សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
លោក ស៊ី ជិន​ភីង ៖ សង្គ្រាម​ពាណិជ្ជកម្ម​ជំរុញ​ឲ្យ​ចិន​ដឹង​ពី​តម្លៃ​នៃ​ការពឹងផ្អែក​ខ្លួនឯង​ច្រើនជាង​មុន​
09, Oct 2018 , 9:39 am        
រូបភាព
ដោយ:
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅចុងខែកញ្ញា បាន​និយាយថា​ការកើនឡើង​នៃ​គោលនយោបាយ​គាំពារ​និយម និង​ឯកតោភាគី​និយម​កំពុង​បង្ខំ​ចិន​ឲ្យ​ពឹង​ផ្អែកលើ​ខ្លួនឯង​ច្រើនជាង​មុន​សម្រាប់​ការអភិវឌ្ឍ ហើយ​នេះ «​មិនមែនជា​រឿង​អាក្រក់​នោះទេ​»​។ 

 
​លោក​ស៊ី ជិន​ភីង​ដែលជា​មេដឹកនាំ​ចិន​ដ៏​មាន​ឥទ្ធិពល​បាន​បញ្ជាក់ថា វា​ដល់ពេល​ហើយ​ដែល​ក្រុង​ប៉េកាំង ត្រូវ​បញ្ឈប់​ការពឹងផ្អែក​របស់ខ្លួន​លើ​បច្ចេកវិទ្យា​ពី​បរទេស​។ យោងតាម​កាសែត​រដ្ឋ​ចិន People’s Daily  មេដឹកនាំ​រូបនេះ បាន​សង្កត់ធ្ងន់​ពី «​តម្លៃ​នៃ​ការពឹង​ពាក់​លើ​ខ្លួនឯង (Self-reliance)»​។ 
 
«​ក្នុង​ឆាក​អន្តរជាតិ​វា​កាន់តែ​ពិបាកទៅៗ​សម្រាប់​ចិន ក្នុងការ​ទទួលយក​ប​ច្ចេក​វិទ្យា​ឈានមុខ​ពី​បរទេស ស្រប​ពេលដែល​គោលនយោបាយ​គាំពារ និង​ឯកតោភាគី​និយម​កំពុងកាន់​ឡើង​យ៉ាងខ្លាំង​។ ការណ៍​នេះ​កំពុង​បង្ខំ​ចិន​ឲ្យ​អនុវត្ត​មធ្យោបាយ​មួយ​ដោយ​ពឹង​ផ្អែកលើ​ខ្លួនឯង​ជា​ចម្បង ហើយ​នេះ​មិនមែនជា​រឿង​អាក្រក់​នោះទេ​។ ទីបំផុត ក្រុង​ប៉េកាំង​ត្រូវ​ពឹងពាក់​លើ​ខ្លួនឯង​សម្រាប់​អភិវឌ្ឍន៍​»​។ នេះ​ជា​លើកឡើង​របស់លោក​ស៊ី ពី​រោងចក្រ​ផលិត​គ្រឿង​ម៉ាស៊ីន First Heavy Industries របស់​រដ្ឋ​ដ៏​ធំ​មួយ ក្នុង​ខេត្ត Heilongjiang​។ 
 
​លើសពីនេះ លោក​ស៊ី ជិន​ភីង បានបញ្ជាក់​ច្បាស់ៗ​ថា ចិន​ជា​ប្រទេស​ធំ​មួយ​ដែល​ត្រូវ «​ពឹង​ផ្អែកលើ​ខ្លួនឯង​សម្រាប់​ការផ្គត់ផ្គង់​អាហារ​, ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការផលិត​ផ្សេងៗ​ទៀត (​គ្រឿងចក្រ​ជាដើម​)» ។ 
 
