សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
លោក ម៉ា​ក្រុង ផ្តាំ​ប្រា​ប់លោក ត្រាំ ថា ប្រេង​អាច​ធ្លាក់​ថ្លៃ​បើ​អ៊ីរ៉ង់​មិន​រង​ទណ្ឌកម្ម​អាមេរិក
27, Sep 2018 , 1:33 pm        
រូបភាព
ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​អះអាងថា តម្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ​អន្តរជាតិ​ហក់​ឡើង​ខ្ពស់​ដោយសារ​ការទប់ស្កាត់​មិន​ឲ្យ​អ៊ីរ៉ង់​នាំ​ប្រេង​ចេញទៅ​ទីផ្សារ​អន្តរជាតិ​។ មេដឹកនាំ​បារាំង​រូបនេះ​និយាយ​ដូច្នេះ​គឺ​ដើម្បី​ឆ្លើយតប​នឹង​សម្តី​រិះគន់​របស់​មេដឹកនាំ​អាមេរិក​ចំពោះ​អង្គ​ការនាំ​ប្រេង​ចេញ OPEC ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថ្ងៃ ២៥ កញ្ញា​។



​បើ​អ៊ីរ៉ង់​អាច​លក់​ប្រេង​បាន តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ​នឹង​ធ្លាក់​ថ្លៃ​។ នេះ​ជាស​ម្តី​អះអាង​របស់​មេដឹកនាំ​បា​រាំង​លោក ម៉ា​ក្រុង ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ដាច់ដោយឡែក​ពី​អង្គ​មហាសន្និបាត​អង្គការសហប្រជាជាតិ ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​លោក ត្រាំ រិះគន់​អង្គការ OPEC និង​ចង់​បិទ​ការនាំចេញ​ប្រេង​អ៊ីរ៉ង់​ទាំងស្រុង​។

លោក ម៉ា​ក្រុង និយាយ​ដូច្នេះ​ថា​៖ បើសិនជា​លោក ត្រាំ ប្តូរ​ការគិត​របស់លោក លោក​នឹង​ឃើញថា វា​ជា​រឿង​ល្អ​សម្រាប់​តម្លៃ​ប្រេង ដែល​អ៊ីរ៉ង​អាច​លក់​ប្រេង​ចេញ​បាន​នោះ​។ វា​ជា​រឿង​ល្អ​សម្រាប់​សន្តិភាព និង​តម្លៃ​ប្រេង​អន្តរជាតិ​។ វា​ជា​ស្ថានភាព​សេដ្ឋកិច្ច​ជាក់ស្តែង ដែល​ផ្នែក​លើ​ការផ្គត់ផ្គង់ និង​តម្រូវការ​»​។ លោក ម៉ា​ក្រុង និយាយ​ដូច្នេះ​។​

តាមពិតទៅ​តម្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ​អន្តរជាតិ​ចាប់ផ្តើម​ឡើងថ្លៃ​ខ្លាំង​វិញ ចាប់ពី​ខែឧសភា​ពេលដែល​លោក ត្រាំ ប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​ឆ្នាំ ២០១៥ និង​ចាប់ផ្តើម​ដាក់ទណ្ឌកម្ម​ប្រឆាំង​ឡើងវិញ​នោះ​។ ចំណែក​អ៊ីរ៉ង់​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា ជា​សមាជិក​ដែល​នាំ​ប្រេង​ចេញ​លំដាប់​ទី​បី​ក្នុង​អង្គការ​ប្រេង OPEC ផង​។

លោក ត្រាំ បាន​ទិតៀន​អង្គការ OPEC នៅ​ចំពោះមុខ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុង​សុន្ទរកថា​រយៈពេល​ជាង​៣០​នាទី​របស់ខ្លួន​នៅ​ថ្ងៃ ២៥ ខែកញ្ញា​។ លោក​បាន​ចោទថា អង្គការ​ប្រេង​មួយ​នេះ​កំពុង​កេងប្រវ័ញ្ច​ពិភពលោក​ទាំងមូល​។ មេដឹកនាំ​អាមេរិក​ក៏បាន​ឆ្លៀត​ទាមទារ​ឲ្យ​អង្គការ​ប្រេង​នេះ​បញ្ឈប់​រាល់​ការដំឡើងថ្លៃ​ប្រេង​តាមចិត្ត និង​ទម្លាក់​តម្លៃ​ប្រេង​វិញ​ម្តង​ដែរ​។

កាលពី​សប្តាហ៍​មុន​សមាជិក​អង្គការ OPEC នេះ​បាន​ប្រជុំគ្នា​ស្វែងរក​ដំណោះស្រាយ ហើយក៏​បាន​ឯកភាពគ្នា​បង្កើន​ការផលិត​ឲ្យ​ច្រើន​បន្ថែម​ដើម្បី​ជួយ​ឲ្យ​តម្លៃ​ប្រេង​ធ្លាក់ចុះ​វិញ​នោះ ថ្វីបើ​កន្លងមក​ភាគី​ពាក់ព័ន្ធ​ធ្លាប់​សន្យាថា​នឹង​បង្កើន​ការផលិត​បន្តិចបន្តួច​សិន​ក៏ដោយចុះ​។​

យ៉ាងណាក៏ដោយ អ្នកជំនាញ​មួយចំនួន​បានផ្តល់​អនុសាសន៍​ថា ទោះបី​ជាមាន​វិធានការ​អ្វី​ក៏ដោយ តម្លៃ​ប្រេង​នឹង​នៅតែ​បន្ត​ឡើងថ្លៃ​។ មូលហេតុ​ចម្បង​នោះ​គឺ ពាក់ព័ន្ធ​ជំហរ​អាមេរិក​ក្នុង​បញ្ហា​អ៊ីរ៉ង់​។ អាមេរិក​នឹង​ចាប់ផ្តើម​បន្ថែម​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​ដែល​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ ៥ ខែវិច្ឆិកា​ខាងមុខ​។ ទណ្ឌកម្ម​នោះ​គឺ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បរទេស​នានា​ឈប់​ទិញ​ប្រេង​អ៊ីរ៉ង់ បើ​មិន​ចង់​ទទួល​ទណ្ឌកម្ម​នោះ​៕



Tag:
 អាមេរិក​
  ប្រេង​
  OPEC
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
  ដូ​ណា​ល់ ត្រាំ
  UNGA
© រក្សាសិទ្ធិដោយ thmeythmey.com