អត្ថបទពាណិជ្ជកម្ម
អង្គការ​ម៉ា​រី​ស្តូប ប្រារព្ធ​ព្រឹត្តិការណ៍​សាធារណៈ​ជា​លើកដំបូង​ស្តីពី «​សិទ្ធិ​ក្នុងការ​ជ្រើសរើស​»
29, Sep 2018 , 3:07 pm        
រូបភាព
ដោយ:
​ថ្ងៃទី ២៨ ខែកញ្ញា កន្លងទៅនេះ អង្គការ​ម៉ា​រី​ស្តូប​បានរៀបចំ​ព្រឹត្តិការណ៍​មួយ​ស្ដីពី «​សិទ្ធិ​ក្នុងការ​ជ្រើសរើស​» នា​សាល​អង្គរ - គី​ហ្សូ​ណា នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា - ជប៉ុន (CJCC)​។ កម្មវិធី​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​អំពី​សិទ្ធិ​ស្ត្រី​ក្នុងការ​ទទួលបាន​ព័ត៌មាន​ទាក់ទង​ទៅនឹង​ជម្រើស និង​សេវា​សុខភាព​បន្ត​ពូជ​ដែលមាន​សុវត្ថិភាព ប្រសិនបើ​ពួកគេ​សម្រេចចិត្ត​ចង់​បញ្ចប់​ការ​មាន​ផ្ទៃពោះ​។
​កម្ម​វី​ធី​ដ៏​មាន​សារៈប្រយោជន៍​នេះ​មានការ​ចូលរួម​ពី​ស្ត្រី និង​បុរស​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​ដែលមាន​លក្ខណៈ​វិជ្ជមាន ផុសផុល និង​ពោរពេញ​ដោយ​ព័ត៌មាន​សំខាន់ៗ ដើម្បី​ជា​កិច្ច​ចាប់ផ្តើម​នៃ​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ «​សិទ្ធិ​ក្នុងការ​ជ្រើសរើស​»​។​
  
 
​ពិតណាស់​នៅក្នុង​ប្រទេស​កម្ពុជា ការ​រំលូតកូន មាន​ភាពស្របច្បាប់​តាំងពី​ឆ្នាំ ១៩៩៧ មក​ម្លេះ ទោះជា​យ៉ាងណា ក៏មាន​ស្ត្រី​ជាច្រើន​ដែល​នៅតែ​យល់ច្រឡំ​ថា ការ​រំលូតកូន គឺជា​រឿង​មិន​ស្របច្បាប់​។ ទាំងនេះ គឺ​ដោយសារតែ​ពួកគេ​ទទួលបាន​ព័ត៌មាន​មិន​គ្រប់គ្រាន់ ព្រមទាំង​មានការ​រើសអើង​ពី​សង្គម​ផងដែរ ដែលជា​លទ្ធផល​ជម្រុញ​ឲ្យ​ស្ត្រី​សម្រេចចិត្ត​ស្វែងរក​សេវា​ដែល​គ្មាន​សុវត្ថិភាព​។​បើតាម​ប្រសាសន៍​របស់ លោកស្រី Amy Williamson នាយិកា​អង្គការ​ម៉ា​រី​ស្តូប​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា ៖ «​ស្ត្រី​កម្ពុជា​ជាច្រើន​នាក់​មាន​អារម្មណ៍​ភ័យខ្លាច និង​ឯកា នៅពេលដែល​ពួកគេ​ដឹងថា​ខ្លួន​មាន​ផ្ទៃពោះ​ដោយ​ឥត​ព្រាងទុក​។ បទពិសោធន៍​ដ៏​ឈឺចាប់​នេះ​អាច​បង្ក​ជា​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​។ កង្វះ​ការយល់ដឹង​អំពី​សិទ្ធិ​ស្របច្បាប់​នៃ​ការទទួល​សេវា​រំលូតកូន អាច​នាំ​ឲ្យ​ស្ត្រី​យឺតយ៉ាវ​ក្នុងការ​ស្វែងរក​សេវា​ថែទាំ​សុខភាព នឹង​អាចឈាន​ទៅដល់​ការទទួល​សេវា​រំលូតកូន​ដែល​គ្មាន​សុវត្ថិភាព​»​។ 
 
