អន្តរជាតិ
ប្រមុខ​ការទូត​អាមេរិក​សន្យា​បញ្ចេញ​វិធានការ​ប្រឆាំង​របប​ដឹកនាំ​វេ​ណេ​ស៊ុយ​អេ​ឡា​ឆាប់ៗ​
25, Sep 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ (Mike Pompeo) បាន​បង្ហើប​ថា អា​មេ​រិ​កំពុង​រៀបចំ​វិធានការ​ចាំបាច់​មួយចំនួន​ដើម្បី​ប្រឆាំង​របប​ដឹកនាំ​វេ​ណេ​ស៊ុយ​អេ​ឡា​។ ប៉ុន្តែ​ប្រមុខ​ការទូត​រូបនេះ​មិនបាន​ពន្យល់​ឲ្យ​ច្បាស់​ទេ​ថា ចំណាត់ការ​នោះ​ជា​អ្វី​ឲ្យ​ប្រាកដ​នោះ​។


 
​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Fox News នា​ថ្ងៃ​សុក្រ​ទី ២១ ខែកញ្ញា​សប្តាហ៍​មុន ប្រមុខ​ការទូត​អាមេរិក​លោក ប៉ុ​ម​ប៉េ​អូ បានប្រកាស​ជា​ផ្លូវការ​ថា សហរដ្ឋអាមេរិក​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កំពុង​រៀបចំ​វិធានការ​ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​កា​រ៉ា​កាស​។​
 
​លោក ប៉ុ​ម​ប៉េ​អូ បាន​អះអាងថា វិធានការ​ទាំងនោះ​ត្រូវ​ដាក់ចេញ​នៅពេល​ឆាប់ៗ​ខាងមុខ​ដើម្បី​ធានាថា ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​អាចមាន​សិទ្ធិ​ក្នុងការ​សម្រេចចិត្ត​ចំពោះ​បញ្ហា​ដែល​ខ្លួន​កំពុង​ប្រឈម​នេះ​។   
 
«​អ្នកនឹង​ឃើញ​ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នូវ​សកម្មភាព​មួយចំនួន​ដែល​បន្ត​បង្កើន​សម្ពាធ​ប្រឆាំង​របប​ដឹកនាំ​វេ​ណេ​ស៊ុយ​អេ​ឡា ដែល​កំពុង​បំផ្លាញ​ផលប្រយោជន៍​របស់​ប្រជាជន​ខ្លួន​។ យើង​ប្រឹងប្រែង​ធ្វើយ៉ាងណា​ធានាថា ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​មាន​សិទ្ធិ​និង​អំណាច​ក្នុង​សម្រេចចិត្ត​»​។ ប្រមុខ​ការទូត​អាមេរិក​បានបញ្ជាក់​បែប​នេះ​។ 
 
​ថ្វីបើ​មានការ​ប្រកាស​ពី​ការរៀបចំ​ចំណាត់​ការដាក់​សម្ពាធ​លើ​របប​ដឹកនាំ​វេ​ណេ​ស៊ុយ​អេ​ឡា​របស់លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ (Nicolas Maduro) បែបនេះ​ក៏ដោយ លោក ប៉ុ​ម​ប៉េ​អូ មិនបាន​បង្ហើប​ឲ្យ​ដឹង​ច្បាស់​ថា ចំណាត់ការ​នោះ​ជា​អ្វី​ឲ្យ​ប្រាកដ​ឡើយ​។
​គេ​នៅ​ចាំបាន​ថា កន្លងមក​រដ្ឋបាល​អាមេរិក​បាន​បង្កើន​ទណ្ឌកម្ម​ប្រឆាំង​មន្ត្រីជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​ឆ្វេងនិយម​របស់លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ រួចទៅហើយ ដោយ​ចោទប្រកាន់ថា​របប​ដឹកនាំ​នេះ​កំពុង​ព្យាយាម​ច្របាច់ក​ផ្តាច់ដង្ហើម​លទ្ធិប្រជាធិបតេយ្យ​ដែល​កំពុង​ត្រដរខ្យល់​ស្រាប់​នោះ​។  
 
​ជុំវិញ​ការលើកឡើង​ពី​វិធានការ​ប្រឆាំង​វេ​ណេ​ស៊ុយ​អេ​ឡា​នេះដែរ កន្លងមក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​បាន​បញ្ជាក់ថា រដ្ឋបាល​លោក ត្រាំ បាន​លួច​ពិភាក្សា​ជាមួយ​ក្រុម​យោធា​វេ​ណេ​ស៊ុយ​អេ​ឡា​ជាច្រើនលើក​ច្រើនសារ​ដើម្បី​រៀបចំ​គម្រោង​រដ្ឋប្រហារ​ទម្លាក់​លោក ម៉ា​ឌុយ​រ៉ូ​។ 
 
​ប្រធានាធិបតី ត្រាំ ខ្លួនឯង​នោះ​ក៏​ធ្លាប់​គំរាម​ប្រើប្រាស់​កម្លាំង​ទម្លាក់​របប​ដឹកនាំ​វេ​ណេ​ស៊ុយ​អេ​ឡា​ដែរ​កាលពី​ខែសីហា​ឆ្នាំមុន ដោយ​លោក​និយាយថា ចំណាត់ការ​យោធា​អាចធ្វើ​ទៅរួច បើសិនជា​ចាំបាច់​។ ប៉ុន្តែ​មន្ត្រី​ជំនិត​របស់លោក​បាន​ជំទាស់​ដាច់ខាត​ចំពោះ​ការប្រើប្រាស់​កម្លាំង​នេះ​។​
 
​តាមពិតទៅ លោក ប៉ុ​ម​ប៉េ​អូ បាន​បង្ហើប​ពី​វិធានការ​ប្រឆាំង​វេ​ណេ​ស៊ុយ​អេ​ឡា​នេះ បន្ទាប់ពី​អគ្គលេខាធិការ​អង្គការ​រដ្ឋ​អាមេរិក​លោក Luis Almagro ថ្លែង​ក្នុងពេល​ទស្ស​នៅ​កិច្ច​នៅ​កូ​ឡុំ​ប៊ី​ថា ការអន្តរាគមន៍​យោធា​ទម្លាក់​រដ្ឋាភិបាល​លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ មិនត្រូវ​ទាត់ចោល​ឡើយ ព្រោះ​ប្រជាជន​ប្រទេស​នេះ​បន្ត​រងទុក្ខវេទនា​ឥត​ល្ហែរ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​និង​សង្គម​។ 
 
​រដ្ឋាភិបាល​លោក ម៉ា​ឌុយ​រ៉ូ រង​ការ​ថ្កោលទោស​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​និង​ប្រជាជន​ក្នុងស្រុក​ផង​ដោយសារ​ការ​អសមត្ថភាព​ក្នុងការ​ដឹកនាំ និង​គ្រប់គ្រង​សេដ្ឋកិច្ច​ដែល​កំពុង​ដួលរលំ​នោះ​។ អង្គការ​មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ​បាន​ព្យាករ​ថា អត្រា​អតិផរណា​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​កើនឡើង​ដល់​មួយ​លាន​ភាគរយ​នៅក្នុង​ឆ្នាំនេះ ហើយ​ប្រជាជន​កំពុង​បន្ត​ភៀសខ្លួន​ដោយសារ​រងទុក្ខវេទនា​ព្រោះ​កង្វះ​ស្បៀង និង​ថ្នាំសង្កូវ​ផង​នោះ​៕
 

Tag:
 វេ​ណេ​ស៊ុយ​អេ​ឡា​
  ម៉ៃ ប៉ុ​ម​ប៉េ​អូ​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com