កីឡាអន្តរជាតិ
អន្តរជាតិ
Barca, Real និង Liverpool បានបញ្ចប់​ភាពមិន​ចាញ់ ខណៈ Juventus បន្ត​រក្សា​តំណែង​នេះ​
27, Sep 2018 , 8:19 pm        
រូបភាព
​ទីបំផុត​ក្រុម Barcelona, Real Madrid និង Liverpool បានបញ្ចប់​ភាពមិន​ចាញ់​សោះ​របស់​ពួកគេ​សម្រាប់​រដូវ​កាល​នេះ ក្រោយ​បរាជ័យ​រៀងៗ​ខ្លួន​ក្នុង​ការប្រកួត​នៅ​រាត្រី​ថ្ងៃទី​២៦ ខែកញ្ញា​។ រីឯ Juventus ដែលមាន​កីឡាករ​ចំណូល​ថ្មី​ល្អៗ​ដូចជា Cristiano Ronaldo នៅតែ​បន្ត​ជ័យជម្នះ​១០០​ភាគរយ​របស់ខ្លួន​។​


 
​ក្រុម​យក្ស​អេ​ស្ប៉ា​ញ Barcelona បាន​ស្គាល់​ជាតិ​ចាញ់​ជា​លើកដំបូង​ដោយ​ក្រុម Legannes ក្នុង​លទ្ធផល ២-១ នៃ​ការប្រកួត​ពានរង្វាន់ La Liga​។​
Philippe Coutinho បាន​ជួយ Barca នាំមុខ​លើ​ក្រុម Leganes ១​គ្រាប់​មុន​តាំងពី​នាទី​ទី​១២​។ ប៉ុន្តែ​ចូលដល់​តង់​ទី​២ ជាមួយនឹង​ការលេង​ដ៏​ល្អ​ពី​ម្ចាស់ផ្ទះ កីឡាករ Nabil El Zhar និង Oscar Rodriguez បា​នរក​គ្រាប់​បាល់​តាម​ស្មើ​និង​តាម​ឈ្នះ​ឲ្យ Leganes វិញ​។ នេះ​ជា​បរាជ័យ​លើកដំបូង​របស់​ក្រុម​រហស្សនាម​អ្នកមាន​បុណ្យ​ក្រោម​ការដឹកនាំ​របស់លោក Ernesto Valverde ប៉ុន្តែ​វា​ជា​ជ័យជម្នះ​លើក​ទី​១​របស់ Leganes សម្រាប់​ការប្រកួត​៦​លើក​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អេ​ស្ប៉ា​ញ​ចាប់តាំងពី​បើក​រដូវ​មក​។​
 
​រីឯ Real Madrid ឯណោះ​វិញ​ក៏បាន​រង​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​រហូតដល់​ទៅ ៣-០ ក្រោម​ថ្វី​ជើង Sevilla និង​ជាការ​បញ្ចប់​ភាពមិន​ចាញ់​សោះ​របស់​ពួកគេ​ផងដែរ​។​
​ខ្ស​ប្រយុទ្ធ Andre Silva ដែល Sevilla ខ្ចី​ជើង​ពី AC Milan រដូវ​កាល​នេះ រកបាន​២​គ្រាប់​ម្នាក់ឯង មុនពេល Wissam Ben Yedder បង្គ្រប់​គ្រាប់​បាល់​ទី​៣ នៅត្រឹម​តង់​ទី​១​។​
Real និង Barca ដែលជា​គូប្រជែង​ដ៏​ធំ​នៅ La Liga ទទួលបាន​១៣​ពិន្ទុ​ដូចគ្នា​ក្រោយ​ឆ្លង​ការ​ការប្រកួត​៦​លើក​ឈ្នះ​៤ ស្មើ​១ និង​ចាញ់​១​ដូចគ្នា​ដែរ​។​
 
​ដោយឡែក Liverpool ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អាល្លឺម៉ង់​បាន​ស្គាល់​ចាញ់​ជា​លើកដំបូង​ផងដែរ​ដោយសារ​ក្រុម Chelsea ដោយ​លទ្ធផល ២-១ សម្រាប់​ការប្រកួត​ពានរង្វាន់ Carabao Cup​។​
 
​យ៉ាងណាក៏ដោយ សម្រាប់​ការបង្ហាញ​ខ្លួន​នៅ Premier League ក្រុម​រហស្សនាម​ហង្ស​ក្រហម​នៅតែ​អាចរ​ក្សាយ​ការ​ឈ្នះ​១០០​ភាគរយ​ដដែល ដោយ​៦​ប្រកួត​ឈ្នះ​ទាំង​៦ មាន​១៨​ពិន្ទុ​ពេញ​។​
​អ្វី​ដែលជា​ការគត់សម្គាល់ ក្រុម​ម្ចាស់​ជើងឯក​អ៊ីតាលី Juventus នៅតែ​អាច​រក្សា​ជ័យជម្នះ​របស់​ពួកគេ​១០០​ភាគរយ​ពី​គ្រប់ការ​ប្រកួត​ទាំងអស់​នៅ​រដូវ​កាល​ថ្មី​នេះ​ក្រោយ​យកឈ្នះ Bologna ២-០ ក្នុងការ​ប្រកួត​ក្របខណ្ឌ Serie A នៅ​យប់មិញ​នេះ​។ 
 
​ក្រុម​របស់លោក Massimiliano Allegri ក្នុង​រដូវ​កាល ២០១៨-២០១៩ នេះ​បាន​បន្ថែម​សមាជិក​ល្អៗ​បន្ថែមទៀត​ដូចជា​ខ្សែប្រយុទ្ធ Ronaldo ពី Real Madrid ក្នុងតម្លៃ​១១៥​លាន​ដុល្លារ​អាមេរិក និង​ខ្សែការពារ Leonardo Bonucci AC Milan ក្នុងតម្លៃ​៤០​លាន​ដុល្លារ និង​កីឡាករ​ដទៃទៀត​ដើម្បី​ប្រជែង​ពាន​ក្នុងស្រុក និង​ពាន​កំពូល​អឺរ៉ុប​៕
 

Tag:
 បាល់ទាត់​
  Barcelona
  Real Madrid
  Liverpool
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com