ជាតិ
បុណ្យភ្ជុំបិណ្ឌ
សេចក្តីសង្ខេប អំពីបុណ្យភ្ជុំបិណ្ឌ 
×![]()
ភ្ជុំបិណ្ឌ ជាពិធីបុណ្យធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងទៀត។ ពិធីនេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។
ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ។ ចំណែក ថ្ងៃ១៥រោច គេហៅថា ថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ ដែលមានន័យថា ថ្ងៃជួបជុំគ្នាចុងក្រោយ នៃពីធីបុណ្យកាន់បិណ្ឌ។
បិណ្ឌ មានន័យថា ដុំបាយ ឬពំនូតបាយតូចៗ ដែលគេដាំពីអង្ករដំណើប ឬអង្ករខ្សាយ មានលាយសណ្តែកក្រហម សណ្តែកស ឬសណ្តែកខ្មៅ ទៅតាមតំបន់ ឬអ្នកនិយម ហើយគេពូតជាដុំតូចៗ សម្រាប់បោះនៅតាមកៀនព្រះវិហារនៅទៀបភ្លឺពេល ដែលគេជឿថា ប្រេត ឬអសុរកាយ នឹងមកទទួលនៅទីនោះ។
ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះជាប្រចាំរៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក។ ប៉ុន្តែពិធីបុណ្យនេះ ក៏ដូចជាពិធីបុណ្យដទៃទៀតដែរ មិនត្រូវបានរដ្ឋាភិបាល នៃរបបកម្ពុជាប្រជាធិបតេយ្យ អនុញ្ញាតឲ្យប្រារព្ធឡើយ ចាប់ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩។ ក្រោយពីរបបខ្មែរក្រហមដួលរលំទៅវិញ ទើបរដ្ឋាភិបាលថ្មី អនុញ្ញាតឲ្យប្រារព្ធធ្វើតាមទំនៀមទម្លាប់ ប្រពៃណីឡើងវិញ។
ឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរ បង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលផលបុណ្យ ទៅដល់ពពួកប្រែតអសុរកាយ។ ប្រជាពលរដ្ឋ មានជំនឿថា អ្នកមានគុណ បុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅ មិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមកទទួលកុសលផលបុណ្យនេះ ពីពួកគេ នៅពេលពពួកប្រេតទាំងនោះ ត្រូវបានគេដោះលែងឲ្យមានសេរីភាពរយៈពេល១៥ថ្ងៃ។
ពីបុរាណកាលមក គេនិយមប្រារព្ធពិធីបុណ្យនេះ រយៈពេល៣ខែ គឺចាប់ពីថ្ងៃចូលព្រះវស្សា រហូតដល់ថ្ងៃចេញព្រះវស្សាតែម្តង។ តែក្រោយមក បុព្វបុរសខ្មែរ ជាពិសេសព្រះបាទអង្គឌួង ដោយឈ្វេងយល់ថា ការរកចង្ហាន់របស់ប្រជារាស្ត្រ មកប្រគេនព្រះសង្ឃ មានការលំបាក និងមិនសូវបានល្អ ទើបព្រះអង្គ បានកាត់បន្ថយមកត្រឹម១៥ថ្ងៃវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com