​បើ​ពិ​តទៅ​ការលើកឡើង​របស់​ស៊ី ជិន​ភីង​បានធ្វើ​ឡើង ត្រឹម​២​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​ក្រុង​វ៉ាស៊ីនតោន​បាន​បង្កាត់ភ្លើង​សង្គ្រាម​ជាថ្មី ដោយ​ការដំឡើង​ពន្ធ​នាំចូល​លើ​ទំនិញ​ចិន ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​២០០​ពាន់​លាន​ដុល្លា​។ ចំណែក​ចិន​ក៏​មិន​នៅ​ស្ងៀម​ដែរ ភ្លាមៗ​នោះ​ក្រុង​ប៉េកាំង​ក៏បាន​ប្រកាស​វាយបក​លើ​ទំនិញ​អាមេរិក ដែលមាន​តម្លៃ​៦០​ពាន់​លាន​ដុល្លារ​វិញ​ផងដែរ​។ បើតាម​ការគ្រោងទុក កិច្ចពិភាក្សា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ត្រូវបាន​កំណត់​នៅក្នុង​សប្ដាហ៍​នេះ ប៉ុន្តែ​ក្រុង​ប៉េកាំង​បាន​បដិសេធ​ជួបពិភាក្សា ដោយបាន​អះអាងថា «​សហរដ្ឋអាមេរិក​កំពុង​យក​កាំបិត​ភ្ជង់​បំពង់​.​ក​របស់ខ្លួន​»​។
 
​យោងតាម​ទស្សនាវដ្ដី​ហុងកុង South China Morning Post លោក Ding Yifan អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​របស់​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​ជាតិ​នៃ​សកល​វិទ្យាល័យ Tsinghua ក្នុង​ក្រុង​ប៉េកាំង បាន​និយាយថា ការអះអាង​របស់លោក​ស៊ី​ទាក់ទិន​នឹង «​ការពឹង​ពាក់​លើ​ខ្លួនឯង​» បាន​ឆ្លុះបញ្ចាំង​ថា ក្រុង​ប៉េកាំង​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទាត់​ចោលការ​ជ្រោមជ្រែង​នានា​ពី​ប្រទេស​ដទៃ​។​
 
«​គោល​គំនិត​នៃ​ការពឹង​ផ្អែកលើ​ខ្លួនឯង​គឺ​ប្រៀបដូចជា ការវិលត្រឡប់​ទៅកាន់​អតីតកាល​របស់​ចិន​វិញ​អ៊ីចឹង​»​។ លោក Ding បាន​និយាយ​ដូច្នេះ ទំនង​សំដៅទៅ «​សេដ្ឋកិច្ច​បិទទ្វារ​របស់​រដ្ឋាភិបាល​ចិន​» នៅមុន​ជំនាន់​លោក​ប្រធានាធិបតី​ចិន តី​ង ស៊ី​ភីង «​ប៉ុន្តែ​ការអនុវត្ត​អាច​នឹង​ខុសស្រឡះ​»​។ លើសពីនេះ​លោក Ding​និយាយទៀតថា  «​ប្រសិនបើ​ចិន​អាច​គ្រប់គ្រង​ស្ថានការណ៍​នៃ​ជម្លោះ​ពាណិជ្ជ​កម្មបាន ហើយ​អាច​រក្សា​ឲ្យ​បាន​នូវ​តំណែង​ឈានមុខ​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​ឧស្សាហកម្ម​ផលិត​នោះ ចិន​នឹង​ក្លាយជា​លេខ​មួយ​ដាច់​គេ ព្រមទាំង​ពិបាក​នឹង​កាច់​បំបាក់​បាន​ថែម​ទៀតផង​»​។ 
 
