ពីនេះ ពីនោះ
ហេតុអ្វីសរសេរជា «បណ្ឌិត» ហើយពេលខ្លះ បែរជាសរសេរជា «បណ្ឌិត្យ» វិញ?
× «បណ្ឌិត» សំដៅទៅលើ មនុស្ស។ រីឯ «បណ្ឌិត្យ» សំដៅទៅលើ ភាវៈ ឬទីកន្លែង។
វចនានុក្រមសម្តេច ជួន ណាត ពន្យល់ថា «បណ្ឌិត» គឺជាជនអ្នកមានប្រាជ្ញា, អ្នកមានចំណេះជ្រៅជ្រះ, អ្នកឈ្លាសវៃ។ ដូច្នេះ បើនិយាយពីបុគ្គលណាម្នាក់ ដែលមានចំណេះដឹងខ្ពង់ខ្ពស់ ឬក៏បានរៀនដល់ថ្នាក់បណ្ឌតិ គឺយើងសរសេរថា «បណ្ឌិត»។ ឧទាហរណ៍ថា៖«បងប្រុសខ្ញុំ គឺជាបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ»។
ចំណែក ពាក្យ «បណ្ឌិត្យ» វិញ គឺមិនសំដៅទៅលើមនុស្ស ដែលមានចំណេះដឹង នោះទេ។ បើយោងតាម វចនានុក្រមស្តេច ជួន ណាត ដដែល «បណ្ឌិត្យ» គឺជាភាវៈនៃបណ្ឌិត, សភាព, ស្ថាន, ទី, តំណែងនៃបណ្ឌិត ដូចជាបណ្ឌិត្យសភា, ពុទ្ធសាសនបណ្ឌិត្យ ជាដើម។
ពាក្យ «ពុទ្ធសាសនបណ្ឌិត្យ» ក្នុងទីនេះ មិនសំដៅលើអ្នកប្រាជ្ញ ឬអ្នកមានចំណេះដឹងខាងព្រះពុទ្ធសាសនា ឡើយ។ តែពាក្យ «ពុទ្ធសាសនបណ្ឌិត្យ» គឺអាចសំដៅទៅលើ កន្លែង ដែលប្រមូលផ្តុំទៅដោយអ្នកប្រាជ្ញ ឬក្បួនច្បាប់នានា ដែលទាក់ទងនឹងព្រះពុទ្ធសាសនា៕
© រក្សាសិទ្ធិដោយ thmeythmey.com