សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចំនួនមហាសេដ្ឋីកើនឡើងខ្ពស់នៅ​បង់​ក្លា​ដែ​ស ចិន និង​វៀតណាម
07, Oct 2018 , 5:59 pm        
រូបភាព
ដោយ: ធីតា
ចំនួន​មហាសេដ្ឋី​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅ​ចន្លោះ​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៧ ជាពិសេស​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ នេះ​បើតាម​របាយការណ៍​ស្រាវជ្រាវ World Ultra Wealth Report​។ ប៉ុន្តែ​នៅពេល​ដំណាលគ្នា អាស៊ី ក៏​សម្បូរ​ទៅដោយ​ជនក្រីក្រ​ជាងគេ​លើ​ពិភពលោក​ផងដែរ​។​



​របាយការណ៍​វិភាគ​របស់​ក្រុមហ៊ុន Wealth-X ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​ឡុង​ដ៍ និង​ក្រុង​ញូវយ៉ក បាន​បង្ហាញថា ចំនួន​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ចាប់ពី​៣០​លាន​ដុល្លារ​អាមេរិក មាន​កំណើន​យ៉ាងខ្លាំង​នៅក្នុង​ឆ្នាំ​២០១៧ ដោយ​កើន​១២,៩​ភាគរយ ពោលគឺ​ស្មើ ២៥៥ ៨១០​នាក់​។​

​សហរដ្ឋអាមេរិក មាន​ចំនួន​មហាសេដ្ឋី​ច្រើនជាងគេ ពោលគឺ​ប្រហែល ៨០ ០០០​នាក់ ដែល​លើស​ចំនួន​ប្រាំ​ប្រទេស ជប៉ុន ចិន អាល្លឺម៉ង់ កាណាដា និង​បារាំង បូក​បញ្ចូល​គ្នា​។ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​អាស៊ី នាំ​ឲ្យ​ចំនួន​អ្នកមាន​មានការ​កើនឡើង ដោយ​លើស​តំបន់​អាមេរិក​ខាងជើង ទ្វេ​រដង​។​

​ចន្លោះ​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៧ របាយការណ៍ World Ultra Wealth Report បង្ហាញ ចំនួន​មហាសេដ្ឋី​នៅ​បង់​ក្លា​ដែ​ស កើនឡើង​រហូតដល់​ទៅ​១៧,៣​ភាគរយ ខណៈ​ចិន កើន​១៣,៤​ភាគរយ និង​វៀតណាម​កើន ១២,៧​ភាគរយ​។​

​ប្រទេស​បន្តបន្ទាប់​ដែលមាន​កំណើន​មហាសេដ្ឋី​ខ្ពស់ រួមមាន​កេ​ន​យ៉ា (១១,៧​ភាគរយ​), ឥណ្ឌា (១០,៧​ភាគរយ​), កោះ​ហុងកុង (៩,៣​ភាគរយ​), អៀរ​ឡង់ (៩,១​ភាគរយ​), អ៊ីស្រាអែល (៨,៦​ភាគរយ​), ប៉ា​គី​ស្ថាន (៨,៤​ភាគរយ​) និង​សហរដ្ឋអាមេរិក (៨,១​ភាគរយ​)​។​

​របាយការណ៍​បង្ហាញ​ជារួម​ថា ចំនួន​មហាសេដ្ឋី​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក កើនឡើង ៨,៣​ភាគរយ​ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​ប្រទេស​ដូចជា បង់​ក្លា​ដែ​ស ជាដើម​នោះ ក៏មាន​ប្រជាជន​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​ច្រើន​ផងដែរ​។​

​ក្នុងចំណោម​មហាសេដ្ឋី ២៥៥ ៨១០​នាក់​លើ​ពិភពលោក គិត​ត្រឹម​ឆ្នាំ​២០១៧ ស្ត្រី​មាន​ក្រោម ៣៥ ០០០​នាក់​នៅឡើយ​។ តាម​ការព្យាករណ៍ តួលេខ​អ្នកមាន​ទ្រព្យ​លើសពី ៣១,៥​លាន​ដុល្លារ​អាមេរិក នឹង​កើន​ដល់​៣៦០ ៣៩០​នាក់ នៅ​ឆ្នាំ​២០២២៕



Tag:
 មហាសេដ្ឋី
© រក្សាសិទ្ធិដោយ thmeythmey.com