សង្គមអន្តរជាតិ​
អន្តរជាតិ
ឥណ្ឌូណេស៊ី​៖ អ្នកពិនិត្យ​ការហោះហើរ​ស្លាប់​ព្រោះ​ជួយ​ឲ្យ​យន្តហោះ​ឡើង​ដោយ​សុវត្ថិភាព ពេល​រញ្ជួយ​ដី​កើត​ឡើង​
30, Sep 2018 , 11:45 am        
រូបភាព
ដោយ: ថ្មីៗ
​បុរស​វ័យក្មេង​ជា​អ្នកត្រួតពិនិត្យ​មើល​ការហោះហើរ​នៅ​ព្រលានយន្តហោះ​មួយកន្លែង​នាទី​ក្រុង Palu បាន​ស្លាប់​ដោយសារ​គេ​ព្យាយាម​ជួយ​ឲ្យ​យន្តហោះ​មួយ​គ្រឿង​ហោះ​ឡើង​សុវត្ថិ​ភាពស្រប​ពេលដែល​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,៧ រ៉ិ​ច​ទ័​រ​កើតឡើង​នៅ​ថ្ងៃ​សុក្រទី ២៨ ខែកញ្ញា។




​បុរស​ដែល​បាន​លះបង់​ជីវិត​ខ្លួន​ដើម្បី​ជួយ​ឲ្យ​យន្តហោះ​មួយគ្រឿង​ហោះ​ឡើង​ដោយ​សុវត្ថិភាព​នោះ​មានឈ្មោះ Anthonius Gunawan Agung  ហើយ​គេ​ទើប​មាន​អាយុ ២១​ឆ្នាំ​ប៉ុណ្ណោះ​។ Agung បាន​បំពេញការងារ​ដូច​សព្វដង​ជា​អ្នកពិនិត្យមើល​ការហោះហើរ​នៅ​ព្រលានយន្តហោះ Mutiara Sis Al Jufri​។ 
 
​នៅ​ថ្ងៃ​សុក្រ ពេលដែល​គ្រោះមហន្តរាយ​រញ្ជួយ​ដី​ដ៏​មហិមា​កម្រិត ៧,៧ រ៉ិ​ច​ទ័​រ​កើតឡើង​នៅ​ទីក្រុង Palu នេះ Agung នៅតែ​បន្ត​បំពេញភារកិច្ច​របស់ខ្លួន​នៅលើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ការហោះហើរ ខណៈដែល​មិត្ត​រួមការ​ងារ​ផ្សេងទៀត​រត់​ចាកចេញ​ទៅរក​កន្លែង​សុវត្ថិភាព​អស់​។ 
 
​បើតាមការចុះផ្សាយ​របស់សារព័ត៌មាន សិង្ហបុរី Straits Times នៅពេល​នោះដែរ Agung ព្យាយាម​ជួយ​បញ្ជា​ឧបករណ៍​ក្នុង​ប៉ុស្តិ៍​ត្រួតពិនិត្យ​ការហោះហើរ ព្រោះ​យន្តហោះ​មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Batik កំពុង​រត់ឡើង ខណៈដែល​ផ្លូវរ​ត់របស់​យន្តហោះ​នោះ​ចាប់ផ្តើម​បែក​ប្រេះ​កាន់ដោយសារ​ការរញ្ជួយ​​ដីកាន់តែខ្លាំងនោះ។ 
 
​បន្ទាប់ពី​យន្តហោះ​ហោះ​ឡើង​ផុត​ដោយ​សុវត្ថិភាព ប៉ុស្តិ៍​ត្រួតពិនិត្យ​បាក់បែក​កាន់តែខ្លាំង ហើយ Agung បាន​បង្ខំចិត្ត​លោត​ចុះ​ពី​ជាន់​ទី​បួន​ដើម្បី​គេចខ្លួន ក្រែង​អគារ​ទាំងមូល​បាក់​សង្ក​ត់​។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ ពេល​លោត​មកដល់​ដី Agung បាក់ជើង និង​គ្រាំ​ខាងក្នុង​ធ្ងន់ធ្ងរ​។ 
 
Agung ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរ​ពេល​នៅ​ជិត​នោះដែរ ហើយ​ខាង​មន្ទីរពេទ្យ​បានសម្រេច​បញ្ជូន​បន្តទៅ​កាន់​ពេទ្យ​ធំ​ដែលមាន​សម្ភារ និង​គ្រឿង​បរិក្ខា​សុខាភិបាល​ល្អសម្រាប់សង្គ្រោះ។ ប៉ុន្តែ ជាអកុសល Agung បាន​ស្លាប់បាត់បង់ជីវិត​មុនពេលដែល​ឧទ្ធម្ភាគចក្រ​ចាប់ផ្តើមដឹកជញ្ជូន​ខ្លួន​ទៅកាន់​គោលដៅ​ចុងក្រោយ​។ Agung ស្លាប់​នៅត្រឹមតែ​មួយខែ​ទៀត​ប៉ុណ្ណោះ មុនពេល​ពេលដែល​ខ្លួន​ឈានដល់​អាយុ ២២​ឆ្នាំ​។​
 
​វីរភាព និង​ការលះបង់​របស់ Agung ដើម្បី​ជីវី​តរបស់​អ្នកដំណើរ​លើ​យន្តហោះ​ធ្វើ​ឲ្យ​ប្រជាជន​ឥណ្ឌូណេស៊ី​ចងចាំ​មិន​ភ្លេច​។ ទីភ្នាក់ងារ​អាកាសចរណ៍​ឥណ្ឌូណេស៊ី​បាន​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ Agung និង បានសម្រេច​ដំឡើង​ឋានន្តរស័ក្តិ​ពីរ​ថ្នាក់​ដល់​សព Agung ផងដែរ​។​
 
​អ្នកនាំពាក្យ​ទីភ្នាក់ងារ​អាកាសចរណ៍​ឥណ្ឌូណេស៊ី Yohannes Sirait ដែល​ដឹកនាំ​ក្រុមការងារ​ទៅ​គោរព​វិញ្ញាណក្ខន្ធ Agung បាន​និយាយថា Agung បានផ្តល់​ការយល់ព្រម​ឲ្យ​យន្តហោះ​ហោះ​ឡើង​។ បើសិនជា Agung សម្រេច​ចាកចេញ​មុនពេល​យន្តហោះ​ហោះ​ឡើង​នោះ ជីវិត​មនុស្ស​រាប់រយ​នាក់​ក្នុង​យន្តហោះ​នឹងរង​គ្រោះថ្នាក់​ជាក់​ជាមិនខាន​។​
 
​សូមបញ្ជាក់ថា  គ្រោះមហន្តរាយ​រញ្ជួយ​ដី​កម្រិត ៧,៧ រ៉ិ​ច​ទ័​របា​ន​វាយប្រហារ​លើ​កោះ Sulawesi នៅ​ថ្ងៃ​សុក្រ​រួមជាមួយ​រលក​យក្សស៊ូណាមិ​ផង ហើយ​មកដល់ពេលនេះ​គេ​ទទួល​ព័ត៌មាន​ថា មនុស្ស​យ៉ាងហោចណាស់ ៤០០​នាក់​បាន​ស្លាប់​បាន​បង់ជីវិត ហើយ​ច្រើនជាង ៥០០​នាក់​ផ្សេងទៀត​បាន​រងរបួស​៕
 
 

Tag:
 ឥណ្ឌូណេស៊ី​
  Palu
  រញ្ជួយ​ដី
© រក្សាសិទ្ធិដោយ thmeythmey.com