​ចំណែកឯ​អ្នកសេដ្ឋកិច្ចវិទូ​ចិន​មួយរូប​ទៀត លោក Ding Shuang បាន​លើកឡើងថា ការបញ្ជាក់​របស់លោក​ស៊ី «​ប្រៀបដូចជា​វោហារសាស្ត្រ​នយោបាយ​ដែល​ប្រើ​សម្រាប់​ពង្រឹង​ទំនុក​ចិត្តសាធារណៈ អំឡុងពេល​វេលា​ដ៏​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​» ប៉ុន្តែ​នេះ​មិនមែន​ន័យ​ថា ក្រុង​ប៉េកាំង​នឹងត្រូវ​ផ្លាស់ប្ដូរ​«​គោលនយោបាយ​បើកចំហ​ជើង​មេឃ​» របស់ខ្លួន​នោះឡើយ​។ 
 
​ចិន​គ្មាន​ជម្រើស​អ្វី​ផ្សេងទៀត​ទេ​ក្រៅពី​ពឹងផ្អែក​បន្ថែមទៀត​លើ​ខ្លួនឯង ក្នុង​វិស័យ​បច្ចេកវិទ្យា ក្រោយពី​ច្រកទ្វារ​សម្រាប់​ទទួលយក​បច្ចេកវិទ្យា​ទំនើបៗ​របស់ខ្លួន​ពី​ប្រទេស​ដទៃ ត្រូវបាន​បិទ​ហើយ​នោះ​។ ទោះបីជា​យ៉ាងនេះ​ក្តី គោល​គំនិត «​ពឹង​ផ្អែកលើ​ខ្លួនឯង​» របស់លោក​ស៊ី មិន​ប៉ះពាល់​ដល់​គោលនយោបាយ​ពាណិជ្ជកម្ម​សេរី​របស់​ក្រុង​ប៉េកាំង​នោះឡើយ​។ ហើយ​ចិន​នៅតែ​ចង់​ទាក់ទាញ​ការវិនិយោគ និង​អនុវត្ត​គុណសម្បត្តិ​នៃ​ការប្រកួតប្រជែង​លើ​ការនាំចេញ (Comparative advantages on exports) របស់ខ្លួន​ដដែល​។ នេះ​ជាការ​បញ្ជាក់​របស់លោក Ding Shuang សេដ្ឋកិច្ចវិទូ​ចិន​ប្រចាំ​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ Standard Chartered ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស​។​
 
ជាក់ស្តែង នៅ​ថ្ងៃទី​២៦ កញ្ញា ក្រុមប្រឹក្សារដ្ឋ​ចិន បានសម្រេច​កាត់បន្ថយ​ពន្ធ​លើ​ទំនិញ​ប្រមាណ​១៥៨៥​មុខ ដែល​ចូល​ជាធរ​មាននៅ​ថ្ងៃទី​០១ វិច្ឆិកា​ខាងមុខ​។ យោងតាម​សេចក្តីប្រកាស​របស់​រដ្ឋា​ភិ​បាល​ចិន កម្រិត​ពន្ធ​ជា​មធ្យម​របស់​ចិន នឹង​ត្រូវបាន​កាត់បន្ថយ​មក​ត្រឹម​៧,៥%  ដែល​ធ្លាក់​ពី​ចំនួន​៩,៨% កាលពី​ឆ្នាំមុន​។ ចំណោម​ផលិតផល​ទាំងនោះ ពន្ធ​នាំចូល​លើ​សម្ភារៈ​អេ​ឡិច​ត្រូ​និ​ច នឹងត្រូវ​កាត់បន្ថយ​ពី​១២,២% មក​ត្រឹម ៨,៨% ខណៈ​ពន្ធ​នាំចូល​លើ​វាយ​ន​ភណ្ឌ និង​សម្ភារៈ​សម្រាប់​ការសាងសង់ នឹងត្រូវ​កាត់បន្ថយ​ពី​១១,៥% មក​ត្រឹម ៨,៤%៕
 

Tag:
 ចិន​
  សង្គ្រាម​ពាណិជ្ជកម្ម​
  លោក ស៊ី​ជីន​ភីង​
© រក្សាសិទ្ធិដោយ thmeythmey.com