ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន ទៅដល់អាមេរិក ដោយជួបអ្នកស្វាគមន៍ មុនប្រឈមនឹងអ្នកប្រឆាំង
× ភ្នំពេញ៖ ក្រោយទៅដល់ទឹកដីសហរដ្ឋអាមេរិក នៅម៉ោងជិត៤រសៀល ថ្ងៃទី២៧ ខែកញ្ញា និងត្រូវជាម៉ោងជិត៣ទៀបភ្លឺ ថ្ងៃទី២៨ ខែកញ្ញា នៅកម្ពុជា សម្តេច ហ៊ុន សែន ក៏បង្ហោះសារទំព័រហ្វេសប៊ុក ដើម្បីផ្តល់ដំណឹងនេះ ឲ្យប្រជាពលរដ្ឋបានដឹង។
ពេលចុះពីលើយន្តហោះ សម្តេច ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា បានទទួលស្វាគមន៍ដោយឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងមន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ រួមទាំងប្រជាពលរដ្ឋខ្មែរមួយចំនួនផងដែរ។
«មានបងប្អូនខ្មែរ ដែលជាតំណាងសហគមន៍មកពីតាមបណ្តារដ្ឋនានា និងក្រុមគ្រួសារបងប្អូនដែលគោរពស្រឡាញ់ សម្តេចតេជោ ជាច្រើននាក់ បានមកទទួលស្វាគមន៍យ៉ាងរាក់ទាក់និងកក់ក្តៅបំផុត។ ទន្ទឹមនឹងនោះ គឺមានបងប្អូនមួយចំនួន បានមករង់ចាំសម្តេច ពីរ-បីថ្ងៃមកហើយ»។ នេះជាសារដែរបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន ដដែល។
តាមកម្មវិធី ដែលបានកំណត់ទុក សម្តេច ហ៊ុន សែន នឹងឡើងថ្លែងសុទ្ទរកថា ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២៨ ខែកញ្ញានេះ។ លើសពីនេះ ប្រមុខរដ្ឋាភិបាល ក៏មានពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ-អាមេរិកាំង ដែលមកពីតាមបណ្តារដ្ឋនានាផងដែរ។
យ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន មិនមែនជួបតែបរិយាកាលល្អទាំងអស់នោះទេ នៅលើទឹកដីសហរដ្ឋអាមេរិក។ មេដឹកនាំកម្ពុជារូបនេះ ក៏អាចប្រឈមនឹងបាតុកម្មរបស់អតីតក្រុមអ្នកប្រឆាំងផងដែរ។
អតីតក្រុមអ្នកប្រឆាំង បានរៀបចំគម្រោងរួចហើយ ថាពួកគេនឹងប្រមូលផ្តុំគ្នា នៅមុខទីស្នាក់អង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក ដើម្បីធ្វើបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងនឹងសម្តេច ហ៊ុន សែន។
មុនដំបូង លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង ប្រកាសថាលោក នឹងដឹកនាំធ្វើបាតុកម្មនេះ។ ប៉ុន្តែ ក្រោយមក លោក ក៏ប្តូរចិត្តវិញ ដោយមិនទៅដឹកនាំបាតុកម្មផ្ទាល់នោះទេ។
ទោះជាគ្មានវត្តមានលោក សម រង្ស៊ី ក្តី តែបាតុកម្ម នៅតែត្រូវធ្វើឡើងដដែល។ អតីតគណបក្សប្រឆាំង ចង់ប្រាប់សហគមន៍អន្តរជាតិថា រដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ គឺមិនស្របច្បាប់ឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com