អន្តរជាតិ
ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ​ចោទប្រកាន់​ចិន​ពី​ការជ្រៀតជ្រែក​ការបោះឆ្នោត​
27, Sep 2018 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​លោក​ប្រធានាធិបតី​ត្រាំ​បាន​និយាយ​ក្នុងអំឡុង​នៃ​ការ​ថ្លែង​សុន្ទរកថា​កាលពី​ព្រឹក​ថ្ងៃ​ពុធ​នៅខាងមុខ​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ​ថា «​ជាការ​គួរ​ឲ្យ​សោកស្តាយ យើង​បាន​រកឃើញថា ចិន​បាន​ប៉ុនប៉ង​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខ​ដើម្បី​ប្រឆាំងនឹង​រដ្ឋបាល​របស់​យើង​»​។​

 
​ប្រធានាធិបតី​ត្រាំ​បាន​ថ្លែង​ទៀតថា «​ពួកគេ​មិន​ចង់​ឲ្យ​ខ្ញុំ​ឈ្នះឆ្នោត​ទេ ពីព្រោះ​ខ្ញុំ​ជា​ប្រធានាធិបតី​លើកទីមួយ​ដែល​ជំទាស់​ប្រឆាំង​ចិន​អំពី​ពាណិជ្ជកម្ម​។ ហើយ​យើង នឹង​ឈ្នះ​សង្គ្រាម​ពាណិជ្ជ​កម្មនេះ​។ យើង​នឹង​ឈ្នះ​ទាំងអស់​»​។​
 
​ភ្លាមៗ​បន្ទាប់ពី​កំណត់សម្គាល់​របស់​ប្រធានាធិបតី​ត្រាំ រដ្ឋមន្ត្រីការបរទេស​ចិន​បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​លោក​ត្រាំ​ពី​ការជ្រៀតជ្រែក​ការបោះឆ្នោត​នេះ​។​
 
​លោក​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី បាន​ប្រាប់​ពួក​អ្នកយកព័ត៌មាន​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ធ្វើទៅ​តាម​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដ៏​ទៃ​ហើយ​បដិសេធ​ពុំ​សុខចិត្ត​ទទួលយក​ការចោទប្រកាន់​ដ៏​អយុត្តិធម៌​ប្រឆាំងនឹង​ចិន​នេះ​។​
 
​ខណៈដែល​តួនាទី​របស់​រុស្ស៊ី​ក្នុងការ​ជ្រៀតជ្រែក​ការបោះឆ្នោត​ឆ្នាំ​២០១៦​ដើម្បី​គាំទ្រ​ប្រធានាធិបតី​ត្រាំ​ស្ថិតនៅក្នុង​ការស៊ើបអង្កេត​ពិសេស មកទល់​ពេល​ថ្មីៗ​នេះ​មិនមាន​ការចោទប្រកាន់​ពី​ការជ្រៀតជ្រែក​ខាង​នយោបាយ​របស់​ចិន​ទេ​។​
 
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានទទួល​រង​ការចោទប្រកាន់​ពី​ការធ្វើសកម្មភាព​ចារកម្ម​លួច ចូលក្នុង​ប្រព័ន្ធ​កំ​ព្យូ​ទ័​រ​ក្រុមហ៊ុន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយៗ​នៅ​ឆ្នាំ​២០១៥​បាន​រង​ការចោទប្រកាន់​ពី​ការ​លួច​ចូលក្នុង​ប្រព័ន្ធ Database ដែលមាន​ព័ត៌មាន​បុគ្គល​រហូតដល់​៤​លាន​នាក់​ដែល​បានដាក់​ពាក្យសុំ​ធ្វើ​ការងារ​ជាមួយ​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com