ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ប្តូរ​ចិត្ត​មិន​ទៅ​ដឹកនាំ​បាតុកម្ម​ប្រឆាំង​សម្តេច ហ៊ុន សែន នៅ​ញូយ៉ក​ទេ​
27, Sep 2018 , 11:16 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក សម រង្ស៊ី នឹងមិន​ទៅ​សហរដ្ឋអាមេរិក ដើម្បី​ដឹកនាំ​បាតុកម្ម​ប្រឆាំងនឹង​សម្តេច ហ៊ុន សែន ឡើយ​។ ប៉ុន្តែ គម្រោង​នៃ​ការធ្វើ​បាតុកម្ម​នេះ នឹងមិន​រំសាយ​ចោល​នោះទេ​។


 
​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្សព្វផ្សាយ​ខិត្តប័ណ្ណ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ស្តីពី​គម្រោង​នៃ​ការធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ដើម្បី​ប្រឆាំងនឹង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណៈប្រតិភូ​កម្ពុជា ដែល​ត្រូវ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី​៧៣​នៃ​មហាសន្និបាត​អង្គការ​សហ​ប្រជា​តិ ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក​។ 
 
​ខិត​ប័​ណ្ឌ ដែល​ត្រូវបាន​ចែកចាយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានសរសេរថា អតីត​គណបក្សប្រឆាំង នឹង​ប្រមូល​ផ្តុំគ្នា​នៅមុខ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ ដែលមាន​លោក សម រង្ស៊ី ជា​អ្នកដឹកនាំ​។ ប៉ុន្តែ នៅ​ថ្ងៃទី​២៦ ខែកញ្ញា គឺ​មុន​១​ថ្ងៃ ដែល​ប្រមុខ​រដ្ឋាភិបាល ត្រូវ​ដឹកនាំ​គណៈប្រតិភូ ចេញពី​ប្រទេស​កម្ពុជា ដើម្បី​ឆ្ពោះទៅកាន់​សហរដ្ឋអាមេរិក ស្រាប់តែ​លោក សម រង្ស៊ី សម្រេចចិត្ត​បោះបង់​គម្រោង ដែល​ចង់ទៅ​ដឹកនាំ​ធ្វើបាតុកម្ម​ដោយផ្ទាល់​។  
 
​តាមរយៈ​បណ្តាញ​សង្គម Twitter អតីត​ប្រធាន​គណបក្សប្រឆាំង បាន​សរសេរ​សារ​ជា​ភាសា​អង់គ្លេស និង​មានន័យ​ជា​ភាសា​ខ្មែរ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ សូម​អភ័យទោស ដែល​ខ្ញុំ​មិនអាច​ទៅ​ចូលរួម​ធ្វើបាតុកម្ម​នៅ​ទីក្រុង​ញូយ៉ក នៅ​ថ្ងៃទី​២៩ ខែកញ្ញា ដោយសារតែ​ជាប់រវល់​នឹង​ការងារ​ផ្សេង​។ យ៉ាងណា ខ្ញុំ សូម​អរគុណ​ជាខ្លាំង​ចំពោះ​អ្នក​ដែល​ទៅ​ចូលរួម​ធ្វើបាតុកម្ម​ដ៏​សំខាន់​មួយ​នេះ​»​។ 
 
​បំណង​នៃ​ការធ្វើ​បាតុកម្ម​របស់​អតីត​គណបក្សប្រឆាំង គឺ​ដើម្បី​ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ កុំ​ទទួលស្គាល់​រដ្ឋាភិបាល ដែល​កើតចេញពី​ការបោះឆ្នោត​អាណត្តិ​ទី​៦​។ អតីត​គណបក្សប្រឆាំង នៅតែ​ចង់​ប្រាប់​សហគមន៍​អន្តរជាតិ​ថា ការបោះឆ្នោត​លើក​នេះ គឺជា​ការបោះឆ្នោត​ក្លែងក្លាយ ហើយ​រដ្ឋាភិបាល ក៏​មិនមាន​លក្ខណ​ស្របច្បាប់​ដែរ​៕ 
 

Tag:
 សម រង្ស៊ី​
  ហ៊ុន សែន​
  បាតុកម្ម​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com