កីឡាអន្តរជាតិ
អន្តរជាតិ
អាល្លឺម៉ង់​ប្រជែង​ឈ្នះ​តួ​ក​គី​លើ​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ Euro ឆ្នាំ ២០២៤
28, Sep 2018 , 10:46 am        
រូបភាព
​អាល្លឺម៉ង់​ប្រជែង​ឈ្នះ​តួ​ក​គី​ដើម្បី​ទទួលបាន​សិទ្ធិ​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ពានរង្វាន់ Euro 2024 បន្ទាប់ពី​នាំមុខ​ការបោះឆ្នោត​ដែល​ធ្វើឡើង​ដោយ​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨​។​


 
​ប្រទេស​ទាំងពីរ​បានធ្វើ​បទ​បង្ហាញ​ដេញថ្លៃ​ចុងក្រោយ​មុនពេល​ការបោះឆ្នោត​បានធ្វើ​ឡើង​នៅ​ទីស្នាក់ការ​របស់ UEFA ក្នុង​ក្រុង Nyon ប្រទេស​ស្វី​ស​។​
​នយោបាយ​សាមគ្គីភាព​ជាតិ និង​ការគោរព​សិ​ទិ្ធ​មនុស្ស​នៅក្នុង​ប្រទេស​តួ​ក​គី​បាន​លេច​ឡើងជា​ប្រធានបទ​សំខាន់ និង​ជា​ថ្នូរ​ដើម្បី​យកទៅ​ប្រជែង​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ប្រចាំ​តំបន់​អឺរ៉ុប​នេះ​។​
 
​នៅ​ទីបំផុត​លទ្ធផល​មិនបាន​ដូច​បំណង​នោះទេ​។ អាល្លឺម៉ង់​ដែល​បានទទួល​ការពេញចិត្ត​នោះ​បានឈ្នះ​សំឡេងឆ្នោត​ក្នុងចំណោម​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​របស់ UEFA ក្នុង​លទ្ធផល ១២ ទល់នឹង ៤ និង​ពហិការ​ម្នាក់​។​
 
​ការសម្រេចចិត្ត​នេះ​មានន័យថា​ប្រទេស​អាល្លឺម៉ង់​អាច​រៀបចំ​ការប្រកួត​ជើងឯក​អ៊ឺរ៉ុប​ជា​លើកដំបូង​របស់ខ្លួន​ក្នុងនាម​ជា​ប្រទេស​បង្រួបបង្រួម បន្ទាបពី អាល្លឺម៉ង់​ខាងលិច ធ្វើ​ព្រឹត្តិការណ៍​នេះ​ម្តង​នៅ​ឆ្នាំ​១៩៨៨​។​


 
​ចំណែក​តួ​ក​គី ពួកគេ​មិន​ធ្លាប់​បានរៀបចំ​ការប្រកួត​កីឡាបាល់ទាត់​លំដាប់​អន្តរជាតិ​សំខាន់ៗ​នៅឡើយ​ទេ​។​
​ប្រទេស​នេះ​បានបង្ហាញ​ការប៉ុនប៉ង​ជាច្រើនលើក​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ Euro ឆ្នាំ​២០០៨, ២០១២ និង ២០១៦ ក៏ដូចជា​ការប្រកួត​កីឡា​អូឡាំពិក​នៅ​រដូវក្តៅ​ឆ្នាំ ២០២០ តែ​ត្រូវ​បរាជ័យ​ទាំងអស់​៕
​ 

Tag:
 បាល់ទាត់​
  Euro
  UEFA
  អាល្លឺម៉ង់​
© រក្សាសិទ្ធិដោយ thmeythmey.com