុសគ្នា​តែ ... យើង​នៅ​ទឹកដី​ស្វី​ស​ដែលជា​ផ្ទះ​របស់​កំពូល​កីឡា​វាយ​កូន​បាល់​ដ៏​ល្អ​បំផុត ហើយ​ខ្ញុំ​ប្រាកដ​ណាស់​ថា​កីឡា​រក​របស់​យើង​ជួនកាល​មិន​សប្បាយ​ចិត្តនឹង​លេង​លើ​ស្មៅ​ជ័រ​បែបនេះ ប៉ុន្តែ​ពួកគេ​ត្រូវតែ​លេង ហើយ​ត្រូវ​លេង​ឲ្យ​ឈ្នះ​»​។ The Spcial One លើកឡើង​ដូច្នេះ​។​
 
​ក្រៅពី​ជំនួប Man Utd ទល់នឹង Young Boys ក៏មាន​ការប្រកួត​គូ​ខ្លាំង​រវាង Valencia និង Juventus ក្នុង​ពូ​ល​ជាមួយគ្នានេះ​ដែង និង​រួមទាំង​ជំនួប​គូ​ពិសេស​ផ្សេងទៀត ដែល​ក្នុងនោះ​រួមមាន​៖ 
 
​ពូ​ល E៖
Ajax Vs AEK Athens (​ម៉ោង ១១:៥៥​នាទី​យប់​)​
Benfica VsBayern Munich (​ម៉ោង ២:០០​រំលង​អា​ធ្រា​ត្រ​)
 
​ពូ​ល F៖ 
Shakhtar Donetsk Vs Hoffenheim (​ម៉ោង ១១:៥៥​នាទី​យប់​)
Manchester City Vs Lyon (​ម៉ោង ២:០០​រំលង​អា​ធ្រា​ត្រ​)
 
​ពូ​ល G៖
Real Madrid Vs Roma (​ម៉ោង ២:០០​រំលង​អា​ធ្រា​ត្រ​)
Viktoria Plzen Vs CSKA Moscow (​ម៉ោង ២:០០​រំលង​អា​ធ្រា​ត្រ​)
 
 

Tag:
 បាល់ទាត់​
  UEFA Champions League
  Manchester United
  Jose Mourinho
  Young Boys
© រក្សាសិទ្ធិដោយ thmeythmey.com