​លោកស្រី​បន្ថែមទៀតថា​៖ «​ព្រឹត្តិការណ៍ «​សិទ្ធិ​ក្នុងការ​ជ្រើសរើស​» នេះ​នឹង​ផ្ដល់នូវ​ព័ត៌មាន​សំខាន់ៗ​សម្រាប់​ជា​ដំណោះស្រាយ​ឆ្លើយតប​ទៅនឹង​បញ្ហា​របស់​ស្ត្រី ដូច្នេះ​តទៅ​ថ្ងៃមុខ​នឹងមាន​តែ​ស្ត្រី​តិចតួច​ប៉ុណ្ណោះ ដែល​ត្រូវ​ប្រឈម​នឹង​ភាពភ័យខ្លាច​នេះ​តែម្នាក់ឯង​។ យើង​ចង់​ឲ្យ​ស្ត្រី​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា រស់នៅក្នុង​ជីវិត​ដ៏​ស្រស់បំព្រង​ទៅតាម​អ្វីដែល​ពួកគេ​ជ្រើសរើស ហើយ​ឲ្យ​ពួកគេ​ដឹងថា ពួកគេ​អាចទាក់ទង​មកកាន់​អង្គការ​ម៉ា​រី​ស្តូប​បាន ប្រសិនបើ​ពួកគេ​ត្រូវការ​ជំនួយ ព័ត៌មាន ឬ​ការគាំទ្រ​ផ្សេងៗ​»​។​
  
 
​លើសពីនេះ​សាធារណជន​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​នឹង​មានឱកាស​រួមចំណែក ក្នុងការ​ផ្ដល់​ឲ្យ​ស្ត្រី​កម្ពុជា​គ្រប់រូប​ទទួលបាន​នូវ​ព័ត៌មាន និង​សេវា​ដែលមាន​សុវត្ថិភាព ក្នុង​គោលបំណង​ជួយ​ឲ្យ​ពួកគេ​រស់នៅក្នុង​ជីវិត​ដ៏​ស្រស់បំព្រង​ទៅតាម​អ្វីដែល​ពួកគេ​ជ្រើសរើស​។ ស្តង់​ថតរូប (photo booths) ត្រូវបាន​រៀបចំ សម្រាប់​ឲ្យ​អ្នកចូលរួម​អាច​ថតរូប និង​ចែកចាយ​ទៅកាន់​មិត្តភក្តិ​របស់​ពួកគេ តាមរយៈ​បណ្ដាញ​សង្គម​ផ្សេងៗ​។ អ្វីដែល​ពិសេស​ទៅទៀត អ្នកចូលរួម​ទាំងអស់​ទទួលបាន​អំណោយ​អនុស្សាវរីយ៍​ដ៏​ពិសេស​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​ប្រធានបទ​សិទ្ធិ​ក្នុងការ​ជ្រើសរើស​នេះ​ផងដែរ​។​
  
 
​គួរ​បញ្ជាក់ថា សម្រាប់​ស្ត្រី​ទាំងឡាយ​ដែលមាន​បំណង​ចង់​ទទួលបាន​ដំបូន្មាន​ល្អៗ​អំពី​មធ្យោបាយ​ពន្យារកំណើត ឬ​ជម្រើស​ផ្សេងៗ​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ ឬ​ឥត​ព្រាងទុក អាច​ទំនាក់ទំនង​ទៅកាន់​អង្គការ​ម៉ា​រី​ស្តូប​បាន​។ ពួកគេ​អាច​ទូរស័ព្ទ​ទៅកាន់​អង្គការ​ម៉ា​រី​ស្តូប តាមរយៈ​ទូរស័ព្ទ​លេខ ០១២ ៩៩៩ ០០២ ឬ ០៩៨ ៩៩៩ ១០២ ឬ​តាមរយៈ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក www.facebook.com/MarieStopesKH​។ ស្ត្រី​ទាំងអស់​ក៏​អាច​អញ្ជើញ​មកកាន់​គ្លីនិក​ម៉ា​រី​ស្តូប​ដោយផ្ទាល់​ដែលមាន​ទីតាំងនៅ​ក្នុងប្រទេស​កម្ពុជា ឬ​នៅតាម​សេវា​សុខភាព​សាធារណៈ ដើម្បី​សាកសួរ​ព័ត៌មាន​ផ្សេងៗ​។ សូម​ចូលទៅ​កាន់​គេហទំព័រ​របស់​អង្គការ​ម៉ា​រី​ស្តូប ដែលមាន​អាស័យដ្ឋាន ៖ www.mariestopes.org.kh៕ 
 




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com