អន្តរជាតិ
អាមេរិក​ធានា​ជាថ្មី​ឡើងវិញ​ដល់​បារាំង​ថា ខ្លួន​នឹងមិន​កាត់បន្ថយ​ការគាំទ្រ​ប្រតិបត្តិការ​យោធា​នៅ​ម៉ាលី​ទេ​
03, Oct 2018 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​សហរដ្ឋអាមេរិក​បាន​ធានា​ជាថ្មី​ឡើងវិញ​ដល់​ប្រទេស​បារាំង​ថា ខ្លួន​នឹងមិន​កាត់បន្ថយ​ការគាំទ្រ​របស់ខ្លួន​ដល់​ប្រតិបត្តិការ​យោធា​ដែល​ដឹកនាំ​ដោយ​បារាំង ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​សកម្មប្រយុទ្ធ​ក្នុងប្រទេស​ម៉ាលី​ឡើយ​។​

 
​លោក James Mattis រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​នៅក្នុង​ទីក្រុង​ប៉ារីស​ថា សហរដ្ឋអាមេរិក​នឹង​រក្សា​ការគាំទ្រ​ដល់​ការ​ស៊ើប​ការសម្ងាត់ សម្ភារៈ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​បេសកកម្ម​របស់​បារាំង​។​
 
​ក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក​បាន​វាយតម្លៃ​ឡើងវិញ​ទៅលើ​វត្តមាន​យោធា​របស់ខ្លួន​ក្នុង​ទ្វីបអាហ្វ្រិក បន្ទាប់ពី​មានការ​លួច​វាយឆ្មក់​មួយ ដែល​បានសម្លាប់​ទាហាន​អាមេរិក​អស់​ចំនួន​៤​នាក់​និង​ទាហាន​នី​ហ្សេ​ចំនួន​៤​នាក់ ក្នុងប្រទេស​នី​ហ្សេ កាលពី​ឆ្នាំមុន​។​
 
​ប្រទេស​បារាំង ដែលមាន​កងកម្លាំង​ចំនួន​៤៥០០​នាក់​នៅក្នុង​តំបន់​នោះ បាន​លើកឡើងថា ខ្លួន​ស្វាគមន៍​ចំពោះ​ការបន្ត​គាំទ្រ​របស់​អាមេរិក ឬ​ការផ្តល់​ការគាំទ្រ​បន្ថែមទៀត​ក្នុង​ទ្វីបអាហ្វ្រិក ខណៈដែល​ក្រុម​សកម្មប្រយុទ្ធ ដែលមាន​ទំនាក់ទំនង​ជាមួយនឹង​ក្រុម​អាល់​កៃ​ដា និង​ក្រុម​រដ្ឋ​ឥស្លាម បន្ត​ទទួល​ជ័យជម្នះ​ខាង​យោធា​នៅក្នុង​តំបន់​នេះ​។ 
 
​ប្រទេស​បារាំង​បាន​ជួប​ការលំបាក​ក្នុងការ​ធានា​បន្ត​ផ្តល់​ហិរញ្ញវត្ថុ និង​រក្សា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ឲ្យ​នៅ​ប្រតិបត្តិការ​ពេញទំហឹង​ដដែល​៕​

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com