ជាតិ
ចិន បញ្ចប់គម្រោងសិក្សាស្រាវជ្រាវនៅប្រាសាទព្រះវិហារ និងគ្រោងផ្តើមការជួសជុលឆាប់ៗ
× សៀមរាប៖ ប្រទេសចិន ដែលជាសហប្រធាន នៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ(ICC- Preah Vihear) នឹងដំណើរការជួសជុលប្រាសាទព្រះវិហារ នាពេលឆាប់ៗនេះ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្ដម គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ។
ក្នុងកិច្ចប្រជុំនោះ ប្រធានអាជ្ញាធរជាតិព្រះវិហារមានប្រសាសន៍ថា កិច្ចប្រជុំលើកនេះ គឺខុសគ្នាខ្លាំងជាមួយនឹងកិច្ចប្រជុំនាពេលកន្លងមក ព្រោះថាសហប្រធានចិន និងឥណ្ឌា នឹងបង្ហាញពីលទ្ធផលសិក្សាស្រាវជ្រាវដែលខ្លួន បានធ្វើ នៅតំបន់ប្រាសាទព្រះវិហារ។ តាមប្រធានអាជ្ញាធរជាតិព្រះវិហារ ក្រោយកិច្ចប្រជុំនេះ គេនឹងដឹងពីពេលវេលាជាក់លាក់ នៃការចាប់ផ្តើមការងារជួសជុលរបស់ប្រទេសចិន។ តាមគម្រោង ចិន នឹងជួសជុលគោបុរៈទី១ ទី២ និងទី៣ នៃប្រាសាទព្រះវិហារ។
ដោយឡែកសម្រាប់សហប្រធានឥណ្ឌាវិញ កាលពីចុងខែសីហាកន្លងទៅ ប្រធានអាជ្ញាធរជាតិព្រះវិហារ និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ទាក់ទងនឹងការងារជួសជុលគោបុរៈទី៥ នៃប្រាសាទព្រះវិហារ។
តាមការបញ្ជាក់របស់ លោក គឹម សេតារា កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក ក៏បានទម្លាក់ថវិកាប្រចាំឆ្នាំរបស់ខ្លួន ក្នុងការចូលរួមជួយជួសជុលជណ្ដើរខាងជើងប្រាសាទព្រះវិហារផងដែរ។ ក្នុងមួយឆ្នាំ សហរដ្ឋអាមេរិកជួយថវិកាប្រមាណ២០ម៉ឺនដុល្លារ ហើយថវិកាអាចមានពី២ ទៅ៣ឆ្នាំ។ ដូច្នេះមានប្រទេសមហាអំណាច៣ហើយ ដែលបានចូលរួមជួសជុលប្រាសាទព្រះវិហារ។ នេះបើតាមលោក គឹម សេតារា ដែលបានបន្តថា ក្រៅពីប្រទេសមហាអំណាចទាំង៣ ក៏មានប្រទេសជាសមាជិកដទៃទៀត បានជួយការងារជាច្រើនផងដែរ ដូចជាប្រទេសប៊ែលហ្សិក ជួយរឿងការងារសហគមន៍ វេបសាយ ឯបារាំង ជួយសិក្សាប្រវត្តិសាស្ដ្រ តំបន់ប្រាសាទទាំងនៅតំបន់ព្រះវិហារ និងកោះកែរ។ល។
គួរបញ្ជាក់ថា អាជ្ញាធរជាតិព្រះវិហារ បានបើកសម័យប្រជុំបច្ចេកទេសលើកទី៤ នៅថ្ងៃទី២០ ខែកញ្ញា ដោយមានសហប្រធានចិន និងឥណ្ឌា។ សហប្រធានឥណ្ឌា សម្របសម្រួលដោយលោកស្រី Manika JAIN និងសហប្រធានចិន សម្របសម្រួលដោយលោកស្រី Zou WENXING ឯសមាជិកចំនួន ៦ទៀត មានប៊ែលហ្សិក បារាំង ជប៉ុន សាធារណរដ្ឋកូរ៉េ ថៃ និងសហរដ្ឋអាមេរិក ព្រមទាំងមានការចូលរួមពីភ្ញៀវជាតិ និងអន្ដរជាតិដទៃទៀត។ កិច្ចប្រជុំនេះ ដឹកនាំដោយលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕
Tag:
ប្រាសាទព្រះវិហារ
ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com